មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី សម្រេចប្ដឹងទាស់ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្ដន្ទាទោសកញ្ញា ៦ឆ្នាំ ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ការចោទប្រកាន់លើកញ្ញា សេង ធារី មានចរិតនយោបាយ និងជំរុញទៅតុលាការគួរផ្ដល់យុត្តិធម៌ជូនកញ្ញា សេង ធារី ឡើងវិញ។
កញ្ញា សេង ធារី កំពុងជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ ត្រូវចំណាយលុយទិញរបស់របរប្រើប្រាស់ក្នុងពន្ធនាគារ ត្បិតមន្ត្រីពន្ធនាគារ ត្រឹមផ្ដល់ចានមួយស្លាបព្រាមួយ និងសម្លៀកបំពាក់មួយកំប្លេ ឲ្យកញ្ញា សេង ធារី។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី លោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា ពេលជួបកូនក្ដីដំបូងនៅពន្ធនាគារ លោកអាណិតកូនក្ដី។ ទោះយ៉ាងណាលោកថា កញ្ញា សេង ធារី នៅតែមានស្មារតីរឹងមាំដដែល។ លោកមេធាវីត្អូញត្អែរដែរថា លោកពិបាកនឹងជួបក្ដីរបស់លោកព្រោះត្រូវធ្វើដំណើរចំងាយជាង៣០០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តព្រះវិហារ។ លោកក៏បារម្ភពីការដឹកជញ្ជូនកូនក្ដីរបស់លោកមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍នៅភ្នំពេញនាពេលខាងមុខ៖ «គាត់ ( កញ្ញា សេង ធារី ) ទទួលបានចានមួយស្លាបព្រាមួយ ហើយខោអាវមួយកំប្លេអីៗផ្សេងទៀតគាត់អត់ទទួលបានទេ អ៊ីចឹងគាត់មានការលំបាកក្នុងការរស់នៅហ្នឹងឯង អ្វីៗបើគាត់ចង់បានត្រូវទិញក្នុងតម្លៃខ្ពស់ហើយបន្ទប់ដែលគាត់រស់នៅមានគ្នា១៨នាក់»។
កូនក្តីគាត់បាន សម្រេចប្ដឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ពេលនេះ ក្រោយពេលលោកបានជួបកូនក្ដីរបស់ចំនួនពីរដងរួចមកហើយ កាលពីចុងខែមិថុនា។
លោកមេធាវី ជូង ជូងី បន្តថា លោកមិនទាន់ទទួលដំណឹងពីសាលាឧទ្ធរណ៍ថា តុលាការនឹងបើកសវនាការលើបណ្ដឹងរបស់លោកនៅពេលណានៅឡើយទេ។
អ្នកជំនាញផ្នែកច្បាប់ និងកិច្ចការអន្តរជាតិកញ្ញា សេង ធារី ដែលតុលាការក្រុងភ្នំពេញផ្ដន្ទាទោស ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ ត្រូវបានមន្ត្រីពន្ធនាគារ ប្ដូរកន្លែងឃុំខ្លួនពីពន្ធនាគារនៅភ្នំពេញយកទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារកាលពីថ្ងៃទី១៥ ខែមិថុនា។
មន្ត្រីពន្ធនាគារអះអាងថា ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស ថា នេះជាការធ្វើទុក្ខបុកម្នេញលើកញ្ញា សេង ធារី។
ទាក់ទងភាពខ្វះខាតរបស់ប្រើប្រាស់ក្នុងពន្ធនាគារ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ទាមទារឲ្យមេធាវីការពារក្ដីកញ្ញា សេង ធារី បញ្ជាក់ឲ្យច្បាស់ៗថា តើកញ្ញា សេង ធារី ខ្វះខាតរបស់ប្រើប្រាស់អ្វីខ្លះ និងការចំណាយថវិកាទិញប៉ុន្មាន ទើបលោកអាចដោះស្រាយបាន។ អ្នកនាំពាក្យពន្ធនាគារ រូបនេះអះអាងទៀតថា មន្ត្រីពន្ធនាគារបានយកចិត្តទុកលើកញ្ញា សេង ធារី ចង់លើសអ្នកជាប់ឃុំផ្សេងទៀតផង៖ «សម្ភារ : ប្រើប្រាស់ផ្ទាល់ខ្លួនចាំបាច់អីហ្នឹងគឺផ្គត់ផ្គង់ជូនគាត់សព្វគ្រប់ដែរ ម៉ាប្រើបានណា ទាំងសាប៊ូ ទាំងច្រាសដុះធ្មេញថ្នាំដុសធ្មេញ សម្លៀកបំពាក់យើងផ្គត់ផ្គង់ជូនគាត់កន្លែងអីហ្នឹង ខ្ញុំមិនដឹងថា គាត់ចង់ទិញអីទេ បើគាត់បញ្ជាក់ឲ្យច្បាស់មកយើងស្រួលស្រាវជ្រាវតាមហ្នឹង អីវ៉ាន់នៅណាក៏ថ្លៃឥឡូវ»។
ទាក់ទងការលើកឡើងរបស់អ្នកនាំពាក្យពន្ធនាគារបែបនេះ លោកមេធាវី សុំមិនបញ្ជាក់លំអិតពីការខ្វះខាត និងការចំណាយថវិការបស់កញ្ញា សេង ធារី នៅក្នុងពន្ធនាគារនោះទេ។
ទោះបីជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ពន្ធនាគារ នៅតែជួបបញ្ហាចង្អៀតណែន និងការផ្ដល់អាហារមិនគ្រប់គ្រាន់ដល់អ្នកជាប់ឃុំ។ លោក អំ សំអាត រំពឹងថា តុលាការជាន់ខ្ពស់នឹងផ្ដល់យុត្តិធម៌ ដល់កញ្ញា សេង ធារី ខណៈមតិជាតិ និងអន្តរជាតិ រិះគន់ថា ការចោទប្រកាន់នេះ ជារឿងនយោបាយ៖ «គេយល់ថា ការផ្ដន្ទាទោសទៅលើ កញ្ញា សេង ធារី ជារឿងអយុត្តិធម៌ ជារឿងដែលធ្វើការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ បំភិតបំភ័យទៅលើសកម្មជនការពារសិទ្ធិមនុស្ស ព្រោះកញ្ញាសេង ធារី តែងតែតស៊ូមតិដើម្បីសេរីភាព និងដើម្បីសិទ្ធិមនុស្ស កន្លងមក»។
លោក អំ សំអាត ចាត់ទុកការបញ្ជូនកញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ គឺប៉ះពាល់ដល់សិទ្ធិទទួលបានការជួបជាមួយគ្រួសារ និងហាក់ដាក់សម្ពាធបន្ថែមទៀតលើកញ្ញា សេង ធារី។
ទោះយ៉ាងណាអ្នកនាំពាក្យពន្ធនាគារលោក នុត សវនា អះអាងថា ប្រសិនបើកញ្ញា សេង ធារី មិនពេញចិត្តចំពោះការជាប់ឃុំនៅពន្ធនាគារខេត្តព្រះវិហារ កញ្ញាអាចពឹងមេធាវី ដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីប្ដូរមកជាប់ឃុំនៅពន្ធនាការរាជធានី ភ្នំពេញវិញក៏បានដែរ។ ចំណែកលោកមេធាវី ជូង ជូងី ប្រាប់ថា លោកបានជជែករឿងនេះជាមួយក្ដីរបស់លោកដែរ ប៉ុន្តែកញ្ញា សេង ធារី មិនទាន់ឆ្លើយមកលោកវិញនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។