សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំខ្លួន ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ផ្តល់​យុត្តិធម៌

ដោយ ជីវិតា
2021-05-31
Share
សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​បាត់ដំបង​ឃុំខ្លួន ស្នើសុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ផ្តល់​យុត្តិធម៌ (ស្ដាំ) លោក ពេជ្រ ធារ៉េត អាយុ ៣១​ឆ្នាំ មុន​ពេល​នគរបាល​​ខេត្ត​បាត់ដំបង នាំ​ទៅ​សួរ​ចម្លើយ​ ដោយ​ជាប់​ចោទ​ថា សម្លាប់​ប្រពន្ធ នៅ​​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ២០២១ បិង​ (ឆ្វេង) ភ្លៅលោក ពេជ្រ ធារ៉េត មានស្នាមជាំ ក្រោយ​ពេល​ស្លាប់​នៅ​ក្នុង​ការ​ឃាត់​ខ្លួន​របស់​នគរបាល នៅ​ថ្ងៃដដែល។
រូប៖ ហ្វេសប៊ុក Leap Sovvan

សាច់ញាតិ​របស់​បុរស​ម្នាក់​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​សួរ​ចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ដើម​ខែ​មេសា​នោះ បន្ត​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ​របស់​គាត់​។ ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម អះអាង​ថា លោក​កំពុង​ពិនិត្យ​របាយការណ៍​ស៊ើបអង្កេត ហើយ​សន្យា​បង្ហាញ​លទ្ធផល​នៅ​ដើម​សប្តាហ៍​ក្រោយនេះ។

សាច់ញាតិ​របស់​ជនរង​គ្រោះ កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ជិត​ពីរ​ខែ​មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចោទ​ប្រកាន់​ថា នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ធ្វើ​ទារុណកម្ម​សួរចម្លើយ​លើ​ប្អូនប្រុស​របស់​ពួកគាត់​រហូត​ដល់​ស្លាប់ ហើយ​បង្វែរ​សាច់​រឿង​ថា ស្លាប់​ដោយសារ​គាំង​បេះដូង​ទៅ​វិញ។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ គឺ​លោកស្រី ពេជ្រ លីណា បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការ​ផ្តល់​យុត្តិធម៌ ព្រោះ​លោកស្រី​អះអាង​ថា ប្អូនប្រុស​របស់​លោក​ស្រី បាន​ស្លាប់​ដោយ​អយុត្តិធម៌​បំផុត​។ លោកស្រី​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោកស្រី​មិន​ទាន់​បាន​ដឹង​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នៅ​ឡើយ បើ​ទោះ​បី​ជា​ស្ថាប័ន​មួយ​នេះ អះអាង​ថា បាន​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត តាំង​ពី​ជិត​ពាក់កណ្តាល​ខែ​មេសា​មក​ហើយ​ក្តី។ លោកស្រី បន្ត​ថា ចំណែក​ខាង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ​វិញ នៅ​មិន​ទាន់​បង្ហាញ​ពី​ដំណើរការ​ស៊ើបអង្កេត​ករណីនេះ​នៅ​ឡើយ​ទេ ខណៈ​លោកស្រី​បាន​ដាក់​បណ្តឹង​តាំងពី​ថ្ងៃទី​៧ ខែ​មេសា​មក​ម្ល៉េះ​។ បងស្រី​របស់​ជនរងគ្រោះ​រូប​នេះ អះអាង​ថា កន្លងទៅ​លោកស្រី ក៏​ធ្លាប់​បាន​ទៅ​ជួប​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​មន្ត្រី​នៅ​ទីនោះ បដិសេធ​ក្នុង​ការ​ជួប​លោកស្រី ក្រោម​ហេតុផល​ថា លោកស្រី​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩៖ «ខ្ញុំ​ដាក់​បណ្តឹង​ដល់​ថ្នាក់​ជាតិ​នេះ គឺ​ខ្ញុំ​សង្ឃឹម​មុតមាំ​ណាស់ ថា ខាង​ច្បាប់​នឹង​រក​យុត្តិធម៌​ឲ្យ​ច្បាស់​ឲ្យ​គាត់​វែកមុខ​អ្នកណា​ដែល​យក​ប្អូន​ខ្ញុំ​ទៅ​ធ្វើ​ទារុណកម្ម ប៉ុន្តែ​មកដល់​ឥឡូវនេះ តាំងពី​ខ្ញុំ​ដាក់​បណ្តឹង​ពី​ថ្ងៃ​៧​មេសា​មក គឺ​៥៨​ថ្ងៃ​ហើយ​។ ខ្ញុំ​ក៏​អត់​យល់​ថា ត្រូវ​ចំណាយ​ពេលវេលា​យូរ​ដល់​ថ្នាក់​ហ្នឹង ។ ខ្ញុំ​សូម​ស្នើសុំ​ម្តង​ហើយ​ម្តង​ទៀត​ដល់​គណៈកម្មការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពន្លឿន​នៃ​ការ​ស៊ើប​រឿង​ក្តី​នេះ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្អូន​ខ្ញុំ​ឲ្យ​ទាល់តែ​បាន ព្រោះ​អធិការ​ដែល​យក​ប្អូន​ខ្ញុំ​ទៅនោះ គឺជា​មនុស្ស​រស់ តែ​គាត់​ប្រគល់​មក​វិញ ជា​សាកសព ហើយ​មាន​ស្នាម​ពី​ចុងជើង​រហូតដល់​ក្បាល​ដូច្នេះ​ភស្តុតាង​គឺ​ជាក់ស្តែង​ណាស់»

ទាក់ទង​ករណីនេះ​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក នុត សាអាន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​កំពុង​ពិនិត្យមើល​របាយការណ៍​ស៊ើបអង្កេត ហើយ​លោក​អាច​នឹង​បង្ហាញ​លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ ខែឧសភា នេះ៖ «យើង​ស្រាវជ្រាវ​ហើយ តែ​លទ្ធផល​យ៉ាងណាៗ ខ្ញុំ​មិនទាន់​បាន​យក​មក​បូកសរុប ចាំ​មើល​ស្អែក​ថ្ងៃ​ច័ន្ទ ខ្ញុំ​បញ្ចប់​បញ្ហា​ហ្នឹង។ ខ្ញុំ​មិនទាន់​បញ្ជាក់​អ្វី​បានទេ ខ្ញុំ​មិន​ទាន់​ពិនិត្យ​មើល​ឲ្យ​អស់សាច់​រឿង ចាំ​ខ្ញុំ​បញ្ចប់​សិន»

បុរស​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​៣១ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០​ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា កាល​ពី​ថ្ងៃទី​៣ ខែ​មេសា ហើយ​បាន​បន្សល់​ទុក​កូនស្រី​តូចៗ​ចំនួន​២​នាក់​។ ពួកគាត់ រស់នៅ​ក្នុង​ភូមិ​បោះពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ លោក ពេជ្រ ធារ៉េត បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​សួរចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង​៣​ម៉ោង ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ ប៉ុន្តែ​សាក្សី អះអាង​ថា ក្នុង​ពេល​កើតហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅ​ផ្ទះ​ឡើយ​។ ប៉ូលិស​ខេត្ត​បាត់ដំបង បក​ស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត។

ប៉ុន្តែ​នៅពេល​សាច់​ញាតិ ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស និង​ជាំ​ពេញ​ខ្លួន​ចាប់តាំងពី​ជើង​រហូត​ដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​កជើង​ទាំងពីរ​ទៀត​ផង​។ អ្នកជំនាញ និង​គ្រួសារ​ជនរងគ្រោះ​សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណកម្ម​ដោយ​ការ​វាយដំ និង​ឆក់​ខ្សែភ្លើង ព្រោះ​ក្នុង​ករណី​ស្លាប់​ដោយ​គាំងបេះដូង​មិន​អាច​មាន​ស្នាម​ជាំ​នោះ​ទេ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ថ្លែង​ថា ជា​រឿង​ធម្មតា អ្នកណា​ក៏ដោយ​ដែល​ជា​គ្រួសារ​ជនរងគ្រោះ គឺ​ចង់​បាន​ដំណឹង​ពី​ការ​ស៊ើបអង្កេត ឬ​ចង់​ឃើញ​យុត្តិធម៌​ឱ្យ​បាន​ឆាប់ៗ​។ លោក​យល់​ថា អាជ្ញាធរ​ជំនាញ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម គួរតែ​បង្ហាញ​ព័ត៌មាន​ពី​ដំណើរការ​ស៊ើបអង្កេត​ដល់​គ្រួសារ​ជនរងគ្រោះ ដើម្បី​ឲ្យ​ពួកគាត់​មាន​ទំនុកចិត្ត៖ «»

ទោះជា​យ៉ាងណា បងស្រី​របស់​ជនរងគ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល សង្ឃឹម​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម នឹង​រក​ឃើញ​ការពិត ហើយ​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ព្រោះ​ករណី​នេះ​សាធារណជន កំពុង​តាម​មើល​យ៉ាង​យក​ចិត្តទុកដាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល