តុលាការក្រុងភ្នំពេញគ្រោងប្រកាសសាលក្រមសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៦ ខែមិថុនាខាងមុខនេះ បន្ទាប់ពីបានបិទបញ្ចប់សវនាការជំនុំជម្រះកាលពីម្សិលមិញ។ មន្ត្រីសិទ្ធិមនុស្សថ្លែងថា សកម្មជនរូបនេះ នឹងអាចរួចខ្លួនពីបទចោទប្រកាន់ ប្រសិនបើតុលាការកាត់ក្តីរឿងនេះដោយយុត្តិធម៌។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា រំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់កូនក្តីរបស់លោក ដោយលើកលែងបទចោទប្រកាន់ និងដោះលែងកូនក្តីរបស់លោកឱ្យមានសេរីភាពវិញ។ លោកអះអាងថា លោក រ៉ាត់ រត្នមុនី មានតួនាទីត្រឹមតែជាអ្នកបកប្រែ និងជួយសម្របសម្រួលការថតវីដេអូឯកសារឱ្យសារព័ត៌មាន Russia Today (RT) ប៉ុណ្ណោះ មិនមែនជាអ្នកសម្រេចចិត្តក្នុងការចេញផ្សាយភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" នោះឡើយ។ ម្យ៉ាងវិញទៀត កូនក្ដីរបស់លោកមានលិខិតបញ្ជាក់ពីតួនាទី និងការងាររបស់ខ្លួននៅក្នុងដំណើរការផលិតភាពយន្តឯកសារនេះ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ៖ «គាត់គ្រាន់តែជាអ្នកបកប្រែ ហើយគាត់មិនបានមានចេតនាណាជាក់លាក់ក្នុងការប្រព្រឹត្តហ្នឹង ដើម្បីផលប្រយោជន៍នោះទេ ហើយបើយើងនិយាយផលប្រយោជន៍ គឺអត់មានតែម្តង។ គាត់គ្មានផលប្រយោជន៍ណាមួយដើម្បីធ្វើអំពើអ៊ីចឹងនោះទេ»។
សវនាការជំនុំជម្រះនៅថ្ងៃទី១២ មិថុនា បានដំណើរការអស់រយៈពេលជាង៣ ម៉ោង និងមានការចូលរួមពីដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៥ នាក់។ ក្នុងចំណោមដើមបណ្ដឹងរដ្ឋប្បវេណីទាំង ៥នាក់នោះ មាន៤ នាក់ គឺជាតួអង្គម្ដាយ និងកូននៅក្នុងភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ខណៈម្នាក់ទៀត គឺជានាយកវិទ្យាល័យឥន្ទ្រទេវី។ តំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ក៏បានចូលរួមក្នុងសវនាការនេះដែរ ដើម្បីបញ្ជាក់អំពីរបាយការណ៍សំយោគរបស់ខ្លួនដែលបានជូនតុលាការ។
ទោះជាយ៉ាងណា តុលាការមិនបានកោះហៅតំណាងសារព័ត៌មាន RT ដែលជាម្ចាស់ស្នាដៃភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យចូលឆ្លើយបំភ្លឺរឿងនេះឡើយ។ ចំណែក តួអង្គម្នាក់ទៀតឈ្មោះ អ៊ុន ស្រីពេជ្រ ដែលជាសាក្សីដ៏សំខាន់ក្នុងការជួយដោះបន្ទុក លោក រ៉ាត់ រត្នមុនី នោះ ក៏អវត្តមានក្នុងអង្គសវនាការនេះដែរ ដោយសារសមត្ថកិច្ចមិនអាចស្វែងរកទីតាំងស្នាក់នៅរបស់នាងបាន។
មេធាវី សំ ទិត្យសីហា សោកស្ពាយដែលតួអង្គដ៏សំខាន់ម្នាក់នេះ មិនបានចូលរួមផ្ដល់ព័ត៌មានពិតក្នុងដំណើរការនីតិវិធីរឿងក្តីនេះបាន៖ «គាត់ជាតួអង្គមួយដែលបញ្ជាក់ថា ករណីហ្នឹងជារឿងពិត ហើយរហូតមកដល់ពេលនេះ យើងមានការសោកស្ដាយមែនទែន ដែលគាត់អត់បានចូលរួមក្នុងសវនាការ ព្រោះគាត់ជាតួអង្គ និងជាសាក្សីមួយសំខាន់មែនទែន ក្នុងការបញ្ជាក់ថា កូនក្ដីរបស់ខ្ញុំហ្នឹង គឺអត់មានកំហុសទេ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការចោទប្រកាន់ពីបទ "ញុះញង់ឱ្យមានការរើសអើង" បន្ទាប់ពីលោកបានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
អាជ្ញាធររបបក្រុងភ្នំពេញបានអះអាងថា ភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលបង្ហាញពីស្ត្រីខ្មែរវ័យក្មេង ៣នាក់ ត្រូវបានលក់ឱ្យបម្រើផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារនោះ ជាវីដេអូបែបប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ អាជ្ញាធរបានចោទលោក រ៉ាត់ រត្នមុនី ថា បានឱ្យលុយតួអង្គក្នុងសាច់រឿង ដើម្បីឱ្យពួកគេនិយាយកុហកពីដំណើររឿងរបស់ខ្លួន។
ក៏ប៉ុន្តែ តួអង្គម្នាក់ក្នុងចំណោម ៣នាក់ នោះគឺ កញ្ញា អ៊ុន ស្រីពេជ្រ ធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា នាងមិនដែលទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ សុទ្ធសឹងតែរឿងពិតរបស់នាង៖ «នេះជារឿងការពិតរបស់ខ្ញុំ។ ខ្ញុំលាក់ទុកក្នុងចិត្តជាយូរមកហើយ។ ខ្ញុំចង់បញ្ចេញឱ្យធូរក្នុងអារម្មណ៍របស់ខ្ញុំ។ ហើយលោកគ្រូខ្ញុំក៏គាត់អត់មានត្រូវខុសអីដែរ ព្រោះមុននឹងគាត់សម្ភាស គាត់ក៏បាននិយាយដែរថា ហ៊ានតទល់ ឬអត់ ? ខ្ញុំថា ខ្ញុំហ៊ាន ខ្ញុំអត់ចេះខ្លាចអីគេផង។ ខ្ញុំចង់ឱ្យអាជ្ញាធរ និងប៉ូលិសដោះលែងលោកគ្រូខ្ញុំវិញទៅ ព្រោះគាត់អត់មានធ្វើរឿងខុសឆ្គង ឬក៏សូកលុយឱ្យគេថតរឿងនិយាយប្រឌិតអ៊ីចឹងទេ។ រឿងនេះជារឿងការពិត»។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែលបានចូលរួមតាមដានសវនាការនេះមើលឃើញថា បទចោទប្រឆាំងនឹងលោក រ៉ាត់ រត្នមុនី មិនទាក់ទងគ្នាទៅនឹងសកម្មភាពការងារជាអ្នកបកប្រែរបស់លោកឡើយ។ លោកជឿជាក់ថា ប្រសិនបើចៅក្រមកាត់ក្ដីរឿងនេះដោយត្រឹមត្រូវមែននោះលោក រ៉ាត់ រត្នមុនី នឹងបានរួចខ្លួនពីបទចោទប្រកាន់ ព្រោះលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ៖ «ឯកសារខាង RT បានដាក់ទៅក្រសួងព័ត៌មានមុននឹងថតហ្នឹង ក៏បានបញ្ជាក់ច្បាស់ហើយថា លោក រត្នមុនី ជាអ្នកសម្របសម្រួល រត់ការឯកសារនៅក្នុងប្រទេសកម្ពុជា និងជាអ្នកបកប្រែតែប៉ុណ្ណោះ។ ដូច្នេះមិនមានអីជាអ្នកពាក់ព័ន្ធក្នុងការផលិតវីដេអូហ្នឹងទេ អ៊ីចឹងខ្ញុំគិតថា រឿងទាំងអស់នេះតុលាការអាចនឹងធ្វើការទម្លាក់បទចោទ ហើយឱ្យលោក រ៉ាត់ រត្នមុនី បានមានសេរីភាពវិញ»។
គិតត្រឹមថ្ងៃទី១២ មិថុនា សកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ៦ខែមកហើយ ហើយការនៅបន្ត ឬរួចផុតពីការឃុំឃាំងយ៉ាងណានោះ គឺអាស្រ័យលើសាលក្រមរបស់តុលាការ ក្នុងរយៈពេល ២សប្ដាហ៍ខាងមុខទៀតនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។