សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកការជំនុំជម្រះសំណុំរឿង ដែលក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ប្តឹងចោទលោក សម រង្ស៊ី ថា ប្រមាថព្រះមហាក្សត្រ នៅពេលខាងមុខនេះ ប៉ុន្តែមិនទាន់កំណត់ពេលជាក់លាក់នោះទេ។
ក្នុងលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ ដែលសមត្ថកិច្ចមួយក្រុមយកទៅបិទនៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ បង្ហាញថា សំណុំរឿងលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រនោះ បានបញ្ជូនទៅចៅក្រមជំនុំជម្រះរួចហើយ ក្រោយបិទបញ្ចប់នីតិវិធីស៊ើបអង្កេត។
មេដឹកនាំរបបក្រុងភ្នំពេញ មានលោក ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានរួមគ្នាចោទប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ថា ប្រមាថព្រះមហាក្សត្រ។ ការចោទនោះ បន្ទាប់ពីលោក សម រង្ស៊ី បានចាត់ទុកព្រះរាជសារ អំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ជាព្រះរាជសារ ក្លែងក្លាយ ឬត្រូវបានរបបលោក ហ៊ុន សែន បង្ខំ ក្នុងគ្រាមានពលរដ្ឋជាច្រើនបដិសេធមិនទៅបោះឆ្នោតដោយសារគណបក្សសង្គ្រោះជាតិ ត្រូវបានរម្លាយ ដោយរបបក្រុងភ្នំពេញ។
ទោះយ៉ាងណាកន្លងមក លោក សម រង្ស៊ី ធ្លាប់លើកឡើងថា គ្មាននរណាមើលងាយព្រះមហាក្សត្រជាង ហ៊ុន សែន ទេ ដែលជេរប្រមាថ និងគំរាម កំហែងព្រះមហាក្សត្រ តាំងពីយូរឆ្នាំមកហើយ ព្រមទាំងយកព្រះមហាក្សត្រ ប្រើជាខែល ដើម្បីបន្តអំណាចផ្ដាច់ការរបស់លោក។ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយរបបរាជនិយមឆ្នាំ២០០៥ និងធ្លាប់ព្រមានកាលពីចុងឆ្នាំ២០១៨ ថា ទោះបីជាម៉ែឪស្តេច ក៏មិនខ្លាចដែរ។
សមាជិកអ្នកវិភាគនយោបាយវ័យក្មេង លោក បុង ដែត យល់ថា សេចក្ដីជូនដំណឹងរបស់តុលាការនេះ គឺជាសារគំរាមកុំឲ្យលោក សម រង្ស៊ី វិល ចូលស្រុក និងព្រមានកុំឲ្យពលរដ្ឋហ៊ានបញ្ចេញមតិ។ ផ្ទុយទៅវិញ លោក បុង ដែត យល់ថា ចំណាត់ការនេះ កាន់តែធ្វើឲ្យបក្សកាន់អំណាច បាត់បង់ប្រជាប្រិយភាព និងជាប់ឈ្មោះអាក្រក់បន្ថែមទៀត ពីរឿងរំលោភច្បាប់ បំផ្លាញលិទ្ធប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
