មេធាវី​បរទេស​ដាក់​បញ្ចូល​ករណី​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ទៅ​ក្នុង​បណ្ដឹង​នៅ​តុលាការ​ICC

ដោយ មួង ណារ៉េត
2017.01.05
កែម ឡី ៨៥៥ ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
RFA/Yang Chandara

មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើរ (Richard Rogers) ដែល​បាន​ដាក់​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ចុង​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​បញ្ចូល​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៅ​ក្នុង​បណ្ដឹង​នៅ​តុលាការ​អន្តរជាតិ​នេះ។ លោក​អះអាង​ថា ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី គឺ​ធ្វើ​ឡើង​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន  មាន​ចេតនា​ធ្វើ​ទុក្ខបុកម្នេញ និង​បំបិទ​មាត់​អ្នក​រិះគន់ និង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

លោក​ប្ដឹង​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចាត់​ការ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​លោក​ចាត់​ទុក​ថា ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​បន្ត​ក្រាញ​អំណាច​ត​ទៅ​ទៀត។ ម្យ៉ាង​ទៀត​លោក​សង្ឃឹមថា មាន​តែ​តុលាការ​អន្តរជាតិ​ទេ ដែល​អាច​រក​យុត្តិធម៌​ជូន​គ្រួសារ​លោក​បណ្ឌិត កែម ឡី ដ្បិត​តុលាការ​កម្ពុជា ជា​តុលាការ​លម្អៀង និង​គ្មាន​យុត្តិធម៌។

​មេធាវី លោក រីឆាត រ៉ូជើរ៖ «អ្វី​ដែល​យើង​សង្ស័យ​ខ្លាំង​បំផុត​នោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុម​អ្នក​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា សព្វ​ថ្ងៃ​នោះ​ទេ ដែល​ជា​អ្នក​បញ្ជា​ឲ្យ​ឃាតក​ធ្វើ​ឃាត​លោក កែម ឡី ដោយសារ​លោក កែម ឡី ជា​ឆ្អឹង​ទទឹង​ក​របស់​ពួកគេ​ទាំង​នោះ។ លោក កែម ឡី ជា​មនុស្ស​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ខ្មែរ។ គាត់​ហ៊ាន​ក្រោក​តតាំង​រដ្ឋាភិបាល។ គាត់​ហ៊ាន​និយាយ​រិះគន់​ចំៗ លើ​របាយការណ៍​អង្គការ Global Witness ដែល​បក​អាក្រាត​អំពី​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​គេ​សម្លាប់​គាត់​បំបិទ​មាត់»

​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បាន​ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដោយ​គ្មាន​តម្រុយ​ណា​ថ្មី​ក្រៅ​ពី​ចាប់​បាន​ជន​ម្នាក់​ឈ្មោះ ជួប សម្លាប់ ដែល​គេ​ស្គាល់​​ឈ្មោះ​ពិត​ថា អឿត អាង តែប៉ុណ្ណោះ។ សាធារណជន​ទូទៅ​ជឿ​ថា ច្បាស់​ជា​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ។

កាល​ពី​ឆ្នាំ​២០១៤ លោក រីឆាត រ៉ូជើរ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​មន្ត្រី​បក្ស​កាន់​អំណាច រួម​ទាំង​មន្ត្រី​ធំៗ​ក្នុង​ជួរ​កងទ័ព ទី​១ គឺ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​រឹប​អូស​ដីធ្លី​ពី​ប្រជាពលរដ្ឋ និង​ទី​២ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។