លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង បានស្វាគមន៍តុលាការប្រទេសបារាំងដែលបានលើកយកសំណុំរឿងចោទប្រកាន់លោក ករណីបរិហារកេរ្តិ៍ មកជំនុំជម្រះ។
លោក សម រង្ស៊ី បញ្ជាក់ថា នេះជាឱកាសដែលលោកបានបង្ហាញការពិតអំពីអ្នកណាជាអ្នកនៅពីក្រោយខ្នងសម្លាប់លោក ហុក ឡងឌី អតីតមេប៉ូលិសខ្មែរ កាលពី ១២ឆ្នាំមុន៖ « នេះជាដំណឹងល្អ ពីព្រោះនេះជាឧកាសដ៏កម្រ ខ្ញុំនឹងលាតត្រដាងឃាតកម្មរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ មានរឿងច្រើនណាស់ ដែលខ្ញុំរង់ចាំឧកាសបែបនេះ ដើម្បីឲ្យតុលាការបារាំងពនិត្យលើ ការពិតដើម្បីជួយបញ្ចប់នៅនិទ្ទណ្ឌភាពនៅប្រទេសកម្ពុជា ពីព្រោះនៅប្រទេសកម្ពុជាអ្នកដែលប្រព្រឹត្តិឧក្រិដ្ឋកម្មនយោបាយមិនដែលរកមុខឃើញទេ ពីព្រោះតុលាការស្រុកខ្មែរមិនមែនជាតុលាការឯករាជ្យ។ តែនៅចំពោះមុខតុលាការឯករាជ្យ ដូចជាតុលាការប្រទេសបារាំង ខ្ញុំមានសង្ឃឹមច្រើនឲ្យលោក ហ៊ុន សែន មកប្ដឹងខ្ញុំទៅ។ ហ្នឹងជាឧកាសល្អ ដើម្បីឱ្យខ្ញុំលាតត្រដាងការពិត ហើយឲ្យមានការផ្ដន្ទាទោសចំពោះឧក្រិដ្ឋកម្មចំពោះលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ » ។
ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងបានកើតមានឡើងក្រោយពីចៅក្រមស៊ើបសួរនៃតុលាការប្រទេសបារាំងបានសម្រេចចោទប្រកាន់ប្រធានស្ដីទីគណបក្សប្រឆាំងលោក សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ ជាសាធារណៈលើបុគ្គល» តាមបណ្ដឹងរបស់អគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា ជាកូនប្រុសរបស់លោក ហុក ឡងឌី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
លោក ឌី វិជ្ជា តាមរយៈមេធាវីរដ្ឋាភិបាល និង មេធាវីនៅក្នុងប្រទេសបារាំងបានដាក់ពាក្យបណ្ដឹងប្រឆាំងជំទាស់នឹងលោក សម រង្ស៊ី ថា បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជាឪពុកក្មេករបស់លោកថា បានរៀបចំផែនការសម្លាប់ឪពុកបង្កើតរបស់លោក។
កាលពីទី២ ខែមិថុនា ឆ្នាំ២០១៩ មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅលើគេហទំព័ររបស់លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យសម្លាប់លោក ហុក ឡងឌី តាមរយៈធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រដែលលោកហុក ឡងឌី បានជិះពីភ្នំពេញទៅខេត្តស្វាយរៀងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក សម រង្ស៊ី បានបញ្ជាក់ទៀតថា កូនប្រុសរបស់លោក ហុក ឡងឌី ដែលជាកូនប្រសារបស់លោក ហ៊ុន សែន កំពុងរៀបចំផែនការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីរកវិធីសងសឹកលោក ហ៊ុន សែន វិញក្រោយពីឪពុកបង្កើតរបស់ខ្លួនបានស្លាប់។
អគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា ប្រាប់អាស៊ីសេរីថា លោកគ្រាន់តែចង់បានយុត្តិធម៌សម្រាប់ខ្លួនលោកប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។