ព្រះរាជ​អាជ្ញា​សួរ​​នាំ​​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម ២នាក់​​ទៀត ខណៈ​ព្រម​ឲ្យ​លោក គង់ ប៊ុនរិទ្ធិ ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ

តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​នាំ​បេក្ខជន​តវ៉ា​លទ្ធផល​​ប្រឡង​សិស្ស​​ចៅក្រម​២នាក់​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​បង្ហោះ​វីដេអូ​ឃ្លិប​ បង្ហាញ​​ភាព​មិន​ប្រក្រតី​នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​ជំនាន់​ទី១០។ ចំណែក​បេក្ខជន លោក គង់ ប៊ុនរិទ្ធិ ដែល​រង​បណ្ដឹង​ចំនួន​៣ ដោយសារ​រឿង​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ យល់​ព្រម​ឲ្យ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ ទៅ​សប្ដាហ៍​ក្រោយ​ ដោយសារ​មិន​ទាន់​ទទួល​បាន​ឯកសារ​ថត​ចម្លង​ពី​តុលាការ។

បេក្ខជន​ម្នាក់ ក្នុង​ចំណោម ២នាក់ ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី១៣ មីនា ក្នុង​នាម​ជា​ជន​សង្ស័យ ឲ្យ​ដឹង​ថា ចំណុច​សំខាន់ ដែល​ព្រះ​រាជ​អាជ្ញា​រង លោក សាយ ណូរ៉ា សួរ​នាំ​ គឺ ចង់​ដឹង​ថា បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ទាំង ២នាក់ បាន​ចូល​រួម​សកម្មភាព​បង្ហោះ​វីដេអូ​ បង្ហាញ​ភាព​មិន​ប្រក្រតី នៃ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម ជាមួយ​ លោក គង់ ប៊ុន​រិទ្ធិ កាលពី​ថ្ងៃ​ទី២៦ មករា ឬ​ទេ។ លោក​បាន​ឆ្លើយ​បដិសេធ​ ហើយ​តំណាង​អយ្យការ​ឲ្យ​ត្រឡប់​ទៅ​វិញ តែ​មិន​បាន​បញ្ជាក់​ថា នឹង​បន្ត​កោះ​ហៅ ឬ​បញ្ឈប់​ការ​កោះហៅ​អ្នក​ទាំង២ ឬ​យ៉ាង​ណា​ទេ។

ចំណែក​ លោក គង់ ប៊ុនរិទ្ធិ ដែល​ត្រូវ​បាន​តំណាង​អយ្យការ លោក សាយ ណូរ៉ា បើក​ការ​ស៊ើប​អង្កេត​ ​ប្រឆាំង​រូប​លោក ហើយ​ត្រូវ​កំណត់​ឲ្យ​ចូល​បំភ្លឺ លើក​ទី២ នៅ​រសៀល​ថ្ងៃ​ទី១៣ មីនា ឲ្យ​ដឹង​ថា មេធាវី​របស់​លោក បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ នៅ​ថ្ងៃ​ដដែល ដោយសារ​តែ​មិន​ទាន់​ទទួល​បាន​ឯកសារ​ថត​ចម្លង ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពី​មន្ត្រី​តុលាការ។

ឯ​តំណាង​អយ្យការ​ បាន​យល់​ព្រម​ពន្យារ​ពេល តាម​សំណើ​រួច​ហើយ ដោយ​តម្រូវ​ឲ្យ​ចូល​បំភ្លឺ នៅ​រសៀល​ថ្ងៃ​ទី២០ មីនា សប្ដាហ៍​ក្រោយ។ លោក គង់ ប៊ុនរិទ្ធិ​ បាន​​អះអាង​ ពី​ការ​ត្រៀម​ខ្លួន ក្នុង​ការ​បំភ្លឺ​ រហូត​ដល់​បញ្ចប់​នីតិវិធី​សាកសួរ និង​សង្ឃឹម​ថា តំណាង​អយ្យការ​នឹង​ទម្លាក់​បទ​ចោទ​ប្រឆាំង​រូប​លោក។ លោក​ប្រាប់​ថា មិន​បារម្ភ​ចំពោះ​ចម្លើយ​បំភ្លឺ​របស់​បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម​ផ្សេង​ទៀត ដែល​តំណាង​អយ្យការ​​ បាន​កោះហៅ​កន្លង​មក​ទេ ព្រោះ​ការ​ឆ្លើយ​គ្មាន​ការ​ដាក់​បន្ទុក​បន្ថែម​ឡើយ៖ « ដូចជា មិន​មាន​ការ​ឆ្លើយ​អ្វី ដាក់​បន្ទុក​មក​លើ​ខ្ញុំ​ទេ។ អា​នេះ បើ​តាម​សម្ដី​របស់​ពួក​គាត់​អ្នក​ឆ្លើយ​ ណា​បង។ ( ព្រះ​រាជ​អាជ្ញា ) គ្រាន់​តែ​សួរ​ចង់​ដឹង​អំពី​ការ​ដែល​គាត់​​ហ្នឹង​ ស្គាល់​ខ្ញុំ​ឬ​ទេ ? ធ្វើ​វីដេអូ ហ្នឹង ហើយ​និង​បាន​ចូលរួម​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​តម្លាភាព​ហ្នឹង​​ទេ ហើយ​ដាក់​ពាក្យ​ហ្នឹង ទៅ​ស្ថាប័ន​ណា​ខ្លះ ? មូលហេតុ​អ្វី ដែល​គាត់​ ដាក់​ពាក្យ​ស្នើសុំ​តម្លាភាព​ប្រឡង​ចៅក្រម​ហ្នឹង ? អ៊ីចឹង​ណា​បង»

ដើម​ហេតុ​ បណ្ដាល​ឲ្យ​មាន​ការ​ប្ដឹង​ផ្ដល់​នេះ គឺ​លោក គង់ ប៊ុនរិទ្ធិ បាន​ទទួល​សារ​មួយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​​ ដោយ​ប្រាប់​ថា ដំណើរ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម​មាន​ភាព​មិន​ប្រក្រតី និង​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ តាម​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។ លោក គង់ ប៊ុនរិទ្ធិ បាន​អាន​សារ​នោះ​ជា​វីដេអូ ហើយ​ផ្សព្វផ្សាយ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (facebook) របស់​លោក។

មន្ត្រី​ក្រសួង​យុត្តិធម៌​ចំនួន ៣នាក់ ដែល​មាន​ឈ្មោះ​ក្នុង​វីដេអូ​ឃ្លិប​ថា ជា​អ្នក​ធ្វើ​សកម្មភាព​ទទួល​សំណូក និង​អ្នក​តំណាង​បេក្ខជន​ជ័យ​លាភី​សិស្ស​ចៅក្រម ៣នាក់ បាន​ប្ដឹង​លោក គង់ ប៊ុនរិទ្ធិ ថា បរិហារ​កេរ្តិ៍ បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង ក្រោយ​ពេល​លោក គង់ ប៊ុនរិទ្ធិ និង​មិត្ត​ភក្ដិ​មួយ​ចំនួន​ទៀត នាំ​គ្នា​ធ្វើ​សកម្មភាព​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ឲ្យ​មាន​ការ​សើរើ​ បង្ហាញ​តម្លា​ភាព នៃ​ដំណើរ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម។

ក្រៅ​ពី​លោក គង់ ប៊ុនរិទ្ធិ ហើយ​នោះ​តំណាង​អយ្យការ​ បាន​កោះហៅ​ បេក្ខជន​តវ៉ា​លទ្ធផល​សិស្ស​ចៅក្រម ៣នាក់​ផ្សេង​ទៀត ឲ្យ​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​ជន​សង្ស័យ​ដែរ តែ​មិន​បាន​​ស្នើសុំ​អនុវត្ត​នីតិវិធី​ដក​ហូត​សម្ភារៈ ជា​ទូរស័ព្ទ​ និង​កុំព្យូទ័រ​យួរ​ដៃ ដូច​ករណី លោក គង់ ប៊ុនរិទ្ធិ​ ទេ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គង់ ប៊ុនរិទ្ធិ គឺ លោក​មេធាវី ពុធ ឌីម៉ង់ ឲ្យ​ដឹង​ថា លោក និង​កូន​ក្ដី បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុង​ការ​ឆ្លើយ​បំភ្លឺ​គ្រប់​ដំណាក់​កាល​របស់​តំណាង​អយ្យការ។

ទោះ​ជា​យ៉ាង​ណា សម្រាប់​ក្រុម​អ្នក​ឃ្លាំមើល​វិញ យល់​ថា តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​តែ​​ជំរុញ ឲ្យ​មាន​បើក​ការ​ស៊ើប​អង្កេត ស្រាវជ្រាវ​បង្ហាញ​ពី​តម្លាភាព នៃ​ដំណើរ​ការ​ប្រឡង​ចូល​សិស្ស​ចៅក្រម តាម​ការ​ទាមទារ ទើប​ជា​រឿង​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។