តំណាង​អយ្យការ​ខេត្តមណ្ឌលគិរី​កោះហៅ​ បុគ្គលិក​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ២នាក់​ទៀត​

ដោយ ម៉ៅ សុធានី
2019-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សញ្ញា​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី។
ស្លាក​សញ្ញា​សាលាដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​រតនគិរី។
Photo from Facebook

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ បាន​ចេញ​ដីការ​កោះហៅ​ បុគ្គលិក​ក្រុមហ៊ុន​ ម៉ាស្ទ័រ​ខេ​សាន់​ ២នាក់​ទៀត​ ឲ្យ​ចូល​បំភ្លឺ​ទាក់ទិន​សំណុំរឿង​បទល្មើស​ព្រៃឈើ​។ បុគ្គលិក​ក្រុមហ៊ុន​ពីរ​រូប​នេះ​ មាន​តួនាទី​ចាត់ចែង​ប្រមូល​ឈើ​ក្នុង​ក្រុមហ៊ុន​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ ម៉ាស្ទ័រ​ខេ​សាន់​ និង​ត្រូវ​អនុវត្ត​ច្បាប់ព្រៃ​ឈើ​ឲ្យ​ម៉ឺងម៉ាត់​។  ​

ការ​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ របស់​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី​ធ្វើ​ឡើង​ ក្រោយ​ពី​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ បាន​ចាប់​ខ្លួន​ ឧកញ៉ា​ ស៊ឹង​ សំ​អុល​ និង​បក្ស​ពួក ៣នាក់​ទៀត កាល​ពី​ថ្ងៃ​ទី៩ កក្កដា​កន្លង​ទៅ។ រី​ឯ​មន្ត្រី​នគរបាល​យុត្តិធម៌ ៥នាក់ មាន​តួនាទី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ និង​ប្រធាន​មន្ទីរ​កសិកម្ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ និង​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ ត្រូវ​បាន​គណៈកម្មការ​ជាតិ​កោះ​ហៅ​មក​សួរ​នាំ​ មួយ​ថ្ងៃ​ពេញ​​​ដែរ កាល​ពី​ពេល​ថ្មីៗ នេះ​ ពាក់ព័ន្ធ​សំណុំ​រឿង​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ។

កាលពី​ថ្ងៃទី​ ១១​ កក្កដា​ តំណាង​អយ្យការ​ខេត្តមណ្ឌលគិរី​ លោក​ ម៉ម​ វ៉ាន់​ដា​ បាន​ចេញ​ដីកា​ បង្គាប់​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ ម៉ាស្ទ័រ ខេសាន់ ២នាក់ ឈ្មោះ ណេង ម៉ៅ និង​ម្នាក់ទៀត​ឈ្មោះ​ សាំង​ សុ​ខុន​ ទាំង​ពីរ​នាក់ មាន​តួនាទី​ចាត់ចែង​ប្រមូល​ឈើ​ក្នុង​ក្រុមហ៊ុន។ ដីកា​កោះហៅ​នេះ សាកសួរ​អំពី​ ប្រមូល​ ដឹក​ជញ្ជូន និង​ប្រមូល​ផល​ព្រៃ​ឈើ​គ្មាន​លិខិត​អនុញ្ញាត។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ ដើម្បី​សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៥ កក្កដា។

តែ​យ៉ាង​ណា លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា កម្លាំង​អាវុធហត្ថ​កំពុង​តាម​ចាប់​ខ្លួន​ ជន​សង្ស័យ ៤នាក់​ទៀត​ តាម​ដីកា​របស់​តំណាង​អយ្យការ​ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ នៅ​ខេត្តមណ្ឌលគិរី។ លោក​ថា​ ជន​សង្ស័យ​ទាំង​នោះ​ ជា​ប្រធាន​ក្រុមហ៊ុន​ ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ខេត្ត​នេះ។ ទោះ​យ៉ាងណា​លោក​មិន​បញ្ជាក់​លម្អិត​ ពី​ឈ្មោះ​ ប្រធាន​ក្រុមហ៊ុន​ទាំង​នោះ​ទេ។

សកម្មជន​បរិស្ថាន​ លោក​ ហេង​ ស្រស់​ អះអាង​ថា​ ពួក​គេ​នឹង​បន្ត​តាមដាន​ និង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ពី​ចំណាត់​ការ​របស់​តុលាការ​ និង​ប្រសិទ្ធភាព​ការងារ​របស់​គណៈកម្មការ​ជាតិ​មួយ​នេះ​ថា តើ​អាច​ដោះ​ស្រាយ​វិបត្តិ​ព្រៃ​ឈើ​មាន​កម្រិត​ណា? និង​អាច​វែកមុខ​មេខ្លោង​ដុះ​ស្លែ​ធំៗ បាន​ប៉ុន្មាន​នាក់​ទៀត? លោក​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​មួយ​នេះ​ ត្រូវ​ស៊ើប​អង្កេត​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ឲ្យ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​ ទាក់ទិន​ការ​បណ្តោយ​ឲ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ បើ​ពុំ​ដូច្នេះ​ទេ លោក​មិន​សង្ឃឹម​ថា​ វិបត្តិ​ព្រៃ​ឈើ​នឹង​អាច​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ «ដើម្បី​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត​បាន ត្រូវ​តែ​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​អ្នក ដែល​ពាក់ព័ន្ធ​នៅ​ពី​ខាង​ក្រោយ​ខ្នង យក​មក​ដាក់​ពន្ធនាគារ និង​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់។ នេះ​បាន​ការងារ​គាត់​មាន​ប្រសិទ្ធភាព ហើយ​ការ​ការ​កាប់​បំផ្លាញព្រៃ​ឈើ​នឹង​មិន​មាន​ទៀត​ទេ ប្រសិន​ជា​គាត់​អូស​ក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បើក​ដៃ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ខេត្ត​មណ្ឌលគិរី។ យើង​ដឹង​ស្រាប់​ហើយ​ថា អ្នក​ដែល​នៅ​ពី​ខាង​ក្រោយ​ខ្នង គឺ​ជា​អ្នក​បើក​ដៃ​ឲ្យ​មាន​ការ​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​ នៃ​សមា​គម​អាដ​ហុក​ លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា​ ការ​ចេញ​ដីកា​កោះ​ហៅ​ បុគ្គលិក​ក្រុមហ៊ុន​ ២នាក់​នេះ​ នៅ​ទាន់​គ្រប់​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយ​ទេ។ លោក​ថា​ អាជ្ញាធរ​ត្រូវ​តែ​ដក​អាជ្ញាប័ណ្ណ​ ក្រុម​ហ៊ុន​ម៉ាស្ទ័រ​ខេ​សាន់​ ហើយ​ក្រុមហ៊ុន​នេះ​ ត្រូវ​សង​ការខូចខាត​ដល់​មជ្ឈដ្ឋាន​ព្រៃឈើ​ ទាំង​ក្នុង​ និង​ខាងក្រៅ​ក្រុមហ៊ុន។ លោក​បន្ថែម​ថា ប្រធាន​ក្រុមហ៊ុន​ អ្នក​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែល​ឃុបឃិត​ ត្រូវតែ​ស៊ើបអង្កេត​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន៖ «តាំង​ពី​កាប់​រាន រហូត​ដល់​ដឹក​ឆ្លង​ប្រទេស​ទៀត។ យើង​គិត​ថា បើ​ពុំ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទេ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។ យើង​គិត​ថា វា​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​មួយ​ទៀត ដែល​ជា​បទ​ល្មើស​ឧក្រិដ្ឋ​មួយ​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា​ បុគ្គលិក​ក្រុមហ៊ុន​ និង​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​ សុទ្ធតែ​ជាប់​ពាក់​ពាក់ព័ន្ធ​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ​ ការ​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដែល​ត្រូវ​ជាប់​ពន្ធ​នា​គារ ពី ៥ឆ្នាំ​ទៅ ១០ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ មក​ជា​សម្បត្តិ​រដ្ឋ​ ហើយ​ត្រូវ​សង​ការ​ខូច​ខាត​ដល់​មជ្ឈដ្ឋាន​ព្រៃឈើ​ទៀត​ផង។ នេះ​មិន​រាប់​បញ្ចូល​បទ​ល្មើស​សូក​ប៉ាន់​មន្ត្រី​រាជការ​សាធារណៈ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល