អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទអាជីវកម្មកម្សាន្តរបស់ជនជាតិចិនមួយកន្លែងនៅលើកោះរ៉ុងសន្លឹម ក្រោមហេតុផលថា ទីតាំងនោះមិនបានអនុវត្តតាមច្បាប់។ យុវជន និងសកម្មជនបរិស្ថានគាំទ្រចំណាត់ការនេះ ដោយសារពួកគេបានរកឃើញថា ទីតាំងអាជីវកម្មនោះ បានបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ប៉ះពាល់ដល់សោភ័ណភាពឆ្នេរកោះរ៉ុងសន្លឹម។
រដ្ឋបាលខេត្តព្រះសីហនុ តម្រូវឱ្យម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង (JINDING) ស្ថិតក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ បិទអាជីវកម្មរបស់ខ្លួនជាកំហិត ចាប់ពីថ្ងៃទី២២ ខែមីនា។ វិធានការក្ដៅរបស់អាជ្ញាធរខេត្តព្រះសីហនុនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ៧៧នាក់ និងក្រោយពីមានការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រីជំនាញពាក់ព័ន្ធ។
អាជ្ញាធររកឃើញថា មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង បានប្រព្រឹត្តខុសច្បាប់ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ សកម្មភាពទាំងនោះមានដូចជា ការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រដោយមិនបានឆ្លងកាត់ការចម្រោះ ការសាងសង់ទីតាំងកាស៊ីណូរំលោភលើដីឆ្នេរសមុទ្រ ការដាក់ម៉ាស៊ីនភ្លើងនៅលើផែធ្វើឱ្យមានប្រេងហូរចូលសមុទ្រប៉ះពាល់ដល់បរិស្ថាន និងការចាក់ធុងបាសខ្លាំងបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ ក្រៅពីនេះ មជ្ឈមណ្ឌលកម្សាន្តចិនមួយនេះ បានប្រើប្រាស់អាជ្ញាប័ណ្ណល្បែងភ្នាល់អនឡាញដែលហួសសុពលភាព និងមានករណីបាញ់បោះហិង្សា ប្រព្រឹត្តដោយអ្នកគ្រប់គ្រងសន្តិសុខនៅទីនោះទៀតផង នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុផ្ញើជូនម្ចាស់មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១៣ មីនា។
កញ្ញា លាង សុភារី គឺជាយុវជនស្ម័គ្រចិត្តមួយរូប ដែលបានចុះទៅថត និងបង្ហោះវីដេអូស្ដីពីការបង្ហូរទឹកកខ្វក់ចេញពីមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ចូលក្នុងសមុទ្រនៅកោះរ៉ុងសន្លឹម កាលពីចុងខែកុម្ភៈកន្លងទៅ។ កញ្ញាសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនេះ ព្រោះកញ្ញាមើលឃើញថា អាជីវកម្មរបស់ក្រុមហ៊ុនចិនមួយនេះកំពុងបំផ្លិចបំផ្លាញបរិស្ថានតំបន់ឆ្នេរកោះរ៉ុងសន្លឹម ដែលជាកន្លែងទេសចរដ៏ទាក់ទាញក្នុងខេត្តព្រះសីហនុ៖ « ខ្ញុំចង់ឱ្យគាត់ចុះមើលលូដែលបង្ហូរចូលក្នុងសមុទ្រទាំងនៅកោះរ៉ុង កោះរ៉ុងសន្លឹម ទាំងឆ្នេរអូរឈើទាល ឱ្យគាត់ចុះទប់ស្កាត់ការបង្ហូរទឹកលូហ្នឹង ដើម្បីកុំឱ្យសមុទ្រយើងខូចខាតទាន់ » ។
ចំណែក សកម្មជនបរិស្ថាន លោក ថុន រដ្ឋា វិញ ក៏គាំទ្រចំណាត់ការនេះដែរ ប៉ុន្តែលោកជំរុញឱ្យអាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម និងមណ្ឌលកម្សាន្តដទៃទៀត ព្រោះលោកជឿជាក់ថា ករណីស្រដៀងគ្នានេះ ក៏កើតមាននៅកន្លែងផ្សេងទៀតដែរ។ លោកថា ក្រៅពីបិទអាជីវកម្ម អាជ្ញាធរក៏គួរតែនាំខ្លួនម្ចាស់ មជ្ឈមណ្ឌលកម្សាន្ត ជីន ទីង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដែរ ព្រោះបទល្មើសដែលអាជ្ញាធររកឃើញ គឺជាបទល្មើសព្រហ្មទណ្ឌ៖ « កម្ពុជាជាប្រទេសដែលមានច្បាប់ត្រឹមត្រូវទាំងទោសព្រហ្មទណ្ឌជាដើម អ៊ីចឹងអាជ្ញាធរ ត្រូវតែដាក់ទោសធ្ងន់ធ្ងរទៅលើម្ចាស់អាជីវកម្ម ដែលគាត់អនុញ្ញាតឱ្យមានបទល្មើសជាច្រើនកើតឡើងនៅកន្លែង ដែលគាត់ប្រកបអាជីវកម្ម ហើយជាការពិន័យ ជាការព្រមានទៅកាន់ម្ចាស់អាជីវកម្មដទៃទៀត កុំឱ្យហ៊ានរំលោភទៅលើច្បាប់។ មួយទៀត ត្រូវស៊ើបអង្កេតថា តើមន្ត្រីអសកម្មរូបណា ដែលឃុបឃិតគ្នាក្នុងការបណ្ដែតបណ្ដោយឱ្យមានបញ្ហានេះកើតឡើងជាច្រើនឆ្នាំមកនេះ » ។
អាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឱ សារឿន បានទេនៅថ្ងៃទី១៣ មីនា ដោយលោកទាំងពីរមិនលើកទូរស័ព្ទ។ ចំណែកម្ចាស់ក្រុមហ៊ុនកាស៊ីណូ ជីន ទីង លោក ស៊ូ ជៀនហ័រ ( Zhou JIANHUA) ក៏អាស៊ីសេរីមិនអាចទាក់ទងបានដូចគ្នា។
សកម្មជនបរិស្ថានរកឃើញថា តំបន់ឆ្នេរនៃខេត្តព្រះសីហនុកំពុងចាក់ស្រេះទៅដោយបញ្ហាបរិស្ថានជាច្រើន ដូចជា រឿងសំរាម និងការបំពុលទឹកសមុទ្រជាដើម បន្ថែមលើការចាក់ដីរំលោភយកឆ្នេរធ្វើជាកម្មសិទ្ធិឯកជន។ ជាឧទាហរណ៍ ក្នុងភូមិសាស្ត្រឆ្នេរអូរឈើទាល ទឹកកខ្វក់ជាច្រើនកន្លែង ត្រូវបានគេបង្ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ មិនមានឆ្លងកាត់ការចម្រោះឱ្យបានត្រឹមត្រូវឡើយ។ ទឹកកខ្វក់ទាំងនោះ មានផ្ទុកទៅដោយពពួកបាក់តេរី ប៉ារ៉ាស៊ីត និងមេរោគ ដែលសុទ្ធសឹងជាប្រភពនៃជំងឺឆ្លងជាច្រើនប្រភេទ ដែលអាចប៉ះពាល់ដល់សុខភាពអ្នកចុះមុជទឹកលេងកម្សាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
