លោក ជូង ជូងី មេធាវី មិនដែលឈ្នះក្ដីពេលការពារក្ដីឱ្យអ្នកនយោបាយ និងសកម្មជនសង្គម នៅតែប្រកាន់ជំហរការពារយុត្តិធម៌សង្គម និងជួយអ្នករងភាពអយុត្តិធម៌បន្តទៀត បើទោះបីជាលោក សម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀនយ៉ាងណាក្ដី។
លោករំពឹងថា ការធ្វើនយោបាយរបស់លោកនឹងជាឱកាសឱ្យលោកបានចូលរួមកែលម្អវិស័យយុត្តិធម៌បានទូលាយជាងអាជីពជាមេធាវី។
ការលើកឡើងរបស់លោក ជូង ជូងី នៅពេលនេះបន្ទាប់ពីលោកបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត និងថវិកាផ្ទាល់ខ្លួន អស់ជាច្រើនឆ្នាំក្នុងការចូលរួមធានាយុត្តិធម៌សង្គម និងជួយអ្នករងអយុត្តធម៌ក្នុងអាជីពជាមេធាវីកន្លងមកនេះ បានធ្វើឱ្យលោកខកចិត្ត។
ការមិនសមបំណងនៅក្នុងអាជីពជាមេធាវី ឬការមិនអាចឱ្យលោកឈ្នះក្ដីក្នុងសំណុំរឿងការពារអ្នកនយោបាយ និងសកម្មជនសង្គមគឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុមួយចំនួន ដែលលោក ជូង ជូងី យកមកអះអាងក្នុងការដើរចូលឆាកនយោបាយជាមួយគណបក្សភ្លើងទៀន។
លោក ជូង ជូងី ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ជាអ្នកច្បាប់ម្នាក់លោកតែងដឹងច្បាស់ថារឿងក្ដីដែលលោកកាន់តែងមានភាគរយច្រើននឹងឈ្នះក្ដី ប្រសិនបើតុលាការ ឬប្រព័ន្ធតុលាការកម្ពុជាអាចធានាផ្ដល់យុត្តិធម៌ពិតប្រាកដដល់ពលរដ្ឋឱ្យបានស្នើៗភាពគ្នា និងពុំមានការរើសអើង៖
«ប៉ុន្តែជាញឹកញាប់ យើងខកចិត្តនៅពេលដែលសេចក្ដីសម្រេចរបស់តុលាការសម្រេចមកធ្វើឱ្យយើងពិបាកទទួលយក។ ប៉ុន្តែយើងអត់មានជម្រើស យើងត្រូវតែទទួលយក ត្រូវតែប្រឈមតទៅទៀត ដោយមានការលើកទឹកចិត្តពីកូនក្ដីរបស់យើង និងការលើកទឹកចិត្តទីប្រជាពលរដ្ឋទូទៅ»។
ជាមួយគ្នានេះ លោក ជូង ជូងី មើលឃើញថា ប្រព័ន្ធដែលធានាយុត្តិធម៌ដល់ពលរដ្ឋនៅមានចំណុចខ្វះខាតច្រើន ដែលចាំបាច់ត្រូវមានការផ្លាស់ប្ដូរឱ្យបានល្អជាងនេះ។ លោកគិតថា មានតែធ្វើជាអ្នកនយោបាយទេទើបអាចចូលរួមជួយវិស័យយុត្តិធម៌បានទូលំទូលាយជាងមុន។ លោកជឿថាអ្នកនយោបាយ ពិសេសតំណាងរាស្ត្រលោកនឹងជួយឱ្យការបង្កើតច្បាប់ និងអនុវត្តច្បាប់បានឆ្លើយតបនឹងតម្រូវការពលរដ្ឋបានកាន់តែច្រើន៖
«មេធាវីមិនអាចចុះទៅជួបកូនក្ដីបានទូលាយទេ មានការរឹតត្បិតក្នុងវិជ្ជាជីវៈហ្នឹង ប៉ុន្តែអ្នកនយោបាយវិញគឺជួបទូលាយតែម្ដង»។
នៅមុនពេលសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន លោក ជូង ជូងី បានឆ្លងកាត់ការលំបាកជាច្រើនក្នុងនាមជាមេធាវីជួយការពារ អ្នកនយោបាយប្រឆាំង សកម្មជនសង្គម សកម្មជនដីធ្លី ជនរងគ្រោះ និងអ្នកក្រីក្រ ក្នុងនោះរួមមានទាំង ការប្រឈមនឹងសុវត្ថិភាពផ្ទាល់ខ្លួន មិនមានចំណូលដូចមេធាវីដទៃ និងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីជួយការពារក្ដីថែមទៀត។
ក្នុងដំណាក់កាលដែលស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី ដែលជាមេធាវីដ៏មានថ្វីមាត់តតាំងក្ដីក្នុងសវនាការ ឬការតតាំងក្ដីជាមួយអ្នកមានអំណាច និងមានឥទ្ធិពល បានបង្ខំចិត្តរឹតត្បិតសេរីភាពខ្លួនឯងដែរ នោះមិនមែនដោយសារតែ លោកបាត់បង់ភាពក្លាហាន ឬភ័យខ្លាចចំពោះការធ្វើទុក្ខបុកម្នេញឡើយ តែលោកមើលឃើញថា អ្នកនយោបាយបក្សប្រឆាំង និងអ្នកសកម្មធ្វើការងារសង្គមត្រូវការលោក ឱ្យជួយតតាំងការពារក្ដីឱ្យពួកគេ។ លោកថា ភាពក្លាហានរបស់លោកមិនផ្លាស់ប្ដូរទេរហូតមកដល់ពេលនេះ៖
«ខ្ញុំមើលឃើញយ៉ាងច្បាស់ថា ខ្ញុំមានតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់ជួយការពារសកម្មជន ជួយការពារអ្នក ដែលហ៊ានតវ៉ា ដើម្បីរកយុត្តិធម៌ ដើម្បីមានប្រជាធិបតេយ្យនៅស្រុកខ្មែរ អ៊ីចឹងតួនាទីរបស់ខ្ញុំ សំខាន់ក្នុងការចូលរួមជួយជំរុញឱ្យស្រុកខ្មែរទៅមានការគោរពច្បាប់ ឬទៅជានីតិរដ្ឋ»។
នេះក៏ទំនងជាហេតុផលមួយដែលធ្វើឱ្យលោកហាក់នឿយណាយនឹងអាជីពជាមេធាវីរបស់លោកដែរ ព្រោះលោកថា ការរឹតត្បិតសេរីភាពក្នុងការនិយាយស្ដីបែបនេះគឺខុសពីនិស្ស័យពីកំណើតរបស់លោក ដែលតែងហ៊ាននិយាយ ហ៊ានរិះគន់ តតាំងការកៀបសង្កត់ ឬអយុត្តិធម៌ណាមួយ។
ក្នុងវ័យជាង៥០ឆ្នាំលោក ជូង ជូងី បានប្រឡូកក្នុងអាជីពអ្នកការពារក្ដីជាង១០ឆ្នាំមកហើយ។ លោកជាប់ឈ្មោះថាជាមេធាវីខ្សត់ទ្រព្យ តែមានទឹកចិត្ត ជាមេធាវីដែលឥតខ្លាចរអា ទោះបីជាសំណុំរឿងលោកការពារកូនក្ដីរបស់លោក តទល់នឹងអ្នកមានអំណាចកំពូល និងអ្នកមានលុយកាក់ក្ដី។ លោកបានការពាររឿងក្ដីរបស់អ្នកនយោបាយ អ្នកធ្វើការងារសង្គម និងអ្នកតស៊ូមតិជាច្រើននាក់ក្នុងនោះក៏មានអតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ក្នុងសំណុំរឿងដកតម្រុយបង្គោលព្រំដែន និងរឿងផែនទីកម្ពុជាវៀតណាម លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងចោទប្រកាន់អាស្រូវស្នេហាជាមួយ នាង ខុម ចាន់តារាទី ហៅស្រីមុំ និងរឿងមិនទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរក្រហម ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរួមមាន អ្នកស្រី មូរ សុខហួរ លោក ម៉ែន សុថាវរិន្ទ លោក កែវ ភិរម្យ ជាដើមក្នុងសំណុំរឿងអំពើហិង្សានៅទីលានប្រជាធិបតេយ្យ តំណាងរាស្ត្រ លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងអ្នកវិភាគ លោក គឹម សុខ ជាដើម។ ចុងក្រោយនេះលោកជាមេធាវីការពារក្ដីឱ្យក្រុមមន្ត្រី សកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកាត់ក្ដីទាំងក្រុមៗ និងសំណុំរឿងស្ត្រីខ្មែរសញ្ជាតិអាមេរិក កញ្ញា សេង ធារី។ លោក ជូង ជូងី ក៏ទទួលការពាររឿងក្ដីធំមួយដោយមិនយកប្រាក់ គឺសំណុំរឿងមេដឹកនាំសហជីព លោក រ៉ុង ឈុន ដែលត្រូវជាប់ចោទពីបទញុះញង់ ក្នុងសំណុំរឿងកង្វល់ពលរដ្ឋបាត់ដីស្រែ ដោយសារការបោះបង្គោលព្រំដែនជាមួយវៀតណាម។ គឺរឿងទាំងអស់នេះហើយ ដែលលោក ជូង ជូងី មិនដែលឈ្នះក្ដីសោះ បើទោះបីជាលោកប្រឹងប្រែងអស់សមត្ថភាពការពារយ៉ាងណាក្ដី ដែលផ្ទុយគ្នាស្រឡះរឿងក្ដីធម្មតាដែលមានឈ្នះ មានចាញ់៖
«ការការពារឱ្យសកម្មជនអស់ទាំងហ្នឹងគឺបានតែបំពេញទៅតាមនីតិវិធីទេ តែការទាមទាររកយុត្តិធម៌សម្រាប់គាត់គឺនៅឆ្ងាយ ពីព្រោះគាត់ត្រូវបានចោទប្រកាន់ដោយមន្ត្រីរដ្ឋាភិបាល ឬអ្នកមានអំណាច។ ដូច្នេះការទាមទាររកយុត្តិធម៌សម្រាប់កូនក្ដីប្រភេទហ្នឹងគឺនៅឆ្ងាយណាស់»។
លោក ជួង ជូងី បញ្ជាក់ថា បើទោះជាបានសម្រួចគោលដៅអនាគតជាអ្នកនយោបាយក្ដីក៏លោកនៅបន្តអាជីពជាមេធាវីបន្តទៀតដែរ តែលោកក៏ត្រៀមខ្លួនថាអាចនឹងព្យួរតួនាទីនេះនៅពេលណាមួយនៅពេលខាងក្នុងករណីចាំបាច់។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបនឹងរឿងនេះពីប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ដើម្បីសាកសួរព័ត៌មានអំពីរឿងនេះ បានទេកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
បើទោះជាយ៉ាងណាគណៈមេធាវីជាស្ថាប័ន ដែលមានឥទ្ធិពលអាចលុបឈ្មោះមេធាវី ដាក់ពិន័យ និងទណ្ឌកម្ម ទៅលើមេធាវីណាដែលត្រូវចោទប្រកាន់ថា ប្រព្រឹត្តខុសនិងវិជ្ជាជីវៈ សូម្បីការបញ្ចេញមតិរបស់មេធាវីគ្រប់រូបផងដែរ។
ចំពោះគោលបំណងទៅថ្ងៃមុខ លោកមេធាវី ជូង ជូងី លោកប្រាថ្នាចង់ឲ្យមានយន្តការដែលអាចដាក់ទោសចំពោះចៅក្រម និងព្រះរាជអាជ្ញា ឬឲ្យពួកគាត់ទទួលខុសត្រូវចំពោះចំណាត់ការរបស់ពួកគាត់ទាំងអម្បាលម៉ានដែលមិនត្រឹមត្រូវ ដ្បិតលោកសង្កេតឃើញថា មានចៅក្រម និងព្រះរាជអាជ្ញាមួយចំនួនមានចំណាត់ការមិនត្រឹមត្រូវ ប៉ុន្តែពុំឃើញមានការតម្រូវឲ្យពួកគាត់ទទួលខុសត្រូវ បើទោះជាមានបណ្ដឹងប្រឆាំងពួកគាត់ ទៅដល់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមក្ដី។
លោក ជូង ជូងី ដែលមានសម្បុរស មាឌតូចស្ដើង មានស្រុកកំណើតនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានឪពុកម្ដាយជាកសិករ។ មុននឹងចាប់មុខរបរជាមេធាវី លោក ជូង ជូងី បានធ្វើជាគ្រូបង្រៀន បន្ទាប់ពីលោកបានបញ្ចប់បរិញ្ញាបត្រផ្នែករូបវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានធ្វើគ្រូបង្រៀន ២ឆ្នាំ លោក ជូង ជូងី បានបន្តទៅរៀនច្បាប់ និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងបានបំពេញវិជ្ជាជីវៈមេធាវីកាលពីឆ្នាំ២០០៤ ដោយមានការិយាល័យឈ្មោះសីលា។ លោក ជូង ជូងី រម្លឹកថា ម្តាយរបស់លោកប្រាប់លោកថា ធ្វើជាមនុស្សឱ្យដឹងខុសត្រូវ កុំរំលោភបំពានគេ គឺត្រូវស្រឡាញ់យុត្តិធម៌ ការពារយុត្តិធម៌។ លោកទន្ទិញជានិច្ចថា ក្នុងសង្គម គឺចាំបាច់ត្រូវមានមនុស្សដូចដែលម្ដាយលោកលើកឡើងនេះ៖
«ចាំបាច់ណាស់ គឺត្រូវមានមនុស្ស ដែលហ៊ានលះបង់ខ្លួនឯង លះបង់ប្រយោជន៍ លះបង់សេចក្ដីសុខ ទាំងសេចក្ដីសុខខ្លួនឯង ទាំងសេចក្ដីសុខក្រុមគ្រួសារ ដើម្បីតវ៉ាទាមទារអ្វី ដែលគួរតែបាន ដូចជា ការគោរពច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាព»។
អ្នកឃ្លាំមើលសង្គម និងនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កោតសរសើរដល់ភាពក្លាហាន ទឹកចិត្តសប្បុរសរបស់លោក ជូង ជូងី និងការប្រឹងប្រែង ដើម្បីផ្ដល់យុត្តិធម៌ដល់មនុស្សគ្រប់រូបនេះថាជាទឹកចិត្តល្អកម្ររកបាន៖
«គាត់យកវិជ្ជាជីវៈជាមេធាវីជាមធ្យោបាយ ដើម្បីជួយអ្នកដែលមានទុក្ខ។ ហ្នឹងហើយគឺចិត្តគាត់ជាចិត្តព្រះ គឺមានករុណា»។
បើទោះជាយ៉ាងណា លោកមេធាវី ជូង ជូងី ក៏កំពុងជាប់បណ្ដឹងព្រហ្មទណ្ឌដែរ ហើយត្រូវតុលាការខេត្តកណ្ដាលកាត់អោយលោកជាប់ទោស២ឆ្នាំ ពិន័យប្រាក់៣លានរៀល ហើយសំណុំរឿងនេះនៅមិនទាន់បិទបញ្ចប់នៅឡើយ។ សំណុំរឿងនេះជាតឹកតាងបង្ហាញថា លោកមានទោសព្រោះតែធ្វើគុណ ដោយជួយយកអាសាការពារក្ដីក្នុងរឿងទំនាស់ដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាច។និយាយពីជីវិតគ្រួសារ លោក ជូង ជូងី បានរៀបការជាមួយមេធាវីមួយរូបដែរ។ អ្នកទាំង២ស្នាក់ផ្ទះជួលក្នុងរាជធានីភ្នំពេញ ដោយមិនទាន់មានកូននៅឡើយ។ ជីវភាពគ្រួសារនេះមិនជាធូរធារ ប៉ុន្តែអាចរកបានចំណូល ដែលអាចទប់ទល់នឹងការចំណាយប្រចាំថ្ងៃដោយមិនលំបាកឡើយ។
លោក ជូង ជូងី និងគ្រួសារតែងឆ្លៀតពេលធ្វើវិបស្សនា ដើម្បីរក្សាចិត្តឱ្យស្ងប់ និងអាចឱ្យលោកប្រឈមនឹងរឿងរ៉ាវមិនសមបំណងក្នុងវិស័យយុត្តិធម៌ ដែលលោកជួបប្រទះ ព្រមទាំងជម្នះរាល់ការភ័យខ្លាចបាន។ លោក ជូង ជូងី ដែលតែងតែប្រកាន់ជំហរជ្រើសរើសយកការអនុវត្តវិជ្ជាជីវៈ ដោយមិនប្រាថ្នាតែលាភសក្ការៈ ថែមទាំងជំរុញលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យឈរលើគោលការណ៍យុត្តិធម៌។ លោកផ្ដាំថា បើចង់មានបានដោយមិនខ្វល់ពីយុត្តិធម៌ ពីភាពស្មោះត្រង់សូមកុំប្រកាន់យកវិជ្ជាជីវៈមេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។