គណៈកម្មការជាតិសម្រេចបញ្ជូនឈ្មោះទណ្ឌិត ៧៧នាក់ (ស្រី ៩នាក់) បញ្ជូនទៅមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចស្នើសុំព្រះមហាក្សត្រផ្ដល់ការអនុគ្រោះទោស ក្នុងពិធីបុណ្យពិសាខបូជា ក្រោយធ្វើការពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសរុប ២៥២នាក់ (ស្រី ១៦នាក់) រួចមក។ អាស៊ីសេរីនៅមិនទាន់មានព័ត៌មានថា តើក្រុមទណ្ឌិតទាំងនោះ រួមមានបញ្ជូនមន្ត្រីគណបក្សប្រឆាំង ឬទេ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅសប្តាហ៍មុនបានស្នើឱ្យរបបក្រុងភ្នំពេញដោះលែង លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ និងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោកទាំងស្រុងជាបន្ទាន់។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព អំពីរឿងនេះបានទេនៅថ្ងៃទី១១ ឧសភា ដោយហៅទូរស័ព្ទចូលតែស្ដាប់គ្នាមិនបាន។
មន្ត្រីក្រសួងយុត្តិធម៌ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ក្នុងចំណោមទណ្ឌិត ៧៧នាក់ (ស្រី ៩នាក់) ដែលស្នើសុំនោះ មាន ទណ្ឌិតស្នើបន្ថយទោស ៦ខែ ចំនួន ៣៧នាក់ (ស្រី ៣នាក់) ស្នើសុំបន្ថយទោស ៩ខែ ចំនួន ១៤នាក់ (ស្រី ១នាក់) ស្នើបន្ថយទោស ១២ខែ ចំនួន ២២នាក់ (ស្រី ៤នាក់) និងស្នើសុំលើកលែងទោស ចំនួន ៤នាក់ (ស្រី ១នាក់)។
របបក្រុងភ្នំពេញធ្វើសំណើថ្វាយព្រះមហាក្សត្រដើម្បីសុំលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស មាន ៣ដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាខបូជា និងព្រះរាជពិធីបុណ្យអុំទូក។
ក្នុងឆ្នាំ២០១៩ នេះ មានទណ្ឌិត ៤២នាក់ទទួលបានការបន្ធូរបន្ថយទោស និង ៨នាក់ទទួលបានការលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។