ពលរដ្ឋ និង​សង្គម​ស៊ីវិល​រិះគន់​ការ​ដោះលែង​ឧកញ៉ា គិត ធាង

ដោយ យន់ សាមៀន
2021-05-15
Share
ពលរដ្ឋ និង​សង្គម​ស៊ីវិល​រិះគន់​ការ​ដោះលែង​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក ឧកញ៉ា គិត ធាង (Rock) មុន​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Royal Financial Corp

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​តុលាការ​ជាន់ខ្ពស់​ដែល​ដោះលែង​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា គិត ធាង ដែល​ជា​មេខ្លោង​ចែកចាយ​គ្រឿង ញៀន​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ក្លឹប​កម្សាន្ត​របស់ខ្លួន។ ពួកគាត់ ចាត់ទុកថា ការ​ដោះលែង​នេះ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​មានការ​សង្ស័យ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ។

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក ដែល​មាន​ជនជាប់ចោទ​ជា​ឧកញ៉ា គិត ធាង នេះ គឺជា​សំណុំរឿង​ដ៏​ធំ​មួយ ដូច្នេះ​នៅពេល​សាលាឧទ្ធរណ៍ សម្រេច​ដោះលែង​លោក​ដោយ​ស្ងាត់ៗ​បែបនេះ គឺ​កាន់តែ​ធ្វើ​ឱ្យ​សាធារណជន​មាន​មន្ទិលសង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​ជាច្រើន។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តស្វាយរៀង លោក យឹម សារ៉េត ដែល​កំពុង​ជាប់ឃុំ គឺ​លោកស្រី អ៊ុក ចន្ធី ថ្លែង​ថា វា​ជា​រឿង​ហួសចិត្ត​ដែល​តុលាការ ដោះលែង​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ប៉ុន្តែ​បែរជា​បន្ត​ប្រឌិត​រឿង​ចោទប្រកាន់​និង​ឃុំខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ទាំង​គ្មាន​កំហុស​ទៅវិញ​។ លោកស្រី​ជឿ​ថា ប្រសិនបើ​តុលាការ អនុវត្ត​ច្បាប់​ដោយ​វិជ្ជាជីវៈ​និង​ឯករាជ្យ គឺ​ប្រាកដជា​មិន​ចោទប្រកាន់​និង​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី និង​សកម្មជន​នយោបាយ រួម​ទាំង​សកម្មជន​សង្គម​ផ្សេងទៀត​តាំងពី​ដើមទី​មក​ម្ល៉េះ ព្រោះ​ពួកគាត់​គ្រាន់តែ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន និង​ចូលរួម​ឈឺឆ្អាល​រឿង​សង្គមជាតិ​របស់​ខ្លួន​ប៉ុណ្ណោះ៖ «សម្រាប់​ឧកញ៉ា​ជា​អ្នកមាន​លុយ ទោះបីជា​គាត់​ជា​មេ​ជួញដូរ​គ្រឿងញៀន​យ៉ាងម៉េច​ក៏ដោយ ក៏​រាជរដ្ឋាភិបាល និង​តុលាការ ជួយ​សម្រួល​ឱ្យ​ទៅជា​គាត់​គ្មាន​ទោស តែ​ដល់ពេល​យើង​ធ្វើ​ដើម្បី​ជាតិ បញ្ចេញមតិ​ដើម្បី​ស្ថាបនា​អីចឹង បែរជា​ចោទ​ប្រកាន់​ថា យើង​មានទោស ។ សង្គម​នេះ គេ​គិតតែ​ពី​អ្នកមាន​។ អ្នកណា មាន​លុយ​គឺ​អ្នកនោះ​ត្រូវ ហើយ​អ្នកណា​ក្រ​គ្មាន​លុយ និង​ធ្វើការ​ដើម្បី​ជាតិ គឺ​ខុស»

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) មួយចំនួន បញ្ចេញ​ប្រតិកម្ម​ដោយ​ភ្ញាក់ផ្អើល និង​រិះគន់​ព្រោងព្រាត​ចំពោះ​សាលាឧទ្ធរណ៍​ដែល​ដោះលែង​លោក​ឧកញ៉ា គិត ធាង។ ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ បញ្ចេញមតិ​ថា ដោយសារតែ​តុលាការ​ធ្វើ​បែប​នេះ ទើប​បាន​ជា​គ្រឿងញៀន ចាប់​មិន​ចេះ​អស់​។ ម្ចាស់​គណនី​ហ្វេសប៊ុក​រូប​នេះ បន្ត​ថា សាហាវ​ណាស់​ស្រុក​យើង គ្រឿងញៀន​រហូតដល់​ជិត​៥០​គីឡូក្រាម តែ​ជាប់ទោស​២​ឆ្នាំ មិន​ដឹង​ថា បំផ្លាញ​អនាគត​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ទេ។ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​រូប​ទៀត សរសេរ​ថា អ្នក​ឈឺឆ្អាល​រឿង​សង្គម​ត្រូវ​ជាប់គុក រត់ចោលស្រុក និង​ត្រូវ​គេ​សម្លាប់។ រីឯ​អ្នក​បំផ្លាញ​សង្គម និង​ជនពាល​វិញ ពួកគេ ក្លាយជា​សេដ្ឋី ក្លាយជា​មន្ត្រី​ខ្ពង់ខ្ពស់ ព្រោះ​មាន​លុយ។

ការ​បញ្ចេញ​ប្រតិកម្ម​បែបនេះ គឺ​បន្ទាប់ពី​ឧកញ៉ា គិត ធាង ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឱ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤) គីឡូក្រាម​នោះ ប៉ុន្តែ​ទើបតែ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់​សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ កាលពីដើម​សប្តាហ៍​នេះ។ សាលាឧទ្ធរណ៍​បាន​សម្រេច​កាត់ទោស​តម្រឹម​ដោយ​ឱ្យ​លោក គិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ ចំណែក ទោស​នៅសល់​ត្រូវ​ព្យួរ​ជា​ធម្មតា។ ទោះជា​យ៉ាងណា ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ទណ្ឌិត​មាន​ងារ​ជា​ឧកញ៉ា​រូប​នេះ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉េហ្ស៊ី (PJ)​រយៈពេល​ប្រមាណ​កន្លះ​ខែ។ លោក​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​ពន្ធនាគារ ទៅ​រស់នៅ​ក្នុង​បន្ទប់​ពិសេស​វី​.​អាយ.ភី (VIP) នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ឬ​ហៅថា មន្ទីរពេទ្យ​រុស្ស៊ី ចាប់តាំងពី​ថ្ងៃទី​១​ខែ​មេសា ឆ្នាំ​២០១៩ រហូត​ដល់​ថ្ងៃ​ដែល​តុលាការ​ជាន់ខ្ពស់​សម្រេច​ដោះលែង​លោក​តែម្តង ក្រោម​ហេតុផល​ថា មាន​ជំងឺ​សួត និង​ស្ទះដង្ហើម​។ ប្រភព​ដដែល បញ្ជាក់​ថា សម្រាប់​ជនជាប់ចោទ​ប្រមាណ​ជិត​៣០​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ជាមួយ​លោក គិត ធាង ដែរ​នោះ មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេ។

ទាក់ទង​ករណីនេះ អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ថ្មី​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក​ចៅក្រម សេង ស៊ីវុត្ថា ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​។​

ដោយឡែក អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ វិញ លោក ថ្លែងថា លោក​នៅ​មិនទាន់​ដឹង អំពី​ករណី​សាលាឧទ្ធរណ៍​ដោះលែង​ឧកញ៉ា គិត ធាង នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា សំណុំ​រឿង​នេះ បាន​ផុត​ពី​ដៃ​របស់​លោក​ហើយ ក្រោយពេល​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ទាំងអស់​បញ្ជូន​ទៅ​តុលាការ ហើយ​ការ​ផ្តន្ទាទោស ឬ​ការ​ដោះលែង​យ៉ាងណា​នោះ គឺ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ៖ «គាត់ (តុលាការ​) លែង​ឬ​កាត់ទោស​ដោយ​ស្ថាន​ទម្ងន់​និង​ស្ថាន​សម្រាល​យ៉ាងម៉េច គឺ​អាហ្នឹង​នៅ​លើ​តុលាការ ប៉ុន្តែ​យើង​បាន​រួមគ្នា​ទាំងគ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ទាំង​តុលាការ ទាំង​ប្រជាពលរដ្ឋ ទាំង​សមត្ថកិច្ច ហើយ​រាល់ថ្ងៃ​នេះ​យើង​បាន​ប្រឹងប្រែង រួបរួម​គ្នា​ដើម្បី​ចូលរួម​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ឱ្យ​បាន​ខ្លាំងក្លា ព្រោះ​រាជរដ្ឋាភិបាល លោក​បាន​ចង្អុល​ណែនាំ​ឱ្យ​មន្ត្រី​រួមគ្នា​ត្រូវ​បង្ក្រាបនិង​បង្ការ។ អ៊ីចឹង​អ្នកណា​បង្ការ​គឺ​បង្ការ អ្នកណា​បង្ក្រាប​គឺ​បង្ក្រាប​ហើយ​តុលាការ គឺ​ចុងក្រោយ​ដែល​គាត់​ត្រូវ​សម្រេច​ចោទប្រកាន់​យ៉ាងម៉េចៗ គាត់​ក៏​ប្រឹងប្រែង​ដែរ»

លោក គិត ធាង គឺជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ប៉ុន្មាន​ម៉ោង ក្រោយពី​មាន​បទបញ្ជា​ផ្ទាល់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នៅ​ពេល​នោះ ទាំង​លោក ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រតិកម្ម​ខ្លាំងៗ​ថា ករណី​ចែកចាយ​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​រ៉ក គឺជា​រឿង​ធំ ដែល​ត្រូវតែ​រក​មេខ្លោង​ឱ្យ​ឃើញ ហើយ​បញ្ជា​ឱ្យ​តុលាការ​ត្រូវតែ​ដំណើរការ​ក្តី​ដោយ​ម៉ឺងម៉ាត់ និង​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​តុលាការ គួរតែ​បង្ហាញ​ព័ត៌មាន និង​ពន្យល់​ឱ្យ​បាន​ច្បាស់លាស់​ដល់​សាធារណជន​ថា តើ​មាន​មូលហេតុ​អ្វីខ្លះ​ទើប​សម្រេច​ដោះលែង​ឧកញ៉ា គិត ធាង ដែល​ជា​ជាប់ចោទ​ក្នុង​សំណុំរឿង​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បែបនេះ​។ លោក​បន្ត​ថា ការ​បង្ហាញ​ព័ត៌មាន​នេះ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ធ្វើ​ឱ្យ​សាធារណជន មាន​ជំនឿ​ទៅលើ​ស្ថាប័ន​តុលាការ៖ «គាត់​ប្រហែលជា​ឆ្ងល់​ហើយ​បើ​យើង​មិន​ចេញ​ព័ត៌មាន ឱ្យ​បាន​ទូលំទូលាយ​ក្នុង​ករណី​នេះ​ទេ ហើយ​យើង​បានឃើញ​ហើយ​មាន​ករណី​ផ្សេង ទៀត​ដែល​ប្រជាពលរដ្ឋ​ទូទៅ​គិតថា ករណី​ទាំងនោះ​ជា​ករណី​ដែល​អ្នក​ពាក់ព័ន្ធ​ឬ​ជន ជាប់ចោទ គាត់​ការពារ​ប្រយោជន៍​សាធារណៈ ទាក់ទង​នឹង​បរិស្ថាន និង​ធនធានធម្មជាតិ ហើយនឹង​ទ្រព្យសម្បត្តិ​សាធារណៈ​ជាដើម ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​ចោទប្រកាន់ និង​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាការ​ទៅ​វិញ ហើយ​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ មាន​មន្ត្រី​ធំៗ​ឬក៏​ឈ្មួញ​រកស៊ី​ធំៗ គាត់​បែរជា​រួច​ទោសទណ្ឌ ក្នុងករណី​ធំៗ​បែបនេះ​ទៅវិញ»

លោក​ជំរុញ​ឱ្យ​ស្ថាប័ន​សាធារណៈ ពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​មាន​ជា​ធរមាន​ឱ្យ​បាន​ត្រឹមត្រូវ​និង​ស្មើភាព ដើម្បី​លុបបំបាត់​គ្រឿងញៀន និង​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព ហើយ​កសាង​សង្គម​មួយ​ដែល​ស្អាតស្អំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល