សង្គមស៊ីវិលក្នុងស្រុក និងមន្ត្រីគណបក្សប្រឆាំងគាំទ្រឲ្យការិយាល័យស៊ើបការសហព័ន្ធរបស់សហរដ្ឋអាមេរិក (FBI) បន្តកិច្ចការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះពីការគប់គ្រាប់បែកមុខអតីតរដ្ឋសភា កាលពីឆ្នាំ១៩៩៧។ កាលពីសប្តាហ៍មុនមន្ត្រីសិទ្ធិមនុស្សអន្តរជាតិបានជំរុញពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក ធ្វើញត្តិទៅ FBI បើកការស៊ើបអង្កេតឡើងវិញលើករណីឃាតកម្មគប់គ្រាប់បែកដៃកាលពី ១៩ឆ្នាំមុន។
អគ្គលេខាធិការនៃអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ អះអាងថា គំនិតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ដែលចង់ឲ្យមានការស៊ើបអង្កេតឡើងវិញករណីគប់គ្រាប់បែកមុខរដ្ឋសភា កាលពី១៩៩៧ ជារឿងត្រឹមត្រូវ៖ «ខ្ញុំគិតថា ការលើកឡើងរបស់លោក ប៊្រែដ អាដាម គឺជាការស្វែងរកយុត្តិធម៌ ប៉ុន្តែរឿងនេះ បើទោះបីជាលោក ប៊្រែដ អាដាម មិនបានលើកឡើងក៏ដោយ រឿងបញ្ហារកយុត្តិធម៌ រដ្ឋាភិបាលគួរតែបំពេញកាតព្វកិច្ចស្វែងរកយុត្តិធម៌ ស្វែងរកដំណោះស្រាយជូនពលរដ្ឋ»។
កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ ប៊្រែដ អាដាម បានថ្លែងនៅក្នុងវេទិការសាធារណៈរបស់ពលរដ្ឋខ្មែរ-អាមេរិកាំងមួយ ក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ថា លោកនឹងជួយសរសេរញត្តិឲ្យពលរដ្ឋខ្មែរ-អាមេរិកាំង ដើម្បីស្នើឲ្យភ្នាក់ងារស៊ើបការណ៍សហព័ន្ធអាមេរិក ឬFBI បើកការស៊ើបអង្កេតឡើងវិញករណីគប់គ្រាប់បែកដៃចំនួនបួនគ្រាប់លើបាតុកម្មរបស់គណបក្ស សម រង្ស៊ី កាលពីឆ្នាំ១៩៩៧ មុខអតីតមន្ទីរអគាររដ្ឋសភា៖ «អ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធើ្វ ចាប់ផ្តើមយុទ្ធនាការសរសេរញត្តិទៅ FBI ដើម្បីពិនិត្យឡើងវិញនូវការស៊ើបអង្កេតកាលពីពេលកន្លងមកហើយ ពិនិត្យឡើងវិញរាល់ឯកសារទាំងឡាយពីការស៊ើបអង្កេត ហើយស្នើឲ្យក្រសួងយុត្តិធម៌សម្រេចចោទប្រកាន់អ្នកដែលទទួលខុសត្រូវនៃការវាយប្រហារនៅថ្ងៃនោះ។ ខ្ញុំនឹងធ្វើកិច្ចការនេះដើម្បីជួយអ្នកទាំងអស់គ្នាពីរបៀបនៃការសរសេរញត្តិ ដើម្បីឲ្យសំឡេងរបស់យើងត្រូវបានគេដឹងឮ»។
កាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន សរសេរលិខិតចំហមួយចោទប្រកាន់សកម្មភាពរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថាជាអង្គការវិទ្ធង្សនាអន្តរជាតិប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ លោក សួន ប៊ុនស័ក្តិ អះអាងថា បញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាសកលដែលសហគមន៍អន្តរជាតិមានសិទ្ធិពិនិត្យ និងតាមដាន ហើយជំរុញឲ្យការស្វែងរកយុត្តិធម៌លើករណីរំលោភសិទ្ធិមនុស្សទាំងឡាយ៖ «វាជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិដែលគេចង់លើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់ណានៅក្នុងប្រទេសណាក៏បាន។ អានេះវាជាសេរីភាពក្នុងការបញ្ចេញមតិដើម្បីជំរុញឲ្យអ្នកមានសមត្ថកិច្ចរកយុត្តិធម៌ជូនជនរងគ្រោះ»។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកដៃចំនួនបួនគ្រាប់ត្រូវបានគប់ទៅក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតមន្ទីររដ្ឋសភាប្រឆាំងប្រព័ន្ធតុលាការពុករលួយ៖ «តុលាការជាឧបករណ៍នៃរបបផ្ដាច់ការដើម្បីគាបសង្កត់ធ្វើបាបអ្នកស្នេហាជាតិ អ្នកក្រីក្រ ហើយពេលកាត់ទោសម្តងៗគេកាត់ទោសឲ្យពួកគេឈ្នះជានិច្ច។ ពួកគេ គឺពួកដែលមានអំណាច។ ពួកដែលមានលុយ ពួកដែលមានខ្នងក្រាស ហើយកាត់ទោសអ្នកអាក្រក់ អ្នកខុសទៅជាត្រូវ»។
ឧក្រិដ្ឋកម្មគប់គ្រាប់បែកនៅពេលនោះបានបណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់ ហើយជាង ១០០នាក់ផ្សេងទៀតរបួស។ ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានលោក រ៉ន អាប់នី (Ron Abney) ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ផងដែរ។
គណបក្សប្រឆាំងក៏គាំទ្រឲ្យមានការស៊ើបអង្កេតនេះដែរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ នៅតែទាមទារឲ្យភ្នាក់ងារស៊ើបការណ៍របស់សហរដ្ឋអាមេរិក ស្វែងរកជនដៃដល់ដែលបញ្ជាឲ្យមានការសម្លាប់រង្គាលលើជនស្លូតត្រង់កាលពី ១៩ឆ្នាំមុននោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៖ «រដ្ឋាភិបាលអាមេរិកាំង ជាពិសេស FBI មានកាតព្វកិច្ចត្រូវស្រាវជ្រាវរកការពិតឲ្យឃើញថា តើអ្នកណាជាអ្នកនៅពីក្រោយខ្នងនៃអំពើវិនាសកម្មនេះ មកលើប្រជាពលរដ្ឋស្លូតត្រង់។ ដាច់ខាតត្រូវរកយុត្តិធម៌ឲ្យឃើញ»។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែលមានចំណងជើងថា ឧក្រិដ្ឋជនពីការវាយប្រហារគ្រាប់បែកដៃលើក្រុមបក្សប្រឆាំងកាលពីឆ្នាំ១៩៩៧ នៅមិនទាន់ផ្ដន្ទាទោសបង្ហាញថា នៅថ្ងៃបោកគ្រាប់បែកនោះកងពលង៧០ ដែលជាកងអង្គរ័ក្សរបស់លោក ហ៊ុន សែន ត្រូវបានដាក់ពង្រាយនៅក្បែរកន្លែងកើតហេតុ។
ប៉ូលិសបង្ក្រាបបាតុកម្មនៅពេលនោះមិនត្រឹមការពារមិនឲ្យមានការវាយប្រហារដោយគ្រាប់បែកដៃប៉ុណ្ណោះទេ តែបានអនុញ្ញាតឲ្យមានការបោកគ្រាប់បែកទៅក្រុមបាតុករ ហើយថែមទាំងបានគំរាមថា នឹងបាញ់ទៅលើជនដែលហ៊ានដេញតាមជនដៃដល់នៅពេលនោះទៀត។
របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរទៀតថា មេបញ្ជាការកងអង្គរក្សនៃកងពលង៧០ លោក ហ៊ុយ ពិសិដ្ឋ ជាអ្នកបញ្ជាឲ្យមានការដាក់ពង្រាយកងអង្គរក្សនៅថ្ងៃកើតហេតុ ហើយលោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការរងនៃកងអង្គរក្សពេលនោះបានគំរាមបាញ់សម្លាប់អ្នកកាសែតណាដែលហ៊ានស៊ើបអង្កេតករណីនេះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
