អ្នកឃ្លាំមើល​ថា ជា​អំពើ​អយុត្តិធម៌​ដែល​លើកលែង​ទោស​​ជនឧក្រិដ្ឋ តែ​អនុវត្ត​ទោស​ពេញ​អ្នក​ទោស​មនសិការ

ដោយ ហ៊ុំ ចំរើន
2024.02.28
អ្នកឃ្លាំមើល​ថា ជា​អំពើ​អយុត្តិធម៌​ដែល​លើកលែង​ទោស​​ជនឧក្រិដ្ឋ តែ​អនុវត្ត​ទោស​ពេញ​អ្នក​ទោស​មនសិការ ​អតីតមេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ លោក ទេព ហ៊ុយ ដែលត្រូវ​ចាប់ខ្លួន​ពី​បទ​ប្រើ​ហិង្សា និង​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ ទៅលើ​ក្មេងស្រី​២​នាក់ ដែល​ជា​ឈ្នួល​បម្រើ​ក្នុង​ផ្ទះ។
Photo Courtesy

អ្នកឃ្លាំមើល​សង្គម​ថា ការ​លើកលែងទោស​លើ​ជនឧក្រិដ្ឋ ប៉ុន្តែ​អនុវត្ត​ទោស​ពេញលេញ​លើ​អ្នកទោស​មនសិការ គឺជា​អំពើ​អយុត្តិធម៌​សង្គម។ ពួកគាត់​អះអាង​ថា អំពើ​អយុត្តិធម៌​សង្គម​នេះ​នឹង​អាច​ឈាន​ដល់​ការ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង ប្រសិន​រដ្ឋាភិបាល​មិន​កែ​លម្អ​បញ្ហា​នេះ។

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​សង្គម​នេះ ក្រោយ​មានការ​លើកលែងទោស​ជា​បន្តបន្ទាប់​ទៅលើ​បុគ្គល​ដែល​ជា​អ្នកមាន​លុយ មាន​អំណាច​ដូចជា​លើ​ករណី លោក ទេព ហ៊ុយ និង​អ្នកស្រី ខូវ ច័ន្ទដា ជាដើម ខណៈ​ដែល​អ្នកទោស​មនសិការ​ដទៃទៀត​នៅ​បន្ត​ជាប់​ឃុំឃាំង។

បើ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​បាន​លើកលែងទោស​ដល់ លោក ទេព ហ៊ុយ ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​បុគ្គល​រូប​នេះ​ជាប់ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ។ លោក ទេព ហ៊ុយ គឺជា​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ក្មេងស្រី​២​នាក់​ជា​អ្នកបម្រើ ឱ្យ​សំពះ​សព​ឆ្កែ​ខ្លួន​ដែល​ងាប់​ដោយ​ចោទ​ថា ក្មេង​ទាំងពីរ​នោះ​ធ្វើ​ឱ្យ​ងាប់ និង​បង្ខំ​ឱ្យ​ក្មេងស្រី​ជា​អ្នកបម្រើ​នោះ​ស៊ី​អាចម៍ឆ្កែ​ទៀត​ផង។ ដោយឡែក ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣ លើកលែងទោស​ឱ្យ​អ្នកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ២០​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ឆ្នាំ​២០១២ ពាក់ព័ន្ធ​នឹង​គម្រោង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាល​ពី​ឆ្នាំ​២០១០​នោះ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការ​លើកលែង​ទោស​ទៅលើ​ជនឧក្រិដ្ឋ និង​ដាក់ទោស​ធ្ងន់ធ្ងរ​ទៅលើ​អ្នក​ធ្វើ​ការងារ​សង្គម​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។ លោក វ៉ន ចាន់ឡូត ថា​ករណី​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ លោក ទេព ហ៊ុយ គឺជា​ឧទាហរណ៍​ជាក់ស្ដែង​ថា រដ្ឋាភិបាល​កម្ពុជា​អាច​លើកលែងទោស​ទៅលើ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​ហិង្សា​ទៅលើ​កុមារ ខណៈ​ដែល​ពិភពលោក​ចាត់ទុក​ថា អំពើ​នេះ​ជា​រឿង​ដែល​មិនអាច​ទទួល​យក​បាន។

លោក វ៉ន ចាន់ឡូត៖ «គឺ​ប្រព័ន្ធ​តុលាការ​របស់​យើង លែង​ជាទី​ពឹង​សម្រាប់​ជន​ស្លូតត្រង់ លែង​ជាទី​ពឹង​សម្រាប់​ជនរងគ្រោះ​បាន ហើយ​វា​ក្លាយជា​មធ្យោបាយ​មួយ ដែល​អ្នក​មាន​អំណាច​អ្នក​មាន​ទ្រព្យធន​នោះ​ប្រើប្រាស់​ជា​ប្រយោជន៍​របស់​ខ្លួន ដើម្បី​ខ្លួន​អាច​មាន​ឱកាស​ក្នុង​ការ​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​បន្ថែម​ទៀត​បាន»

កន្លង​មក​ក្រុម​គ្រួសារ​អ្នកទោស​មនសិការ អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​តែង​ស្នើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​មាន​ការ​ដោះលែង និង​បន្ធូរ​បន្ថយទោស ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​យកចិត្ត​ទុក និង​ឆ្លើយតប​វិញ​នោះ​ទេ​។ គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​កុម្ភៈ នេះ​មាន​អ្នកទោស​មនសិការ​ជិត​៥០ (៤៧) នាក់​នៅ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅឡើយ។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ​ពី​អ្នកនាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ឡើងវិញ​ចំពោះ​ការ​លើកលែងទោស​ទៅលើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ។ លោក យង់ គិមអេង បន្ថែម​ថា អំពើ​អយុត្តិធម៌ និង​ការ​បែកបាក់​សង្គម​នឹង​បន្ត​កើតមាន​ប្រសិនបើ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​លំអៀង​ទៅលើ​ក្រុម​ឧក្រិដ្ឋជន និង​អនុវត្ត​ទោស​ហួសហេតុ​ទៅលើ​អ្នក​ធ្វើ​ការងារ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។