សារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍កាលពីថ្ងៃពុធ ទី៨ កុម្ភៈ ថា លោក ឈូក បណ្ឌិត ដែលមានទោសដោយសារបានបាញ់កម្មករនៅរោងចក្រកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ៣នាក់ អោយរបួសធ្ងន់នោះ ត្រូវរួចខ្លួនពីពន្ធនាគារហើយ បន្ទាប់ពីបានបញ្ចប់ទោសក្នុងពន្ធនាគារ។
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា បានប្រតិកម្មភ្លាមៗជុំវិញករណីនេះថា លោក ឈូក បណ្ឌិត អាចនៅមានឥទ្ធិពលក្នុងសង្គមនៅឡើយ ជាពិសេសទៅលើជនរងគ្រោះ ខណៈពួកគេទាំង ៣នាក់ ជាជនរងគ្រោះមិនទាន់ជាសះមុខរបួសដោយគ្រាប់កាំភ្លើងរបស់លោក ឈូក បណ្ឌិត នោះនៅឡើយ៖ «ការចេញពីពន្ធនាគាររបស់លោក ឈូក បណ្ឌិត នេះ អាចធ្វើជនរងគ្រោះព្រួយបារម្ភផងដែរ ទាក់ទងនឹងសុវត្ថិភាពរបស់ខ្លួន»។
លោក ឈូក បណ្ឌិត ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀល ឬជិត ១ម៉ឺនដុល្លារ ជាសំណងដល់ជនរងគ្រោះទាំង ៣នាក់ ក្នុងបទបង្ករបួសស្នាមដោយអចេតនា។ បណ្ដឹងនេះ ត្រូវបានប្ដឹងផ្ដល់គ្នាដល់សាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត ប៉ុន្តែតុលាការទាំងពីរបានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការ។
លោក ឈូក បណ្ឌិត បានគេចខ្លួនចាប់តាំងពីពេលដែលលោកបានបាញ់កម្មកររោងចក្រកៅវ៉េ អោយរបួសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ លោកបានចេញមកសារភាពកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រចំណាត់ការរបស់ប៉ូលិសអន្តរជាតិ (Interpol) ក្នុងការតាមចាប់ខ្លួនលោក។
ទាក់ទងនឹងសំណងដល់ជនរងគ្រោះ មេធាវីការពារអោយកម្មការិនីទាំង ៣នាក់ អោយដឹងថា លោក ឈូក បណ្ឌិត បានសងសំណងគ្រប់ចំនួនទៅដល់ពួកគេរួចរាល់ហើយកាលពីឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។