សមត្ថកិច្ចនគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូននាវិកចំនួន ១៦នាក់ដែលបានសមត្ថកិច្ច ឃាត់ខ្លួននៅលើកប៉ាល់មួយគ្រឿង កាលពីសប្ដាហ៍មុន ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃអង្គារ ទី៣ ខែមីនាថា ការឃាត់ខ្លួននេះត្រូវបានធ្វើឡើង ដោយសារនាវាបរទេសមួយនេះ បានបំពានដែនសមុទ្រកម្ពុជា ហើយនាវានេះក៏មានជាប់ពាក់ព័ន្ធការផ្ទេរទំនិញប្រេង ទៅឲ្យកូរ៉េខាងជើង ល្មើសនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កម្ពុជាបានអនុវត្តគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយសារប្រទេសនេះបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។
សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកឃាត់នោះ ឈ្មោះ MT-COURAGEOUS កាលពីថ្ងៃទី២៧ ខែកុម្ភ: ក្នុងខណៈ:នាវានេះបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា នៅចន្លោះកោះតាង និងកោះប៉ូឡូវ៉ៃ ក្នុងទឹកដីខេត្តព្រះសីហនុ៖ «សមត្ថកិច្ចនគរបាលយើងឃាត់បញ្ជូនទៅអាជ្ញាការអមសាលាដំបូងខេត្តព្រះសីហនុ ហើយលទ្ធផលបន្ទាប់មកទៀតខ្ញុំអត់ដឹងដែរ ដោយសារនេះជាសមត្ថកិច្ចរបស់តុលាការ»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានទេនៅថ្ងៃទី៣ មីនានេះ។
លោក ឆាយ គឹមខឿន ប្រាប់ថា លោកមិនទាន់មានព័ត៌មានលម្អិតអំពីសាវតាររបស់នាវានេះនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា តាមការបំភ្លឺរបស់របស់អ្នកគ្រប់គ្រងកប៉ាល់ ដែលមានសញ្ជាតិកាមេរូន (Cameroon) បញ្ជាក់ថា លោកទទួលបាន បញ្ជាឲ្យចេញពីកំពង់ផែមួយនៃកោះតៃវ៉ាន់ ហើយឲ្យមកចតនៅត្រង់ទីកន្លែងដែលត្រូវបានឃាត់ ដើម្បីរង់ចាំបទបញ្ជាថ្មី។
នាវាដឹកប្រេង COURAGEOUS នេះ ត្រូវបានគេបណ្ដេញចេញពីកំពង់ផែ កៅស៊ុង (Kaohsiung) នៃកោះតៃវ៉ាន់ ដែលជាការរំលោភលើទណ្ឌកម្ម ដែលបានដាក់លើប្រទេសកូរ៉េខាងជើង។ នាវានេះត្រូវបានសង្ស័យថា មានការដឹកជញ្ជូនពីសមុទ្រទៅកប៉ាល់ដឹកប្រេងខុសច្បាប់ទៅឱ្យនាវាដឹកប្រេងកូរ៉េខាងជើង។
មេបញ្ជាការកងទ័ពជើងទឹកនៃអគ្គលេខាធិការ គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ លោក ទៀ វិញ ប្រាប់អាស៊ីសេរីថា លោកមិនមានព័ត៌មាន ករណីកប៉ាល់ COURAGEOUS នោះទេ។ លោកថា កាលពីសប្ដាហ៍មុន សមត្ថកិច្ចដែនទឹករបស់គាត់ បានឃាត់កប៉ាល់មួយគ្រឿង ក្នុងខណៈបោះយុថ្កាក្នុងដែនដីខេត្តកោះកុង ប៉ុន្តែកប៉ាល់នេះត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យធ្វើដំណើរត្រឡប់ទៅគោលដៅរបស់ខ្លួនវិញហើយ កាលពីថ្ងៃទី២ ខែមីនា ដោយសារពួកគេមានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
