តុលាការ​ក្រុង​ភ្នំពេញ​នឹង​បន្ត​ជំនុំជម្រះ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​របស់​មន្ត្រី​បក្ស​ប្រឆាំង ក្រោម​​​ការ​​រឹត​បន្តឹង​សន្តិសុខ និង​​​សិទ្ធិ​សេរីភាព​ពលរដ្ឋ

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​បើកសវនាការ​ជំនុំ​ជម្រះ​ក្ដី​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់ នៅ​ថ្ងៃ​ទី២៨ មករា​នេះ ក្រោម​បរិយាកាស​រឹត​បន្តឹង​សន្តិសុខ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ មេធាវី​ការពារ​ក្ដី និង​មន្ត្រី សង្គម​ស៊ីវិល​លើក​ឡើង​ថា តុលាការ​ព្យាយាម​លើក​យក​ការ​បង្ហោះ​ហ្វេសប៊ុក ឈ្មោះ​ហ្វេសប៊ុក និង​សារ​ឆ្លើយ​តាម​បណ្ដាញ​សង្គម​របស់​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​ជា​ដើមចម​នៃ​ការ​ចោទ​ប្រកាន់​លើ​កម្ម​ជន​បក្ស​ប្រឆាំង​ទាំង​នោះ។

សវ​ន​ការ​លើក​ទី៣ នេះ តុលាការ​បន្ត​សួរ​ដេញដោល​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤នាក់​ក្នុង​នោះ​រួម​មាន លោក ហេង ច័ន្ទសុទ្ធី លោក ជា យ៉ាម៉ន និង​យុវជន ព្រំ រ័ត្ន។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត កញ្ញា ណី ល័ក្ខ នៅ​ខេត្ត​បាត់ដំបង កញ្ញា​មិន​បាន​ចូល​បំភ្លឺ​ក្នុង​តុលាការ​ទេ ព្រោះ​បញ្ហា​សុខភាព និង​ខ្វះ​ថវិកា​ធ្វើ​ដំណើរ​មក​តុលាការ។ ពេល​សួរ​ដេញដោល​លោក ជា យ៉ាម៉ន សុំ​សិទ្ធិ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ​ដោយ​ផ្ដល់​សិទ្ធិ​ជូន​មេធាវី​ការពារ​ក្ដី​ជា​អ្នក​បំភ្លឺ។ ចំណែក​យុវជន ព្រំ រ័ត្ន ដំបូង​ឡើយ លោក​សុំ​សិទ្ធិ​មិន​និយាយ​ដែរ ប៉ុន្តែ​ក្រោយមក​លោក​យល់​ព្រម​ឆ្លើយ​ខ្លះៗ វិញ​នូវ​សំនួរ​ណា​ដែល​លោក​អាច​ឆ្លើយ​បាន។


មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡោ ជុនធី ឱ្យ​ដឹង​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​ព្យាយាម​លើក​យក​ការ​ប្រើប្រាស់​ហ្វេសប៊ុក​មក​ដាក់​បន្ទុក​កូនក្ដី​របស់​លោក។ លោក​លើក​ឡើង​ថា តុលាការ​បាន​លើក​យក​ឈ្មោះ​ហ្វេសប៊ុក​កូនក្ដី​របស់​លោក​ម្នាក់​គឺ លោក ហេង ច័ន្ទសុទ្ធី ដែល​បង្ហោះ​សារ​បន្ត​ពី​គេ ដែល​និយាយ​ថា រំដោះ​ប្រទេស​ពី​ជន​ផ្ដាច់ការ។ លោក​ថា ការ​ប្រើ​ពាក្យពេចន៍​ខ្លះ គឺ​មក​ពី​កូនក្ដី​លោក​យល់​មិន​ដល់​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ដូច​តុលា​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​មេធាវី​ព្រួយ​បារម្ភ​ថា បើ​តុលាការ​នៅ​តែ​យក​ពាក្យពេចន៍​មួយៗ ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​មក​ចោទ​ប្រកាន់​បែប​នេះ នោះ​នឹង​ធ្វើ​ឱ្យ​កូន​ក្ដី​លោក​រង​គ្រោះ។ លោក​មេធាវី​ចង់​ឃើញ​តុលាការ​លើក​យក​ធាតុផ្សំ ដែល​កើត​ជា​បទ​ល្មើស​មក​សួរ​ដេញដោល​ជា​ជាង​ការ​ច្បិច​យក​ពាក្យ​មួយៗ ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​មក​ចោទ​ប្រកាន់៖ « ខ្ញុំ​យល់​ពិបាក​ដែរ​ត្រង់​កន្លែង​វែកញែក​ថា ញុះញង់ និង​បំផុស​បំផុល​ណា ទាល់តែ​យើង​មាន​ធាតុផ្សំ​ណា​មួយ ដែល​អាច​ធ្វើ​ទៅ​កើត​ណា​ដូច​ឧទាហរណ៍​ម្នាក់​គាត់​សាមញ្ញ​គាត់​បម្រុង​អីៗ អ៊ីចឹង​ណា​ហើយ​សួរ​មាន​អ្នក​ទៅ​ស្ដាប់​គាត់ ? នៅ​សហរដ្ឋ​អាមេរិក​រាល់ថ្ងៃ​គេ​ខឹង​ត្រាំ (Trum) ដោយសារ​អី ? ត្រាំ​គាត់​ប្រធានាធិបតី​ណា»


សវនាការ​លើ​សំណុំ​រឿង​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មួយ​នេះ មាន​ជន​ជាប់​ចោទ​ទាំង​អស់ ៦០នាក់។ ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដូចជា​លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ដោយ​អ្នក​ខ្លះ​នៅ​ក្នុងស្រុក និង​ខ្លះ​ទៀត​នៅ​ក្រៅ​ប្រទេស។
នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី ចក់ សុភាព ដែល​ឃ្លាំមើល​សវនាការ​នេះ​សរសេរ​លើ​ហ្វេសប៊ុក​ថា ការ​ដេញដោល​របស់​តុលាការ​លើក​នេះ ក៏​ដូច​ជា​សវនាការ​កាលពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២១ នោះ​ដែរ គឺ​ធ្វើ​ឱ្យ​មាន​ចំណោទ​លើ​ការប្រើប្រាស់​បណ្ដាញ​សង្គម​និង​ការ​បញ្ចេញ​ទស្សន​យោបល់​របស់​ពលរដ្ឋ។ អ្នកស្រី​ថា តុលាការ​ហាក់​មានការ​ព្យាយាម​ពន្លា​អត្ថន័យ​នៃ​ទស្សនៈ​យោបល់​របស់​ពលរដ្ឋ​នោះ​ជា​ចេតនា​ទុច្ចរិត ឬ​ការ​ញុះញង់​បះបោរ​ជាដើម។

អ្នក​ឃ្លាំមើល​សវនាការ​ម្នាក់​ទៀត គឺ​អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែន​ករុណា ថ្លែង​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សួ​រទាំង​សំនួរ​ដោះ​បន្ទុក និង​សំណួរ​ដាក់​បន្ទុក ហើយ​ផ្ដល់​សិទ្ធិ និង​ឱកាស​ដល់​អ្នក​ពាក់ព័ន្ធ​បាន​ល្អ​គួរសម។ ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា តុលាការ​ហាក់​មិន​មាន​ភស្តុតាង​អ្វី​ក្រៅពី​ការ​បង្ហោះ​សារ និង​សារ​ឆ្លើយឆ្លង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ឡើយ៖ «មិនមែន​ជា​យល់​របស់​ខ្ញុំ​ទេ គឺ​ទាំង​ការ​លើកឡើង​របស់​សង្គម​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស និង​ខាង​អង្គការ​អន្តរជាតិ​រីក​៏​សហប្រជាជាតិ​គេ​ចាត់​ទុក​ថា ក្នុង​សំណុំរឿង​ទាំង​អស់​ហ្នឹង ដែល​ទាក់ទង​នឹង​វិវាទ​នយោបាយ​ពី​ស្ថានភាព​នយោបាយ​ធ្លាក់​ចុះ​អញ្ចឹង​ចំណាត់​ការ​ផ្លូវច្បាប់​ក្នុង​រឿង​នយោបាយ​យើង​យល់​ថា ពិបាក​រក​ដំណោះ​ស្រាយ និង​ភាព​យុត្តិធម៌»

ម​ន្រ្តី​សិទ្ធិមនុស្ស​ដដែល​សង្កេតឃើញ​ទៀត​ថា សវ​ន​ការ​នេះ​ក៏​មាន​ការ​ឃ្លាំមើល​ពី​តំណាង​ទូត​ប្រទេស​សេរី​រួម​មាន អាមេរិក​បារាំង អាល្លឺម៉ង់ និង​តំណាង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ផង​ដែរ។

ស្រប​ពេល​តុលាការ​កំពុង​បើក​សវនាការ​នេះ នៅ​ក្រៅ​របង​តុលាការ​វិញ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន​កន្លែង។ អាជ្ញាធរ​បន្ត​ហាមឃាត់​ការ​ឈរ ឬ​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ​នៅ​បរិវេណ​ក្បែរ​តុលាការ​សូម្បីតែ​អ្នក​សារ​ព័ត៌មាន​ឈរ​សម្ភាសន៍​អ្នក​ពាក់ព័ន្ធ​ក្រោយ​បញ្ចប់​សវនាការ ក៏​អាជ្ញាធរ​បណ្ដេញ​ចេញ​ដែរ។ ទន្ទឹម​នឹង​នេះ អ្នក​ទៅ​ឃ្លាំមើល​សវនាការ​មួយ​ចំនួន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​តាមដាន និង​ប៉ុនប៉ង​ប្រើ​ហិង្សា​លើ​ពួកគេ​ទៀត​ផង។

ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៨ មករា តុលាការ​បាន​សម្រេច​កំណត់​យក ថ្ងៃ​ទី១៨ ខែកុម្ភៈ​ខាង​មុខ ដើម្បី​បន្ត​សវនាការ​សំណុំរឿង​នេះ​ទៀត។ លោក​មេធាវី ឡោ ជុនធី ឱ្យ​ដឹង​ថា តាម​គម្រោង​តុលាការ​គ្រោង​បញ្ចប់​ការ​សួរដេញដោល​រឿង​នេះ​នៅ​ខែ​មេសា​ខាងមុខ។ លោក​មេធាវី​ប្រាប់​ថា ពួក​លោក​ជួប​បញ្ហា​ខ្វះ​ឯកសារ ដោយសារ​សំណុំ​រឿង​នេះ​មាន​កូន​ក្ដី​ច្រើន ពេល​វេលា​ខ្លី ហើយ​មេធាវី​ក៏​មាន​ចំនួន​តិច​ផង​ដែរ។

រីឯ​អ្នកស្រី ចក់ សុភាព វិញ អ្នកស្រី​ក៏​លើកឡើង​ដែរ​ថា ចំណុច​នេះ​អាច​បង្ហាញ​ពី​ផលវិបាក​មួយ​ចំនួន​នៃ​ការ​ត្រៀម​ការ​ការពារ និង​ពិនិត្យ​សំណុំ​រឿង ដើម្បី​ផល​ប្រយោជន៍​ជន​ជាប់​ចោទ ដោយសារ​តែ​ទំហំ​នៃ​ការ​កោះហៅ និង​ចោទ​ប្រកាន់​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ។ អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណាស្មីត (Rhona Smith) និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដទៃ​ទៀត​បាន​លើក​ឡើង​ថា ការ​កោះហៅ​មនុស្ស​ច្រើន​បែប​នេះ​នឹង​ធ្វើ​ឱ្យ​យុត្តិធម៌​ជន​ត្រូវ​ចោទ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។