សង្គមស៊ីវិលថា ភាគីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈជាងមុនបន្តិច ក្នុងការចង់កែប្រែច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោយពេលមានប្រតិកម្ម ពីក្រុមសង្គមស៊ីវិល។ តែយ៉ាងណា នៅតែមានភាពខ្វែងគំនិតគ្នា ដោយសារអង្គការខ្លះ បញ្ចេញមតិគាំទ្រការលើកឡើងរបស់ភាគីខាងរដ្ឋាភិបាល។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ឱ្យដឹងថា លទ្ធផលជំនួបកិច្ចប្រជុំលើកទី៥ គឺសម្រេចបាន ៤មាត្រាបន្ថែមទៀត (មាត្រា១១ចាស់ មាត្រា២៤ ២៥ និង២៦) ហើយក្រុមសង្គមស៊ីវិល ដែលបានដាក់អនុសាសន៍ បានស្នើជាថ្មីទៀត ឱ្យក្រសួងមហាផ្ទៃ បង្ហាញរយៈពេល និង របៀបវារៈនៃដំណាក់កាលកិច្ចប្រជុំនីមួយៗ។
លោក កន សាវាង្ស បន្តថា ខាងភាគីក្រសួងអះអាងថា ខ្លួនគ្រាន់តែជាអ្នកសម្របសម្រួលទទួលសំណើរបស់អង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ គ្មានសិទ្ធិសម្រេចនោះទេ តែនឹងដាក់សំណើនេះ បន្តទៅកាន់រដ្ឋាភិបាល។ ទោះជាយ៉ាងណា លោកសង្កេតឃើញថា កិច្ចប្រជុំលើកនេះ ភាគីដឹកនាំកិច្ចប្រជុំ ដែលតំណាងក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈខ្លះថា លោកចង់សម្របសម្រួលឱ្យកិច្ចពិភាក្សានេះដំណើរការទៅមុខឱ្យបានលឿន។
លោកបន្ថែមទៀតថា ដំណើរការនេះ នៅតែមានការខ្វែងគំនិតគ្នា រវាងក្រុមអង្គការ ដែលបានដាក់សំណើ និងក្រុមអង្គការ ដែលមានមតិស្របរដ្ឋាភិបាល ឬក្រុមអង្គការមិនបានដាក់សំណើ។ លោកថា ក្រុមអង្គការខ្លះ ដែលមិនបានដាក់សំណើទាំងនោះ តែងតែចេញមុខជំទាស់ នឹងសំណើឱ្យបើកទូលាយនូវសិទ្ធិសេរីភាព ក្នុងមាត្រាទាំងឡាយរបស់ច្បាប់ស្ដីពីអង្គការ សមាគមមិនមែនរដ្ឋាភិបាល៖ «( ខាងក្រសួង ) កត់ចូល ( មតិរបស់សង្គមស៊ីវិល ) ដើម្បីដាក់នៅក្នុងសំណើ។ អានេះ ជាអ្វីដែលគាត់លើកឡើងណា។ ប៉ុន្តែអ្វីដែលយើងមើលឃើញមួយទៀត ឃើញថា សង្គមស៊ីវិល ដែលមិនបានដាក់ស្នើសុំអនុសាសន៍ ឃើញថា នៅតែ ធ្វើវិទ្ធង្សនាសម្រាប់ពួកយើង ក្នុងការជជែក»។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ រងភាពចម្រូងចម្រាស តាំងពីដំណាក់កាលតាក់តែងសេចក្ដីព្រាងមកម្ល៉េះ ពោលគឺតាំងពីជាង១០ឆ្នាំមុន។ នៅឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា ឱ្យអនុម័តច្បាប់នេះ ចេញជាធរមានបាន ព្រោះលោក ខឹងសម្បារ និងចោទអង្គការ សមាគមខ្លះ ថា មាននិន្នាការលំអៀងទៅរកគណបក្សប្រឆាំង។
ក្រោយមក បើទោះច្បាប់នេះចូលជាធរមាន តែក្រុមអង្គការ សមាគម និងសហគមន៍ក្រៅរដ្ឋាភិបាល តែងជំទាស់ ដោយហៅច្បាប់នេះថា ជាច្បាប់រឹតត្បិតសិទ្ធិមនុស្ស មិនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ ក្រុមអង្គការ សមាគម និងសហគមន៍ចំនួន ១០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ ទាមទារឱ្យរដ្ឋាភិបាលនិរាករណ៍ ឬលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះចោល កាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រោយកិច្ចប្រជុំ ៤លើកទៅហើយ ជាមួយក្រសួងមហាផ្ទៃ តែមិនទទួលបានលទ្ធផលជាវិជ្ជមាន ធ្វើឱយក្រុមអង្គការ សមាគមចោទភាគីរដ្ឋាភិបាលថា ខ្វះឆន្ទៈក្នុងការធ្វើសំណើវិសោធនកម្មច្បាប់នេះ។
២ថ្ងៃក្រោយមក នៅថ្ងៃទី១២ កុម្ភៈ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មវិញដោយទាត់ចោលការលើកឡើងរបស់ក្រុមអង្គការសមាគម និងហៅការទាមទារឱ្យលុបចោលច្បាប់នេះ ថាពុំឆ្លុះបញ្ចាំង ការពិត។ មួយសប្ដាហ៍ក្រោយមកទៀត គឺនៅថ្ងៃទី១៩ កុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធ អត់ធ្មត់ ព្យាយាមបន្តធ្វើការពិនិត្យ ពិភាក្សាបន្តទៀត ដើម្បីកែប្រែច្បាប់នេះ។ លោក ស ខេង អះអាងថា រដ្ឋាភិបាលនៅតែមានឆន្ទៈ ក្នុងការវិសោធនកម្មច្បាប់នេះ ឱ្យគ្រប់ភាគីទទួលយកបាន និងស្ថិតក្រោមនីតិរដ្ឋ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថា អង្គការលីកាដូ មិនបញ្ជូនតំណាងទៅចូលរួមកិច្ចប្រជុំកែប្រែច្បាប់នេះឡើយ ដោយសារ ជំហរអង្គការលីកាដូ តាំងពីដើមមក គឺមិនចង់មានច្បាប់អង្គការ សមាគមនេះឡើយ ព្រោះជាការរឹតត្បិតសេរីភាពសង្គមស៊ីវិល៖ «លីកាដូ យើងមើលទៅ វាអត់មានអ្វី ដែលយើងផ្លាស់ប្ដូរទេ ព្រោះកាលពីមុន មុន LANGO ហ្នឹង ក៏យើងមានផ្ដល់ជាអនុសាសន៍ យើងធ្វើជាបទវិភាគ ទាក់ទងនឹងមាត្រាណាខ្លះ ដែលមានបញ្ហានិងការសុំឱ្យមានច្បាប់ហ្នឹង តាំងពីដើមមក ហើយនិងមាត្រាណា ដែលជួបបញ្ហា យើងធ្វើវិភាគមួយតាំងពីដើមមករួចហើយ។ ដល់អ៊ីចឹង ការចេញមកដល់ឥឡូវនេះ វាអត់មានអ្វីប្លែកជាងយើងធ្វើពីមុនមក»។
ចំណែកអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា ថា សមាគមលើកស្ទួយសិទ្ធិមនុស្សមួយនេះ ក៏រក្សាជំហរឱ្យលុបចោល ឬនិរាករណ៍ច្បាប់នេះដែរ។ លោកថា ដោយមូលហេតុថា សមាគមអាដហុក មិនអាចតស៊ូមតិ ជាមួយរដ្ឋាភិបាល និងសភា ឱ្យលុបច្បាប់នេះចោលបាន ទើបសមាគមនេះ ចូលរួមកិច្ចប្រជុំ ដោយរំពឹងថា ច្បាប់នេះនឹងកែប្រែដោយបើកសេរីភាពរបស់សង្គមស៊ីវិលទូលាយជាងនេះ ឱ្យស្របតាមរដ្ឋធម្មនុញ្ញ។
ទោះយ៉ាងណា លោក ស៊ឹង សែនករុណា មើលឃើញថា តំណាងភាគីក្រសួងមហាផ្ទៃ ក៏បង្ហាញឆន្ទៈល្អជាងមុន ក្នុងការជំរុញកិច្ចដំណើរការប្រជុំនេះ ឱ្យរលូនជាងមុនខ្លះដែរ តែតំណាងក្រសួងបានរំលឹកថា កិច្ចប្រជុំនេះ គឺនៅកម្រិតបច្ចេកទេស រាល់មតិក្នុងកិច្ចប្រជុំ នឹងត្រូវបញ្ជូនទៅអន្តរក្រសួង រហូតដល់សភា៖ «ក្រសួង លោកបង្ហាញនូវឆន្ទៈ។ ប៉ុន្តែលោកបង្ហាញហើយថា នីតិវិធីហ្នឹង វាមានភាពស្មុគស្មាញ ដោយមិនមែនត្រឹមតែក្រសួងទេ ព្រោះការជជែកពេលនេះ គឺការជជែកត្រឹមកម្រិតបច្ចេកទេស។ អ៊ីចឹង នៅពេលដែលបញ្ចប់នៅកម្រិតបច្ចេកទេស លោកត្រូវតែធ្វើសេចក្ដីព្រាងបញ្ចប់មួយ ហើយបញ្ជូនទៅអន្តរក្រសួង ដែលពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើការពិនិត្យ។ នៅក្រោយពីហ្នឹង នឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី អ៊ីចឹងទៅ។ អាហ្នឹង តាម Process ( នីតិវិធី ) នៃវិសោធនកម្មច្បាប់ ឬក៏បង្កើតច្បាប់អ្វីជាដើម អ៊ីចឹងណា»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល លោក ប៊ុន ហុន បានទេ នៅថ្ងៃទី១២ មីនា ដោយសារទូរស័ព្ទរោទ៍ គ្មានអ្នកទទួល។
នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកផ្នែកអាស៊ី លោក ប្រ៊ែដ អាដាម (Brad Adam) ធ្លាប់រិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការបញ្ជាឱ្យអនុម័តច្បាប់នេះឡើង គឺដើម្បីបិទមាត់អង្គការ សង្គមស៊ីវិល ដែលហ៊ាននិយាយការពិតនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
