សមត្ថកិច្ច​រង​ការ​រិះគន់​ពី​គម្រោង​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី ៤៧​នាក់​ដែល​បើក​បន​ល្បែង​ខុស​ច្បាប់

ដោយ វ៉ែន សុមេធ
2019-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាព​ជនជាតិចិន ដែល​ត្រូវ​សមត្ថកិច្ច​បន្ទាយមានជ័យ ចាប់ខ្លួន​ពី​បទ​សង្ស័យ​បើកកន្លែង​លេង​ល្បែងអនឡាញ​ខុសច្បាប់។
រូបភាព​ជនជាតិចិន ដែល​ត្រូវ​សមត្ថកិច្ច​បន្ទាយមានជ័យ ចាប់ខ្លួន​ពី​បទ​សង្ស័យ​បើកកន្លែង​លេង​ល្បែងអនឡាញ​ខុសច្បាប់។
Photo Handout / CAMBODIA POLICE / AFP

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស នៅ​ខេត្ត​បន្ទាយមានជ័យ បាន​រិះគន់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ថា អនុវត្ត​ច្បាប់​ស្តង់ដារ២ លើ​ការ​ឃុំ​ខ្លួន​ជនជាតិ​បរទេស​ដែល​ធ្វើ​ខុសច្បាប់​នៅ​កម្ពុជា។ ការរិះគន់​នេះ បន្ទាប់ពី​មន្ត្រី​សង្គម​ស៊ីវិល​ទទួល​ដំណឹង​ថា ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤៧​នាក់ ដែល​បើក​បន​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ខុស​ច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ជនបរទេស​ដែល​ប្រព្រឹត្តិ​ខុសច្បាប់​នៅ​កម្ពុជា ទៅតាម​ច្បាប់​កំណត់ ដូច​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​ខុសច្បាប់​នៅ​ឯ​ក្រៅ​ប្រទេស​ដែរ។ លោក​អះអាង​ថា ការសម្រួល​ឱ្យ​មានការ​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី ទាំង​៤៧​នាក់​ឱ្យ​មាន​សេរីភាព​ឡើង​

វិញ​នេះ ដោយ​គ្រាន់តែ​ពួកគេ​ទទួលទោស​មិន​ដល់ ២​ខែ​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ហើយ​ធ្វើ​ឱ្យ​ជនបរទេស​ដទៃ​ទៀត​មិន​គោរព​ច្បាប់​កម្ពុជា៖ «ហើយ​ទុក​ឱ្យ​មេ​គេ និង​រដ្ឋមន្ត្រី​គេ​មក​ស្នើសុំ​ទៅ ក៏​ដោះលែង​ពេញ​ទឹក​ពេញ​ដី​ទៅ ដែល​ធ្វើ​ឱ្យ​បាត់បង់​អធិបតេយ្យភាព និង​ធ្វើ​ឱ្យ​បរទេស​មើល​មក​កម្ពុជា​ហាក់​បី​ដូច​មានតែ​ច្បាប់ គ្រាន់តែ​ឱ្យ​មាន​តែ​មានៗ​ទៅ ប៉ុន្តែ​អនុវត្ត​តាម​បបូរមាត់​អ្នកធំ និង​អ្នក​មាន​អំណាច។ ដូច្នេះ​រឿង​នេះ​វា​ប៉ះពាល់​ដល់​ស្មារតី​នៃ​ច្បាប់​និង​គោលនយោបាយ​របស់​ជាតិ​ទាំងមូល»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់ពី​ទទួល​ដំណឹង​ថា អាជ្ញាធរ​កម្ពុជា​នឹង​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤៧​នាក់ ដែល​បាន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ។

ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៨ កុម្ភៈ​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​ទាំង​នោះ មក​ពន្ធនាគារ​ដែល​លោក​គ្រប់គ្រង​ប្រហែល​ជិត​មួយ​ខែ​ហើយ។

លោក​បន្ត​ថា ជនបរទេស​ទាំងនោះ​មាន​ស្រី​ចំនួន ១០​នាក់ និង​ប្រុស​ចំនួន ៣៧​នាក់​ដែល​ពួកគេ​នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ ព្រោះ​ជា​បទល្មើស​ស្រាល៖ «ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ​ប៉ុន្តែ តាម​នីតិវិធី​តុលាការ​បើ​តាម​ដែល​ខ្ញុំ​ដឹង​រឿង​នេះ​ប្រហែលជា​ជាប់​មិន​យូរ​ទេ យើង​មិន​ដឹង​យ៉ាង​មិច​ផង ប៉ុន្តែ​គ្រាន់តែ​ថា សមត្ថកិច្ច​គេ​ចាប់​មក ខ្ញុំ​ចាំតែ​ទទួល​ទេ​កន្លែង​ខ្ញុំ។ ពួកគេ​មិន​បង្ក​ការ​លំបាក​នៅ​ក្នុង​​ពន្ធនាគារ​ទេ គឺ​ស្រួល​គ្រប់គ្រង​ទេ គាត់​មិន​មាន​បង្ក​បញ្ហា​អី​ទេ»

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ថា មាន​ជនជាតិ​ម៉ាឡេស៊ី ៤៧​នាក់ នៅ​ក្រុង​ប៉ោយប៉ែត បាន​ជាប់​ឃុំឃាំង ដោយ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ការ​បើក​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​ខុសច្បាប់​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ កន្លង​ទៅ។ក្រសួង​ការបរទេស​ម៉ាឡេស៊ី បន្ត​ថា នគរបាល​ខេត្ត​បន្ទាយមានជ័យ គ្រាន់តែ​ផ្ដល់​ដំណឹង​អំពី​ការ​ចាប់ខ្លួន​នេះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លង​ទៅ។ ក្រោយ​ការ​ផ្ដល់​ដំណឹង​នេះ ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ជា​ធានី​ភ្នំពេញ បាន​ចុះ​សួរ​សុខទុក្ខ​ជន​ជាប់ឃុំ​ទាំងនោះ ហើយ​ដឹង​ថា ពួកគេ​ភាគច្រើន ត្រូវ​បាន​គេ​ផ្ដល់​ការងារ​ឱ្យ ដែល​មាន​ប្រាក់ខែ​ច្រើន​គួរ​ឱ្យ​ទាក់ទាញ​នៅមុន​ការ​ចាប់ខ្លួន។

មន្ត្រី​ស្ថានទូត​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ពន្ធនាគារ និង​ចៅក្រម​រួចហើយ​ជុំវិញ​បញ្ហា​នេះ​។ រីឯ​កំណត់​ទូត របស់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ ក៏បាន​លើក​យក​បញ្ហា​នេះ​ទៅ​ជម្រាប​ដល់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុ​ជា ដើម្បី​សុំ​ឱ្យ​ដោះលែង​ជន​ជាប់ឃុំ​ទាំងនោះ។

ស្ថានទូត​ម៉ាឡេស៊ី​នៅ​រាជធានី​ភ្នំពេញ​ថា ក្រសួងការបរទេស​កម្ពុជា​បាន​តាមដាន​ករណី​នេះ​យ៉ាង​ជិតដិត និង​ត្រៀម​ផ្ដល់​ជំនួយ​នានា​តាម​ការ​ចាំបាច់។

លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា បទល្មើស​បើក​បន​ល្បែង​ខុសច្បាប់ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​ទាំង​ជនជាតិ​ចិន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ​ជា​ដើម។ លោក​ថា ជាទូទៅ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​មួយ​ចំនួន​តូច​យក​មក​ផ្ដន្ទាទោស ខណៈ​ដែល​រឿង​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ក៏​ត្រូវ​មាន​ទោស​ដែរ ពី​បទ​ឃុបឃិត​ឱ្យ​មាន​ការ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិនទាន់​ឃើញ​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ម្នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល