អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ បិទ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​កន្លែង​​នៅ​កោះ​រ៉ុង​សន្លឹម ​ក្រោយ​រក​ឃើញ​សកម្មភាព​ល្មើស​ច្បាប់

ដោយ សេក បណ្ឌិត
2019-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (JINDING) នៅ​ភូមិ​កោះ​រ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​កំហិត នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ២០១៩។
មជ្ឈមណ្ឌល​កម្សាន្ត ជីនទីង (JINDING) នៅ​ភូមិ​កោះ​រ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​ព្រះសីហនុ ដែល​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​កំហិត នៅ​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ Screenshot from video of Mother Nature Cambodia

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​សម្រេច​បិទ​អាជីវកម្ម​កម្សាន្ត​របស់​ជនជាតិ​ចិន​​មួយ​កន្លែង​នៅ​លើ​​កោះ​រ៉ុង​សន្លឹម ក្រោម​ហេតុ​ផល​ថា ទីតាំង​នោះ​មិនបាន​អនុវត្ត​តាម​ច្បាប់។ យុវជន​ និង​សកម្មជន​បរិស្ថាន​គាំទ្រ​ចំណាត់​ការ​នេះ ដោយសារ​ពួក​គេ​បាន​រក​ឃើញ​ថា ទីតាំង​អាជីវកម្ម​​​នោះ បាន​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ​កោះ​រ៉ុង​សន្លឹម។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ តម្រូវ​ឱ្យ​ម្ចាស់​​​មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង (JINDING) ស្ថិត​ក្នុង​ភូមិ​កោះ​រ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​ព្រះសីហនុ បិទ​អាជីវកម្ម​របស់​ខ្លួន​ជា​កំហិត ចាប់​ពី​ថ្ងៃ​ទី២២ ខែ​មីនា។ វិធានការ​ក្ដៅ​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នេះ ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ ៧៧នាក់ និង​ក្រោយ​ពី​មាន​ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ពី​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ។

អាជ្ញាធរ​រក​ឃើញ​ថា មជ្ឈមណ្ឌល​កម្សាន្ត​ ជីន ទីង​ បាន​ប្រព្រឹត្ត​ខុស​ច្បាប់ និង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន។ សកម្ម​ភាព​ទាំង​នោះ​មាន​ដូច​ជា ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​​សមុទ្រ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ចម្រោះ ការ​សាងសង់​ទីតាំង​កាស៊ីណូ​រំលោភ​លើ​ដី​ឆ្នេរ​សមុទ្រ ​ការ​ដាក់​ម៉ាស៊ីន​ភ្លើង​នៅ​លើ​ផែ​ធ្វើ​ឱ្យ​មាន​ប្រេង​ហូរ​ចូល​សមុទ្រ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចាក់​ធុងបាស​ខ្លាំង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ។ ក្រៅ​ពី​នេះ មជ្ឈមណ្ឌល​កម្សាន្ត​ចិន​មួយ​នេះ បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ល្បែង​ភ្នាល់​អនឡាញ​ដែល​ហួស​សុពល​ភាព និង​មាន​ករណី​បាញ់​បោះ​ហិង្សា ​ប្រព្រឹត្ត​ដោយ​អ្នក​គ្រប់​គ្រង​សន្តិសុខ​នៅ​ទីនោះ​ទៀត​ផង នេះ​បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ផ្ញើ​ជូន​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី១៣ មីនា។

កញ្ញា លាង​ សុភារី គឺ​ជា​យុវជន​ស្ម័គ្រ​ចិត្ត​មួយ​រូប​​ ដែល​បាន​ចុះ​ទៅ​ថត និង​​បង្ហោះ​វីដេអូ​ស្ដីពី​ការ​បង្ហូរ​ទឹក​កខ្វក់​ចេញ​ពី​មជ្ឈមណ្ឌល​កម្សាន្ត​ ជីន ទីង ចូល​ក្នុង​សមុទ្រ​នៅ​កោះរ៉ុង​សន្លឹម កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ។ កញ្ញា​​សាទរ​​​ចំពោះ​ចំណាត់​ការ​​​របស់​អាជ្ញាធរ​នេះ ព្រោះ​កញ្ញា​មើល​ឃើញ​ថា អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​កំពុង​បំផ្លិច​បំផ្លាញ​បរិស្ថាន​តំបន់​​ឆ្នេរ​កោះរ៉ុង​សន្លឹម ដែល​ជា​កន្លែង​ទេសចរ​ដ៏​ទាក់​ទាញ​ក្នុង​​ខេត្ត​ព្រះសីហនុ៖ «ខ្ញុំ​ចង់​ឱ្យ​គាត់​ចុះ​មើល​លូ​ដែល​បង្ហូរ​ចូល​ក្នុង​សមុទ្រ​ទាំង​នៅ​កោះរ៉ុង កោះរ៉ុង​សន្លឹម ទាំង​ឆ្នេរ​អូរ​ឈើ​ទាល ឱ្យ​គាត់​ចុះ​ទប់​ស្កាត់​ការ​បង្ហូរ​ទឹក​លូ​ហ្នឹង ដើម្បី​កុំ​ឱ្យ​សមុទ្រ​យើង​ខូច​ខាត​ទាន់»

ចំណែក​ សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា វិញ ក៏​គាំទ្រ​ចំណាត់​ការ​នេះ​ដែរ ប៉ុន្តែ​លោក​​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ចុះ​ត្រួត​ពិនិត្យ​​​​​ទីតាំង​អាជីវកម្ម និង​មណ្ឌល​កម្សាន្ត​ដទៃ​ទៀត ព្រោះ​លោក​ជឿជាក់​ថា ករណី​ស្រដៀង​គ្នា​នេះ ក៏​កើត​មាន​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ។ លោក​​ថា ក្រៅពី​បិទ​អាជីវកម្ម​ អាជ្ញាធរ​ក៏​​គួរ​តែ​នាំ​ខ្លួន​ម្ចាស់ មជ្ឈមណ្ឌល​កម្សាន្ត ជីន ទីង ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ដែរ​​ ព្រោះ​បទល្មើស​ដែល​អាជ្ញាធរ​រក​ឃើញ​ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ៖ «កម្ពុជា​ជា​ប្រទេស​ដែល​មាន​ច្បាប់​ត្រឹមត្រូវ​ទាំង​ទោស​ព្រហ្មទណ្ឌ​ជា​ដើម អ៊ីចឹង​អាជ្ញាធរ ត្រូវ​តែ​ដាក់​ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​ម្ចាស់​អាជីវកម្ម ដែល​គាត់​អនុញ្ញាត​ឱ្យ​មាន​បទ​ល្មើស​ជា​ច្រើន​កើត​ឡើង​នៅ​កន្លែង ដែល​គាត់​ប្រកប​អាជីវកម្ម ហើយ​ជា​ការ​ពិន័យ ជា​ការ​ព្រមាន​ទៅ​កាន់​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត កុំ​ឱ្យ​ហ៊ាន​រំលោភ​ទៅ​លើ​ច្បាប់។ មួយ​ទៀត ត្រូវ​ស៊ើប​អង្កេត​ថា តើ​មន្ត្រី​អសកម្ម​រូប​ណា ដែល​ឃុបឃិត​គ្នា​ក្នុង​ការ​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​នេះ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឱ សារឿន បាន​ទេ​នៅ​ថ្ងៃទី១៣ មីនា ដោយ​លោក​ទាំង​ពី​រ​មិន​លើក​ទូរស័ព្ទ។ ចំណែក​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ ជីន ទីង លោក ស៊ូ ជៀន​ហ័រ (Zhou JIANHUA)​ ក៏​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា តំបន់​ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ​កំពុង​ចាក់​ស្រេះ​ទៅ​ដោយ​បញ្ហា​បរិស្ថាន​ជា​ច្រើន​ ដូច​ជា រឿង​សំរាម និង​ការ​បំពុល​ទឹក​សមុទ្រ​ជា​ដើម បន្ថែម​លើ​ការ​ចាក់​ដី​រំលោភ​យក​ឆ្នេរ​ធ្វើជា​កម្មសិទ្ធិឯកជន​។ ជា​ឧទាហរណ៍ ក្នុង​ភូមិសាស្ត្រ​ឆ្នេរ​អូរ​ឈើ​ទាល ទឹក​កខ្វក់​ជា​ច្រើន​កន្លែង ​ត្រូវ​បាន​គេ​បង្ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​ផ្ទាល់ មិន​មាន​ឆ្លង​កាត់​ការ​ចម្រោះ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ទឹក​កខ្វក់​ទាំង​នោះ​ មាន​ផ្ទុក​ទៅ​ដោយ​ពពួក​បាក់តេរី ​ប៉ារ៉ាស៊ីត និង​មេរោគ ដែល​សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជំងឺ​ឆ្លង​ជាច្រើន​ប្រភេទ ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​​ចុះ​មុជ​ទឹក​លេង​កម្សាន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល