តុលាការគ្រោងបើកសវនាការជម្រះក្តីពលរដ្ឋមួយរូប ដែលរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គម
2020.07.26
ព្រះរាជអាជ្ញារង អមសាលាដំបូងក្រុងភ្នំពេញ លោក សុក កែវបណ្ឌិត បានចេញដីកាកោះហៅ ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីមកជំនុំ ជម្រះពីបទ«បរិហារកេរ្តិ៍ សាធារណៈ» នៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។
សវនាការនេះបានធ្វើឡើងក្រោយពីក្រោយពី លោក សុក ពិសិដ្ឋ ពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីខែមិថុនា ទាមទារឱ្យក្រសួងកសិកម្មជួយទប់ស្កាត់ក្រុមហ៊ុនឯកជន ក្នុងស្រុកមួយដែលបាននាំចូលមាន់រស់ពីខេត្តសុរិន្ទប្រទេសថៃ មកលក់ក្នុងប្រទេសកម្ពុជា។
លោក សុក ពិសិដ្ឋ បាននិយាយនៅក្នុងវីដេអូ មានរយៈពេល ៣៤ នាទី ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់លោក បានរិះគន់ថា ការនាំចូលមាន់រស់ពីប្រទេសថៃ ចូលមកកម្ពុជា បានធ្វើឱ្យតម្លៃមាន់ចុះថោក ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជនអ្នករកស៊ីចិញ្ចឹមមាន់នៅក្នុងស្រុក។
ប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ ក្រុងភ្នំពេញ លោក សុខ ពិសិដ្ឋ ប្រាប់អាស៊ីសេរីថា លោកនឹងទៅចូលរួមនៅក្នុងសវនាការថ្ងៃទី២៨ កក្កដា ខាងមុខ នេះដោយសារលោក គិតថា លោកមិនបានធ្វើអ្វីខុសច្បាប់នោះទេ៖ «ខ្ញុំចូលរួមហ្នឹងពីព្រោះអីដីកាកោះហ្នឹងឱ្យខ្ញុំចូលជាកំហិតបង។ អ៊ីចឹងបើខ្ញុំអត់ចូលរួមទេ អាចនាំឱ្យមានការចាប់ខ្លួន! បង»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរតែពិនិត្យខ្លឹមសារដែលលោក សុខ ពិសិដ្ឋ បានបង្ហោះនៅតាមបណ្តាញសង្គម។ លោកនិយាយថា ករណីនេះ ប្រសិនបើមើលទៅវាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសារខ្លឹមសារដែលបានរៀបរាប់គ្រាន់តែជាការបញ្ចេញមតិ ច្រើនជាងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
លោកបន្តនិយាយថា ករណីនេះ អាជ្ញាធរសាធារណៈគួរតែបើចិត្តឱ្យទូលាយទទួលយកការរិះគន់ ពីព្រោះ ការរិះគន់ខ្លះវាមិនប្រាកដថា ខុសទាំងអស់ទេ៖ «បើសិនជាការរិះគន់ហើយត្រូវបានធ្វើការចោទប្រកាន់ ហើយនឹងការផ្ដន្ទាទោសអាហ្នឹងវាធ្វើឱ្យ អាចវានឹងមានការភ័យខ្លាចហើយមិនហ៊ានចូលរួមក្នុងការផ្តល់ជាមតិ ឬក៏គំនិតដើម្បីធ្វើការរិះគន់»។
លោក អំ សំអាត ទាមទារឱ្យតុលាការគួរតែពិនិត្យ និងពិចារណាឱ្យបានដិតដល់មុននឹងសម្រេចក្នុងការចោទប្រកាន់លើជនជនរងគ្រោះ៕