តុលាការ​ខេត្ត​ព្រះសីហនុ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​​លោក ឆាយ រដ្ឋ អតីត​មន្ត្រី​បក្ស​ប្រឆាំង

0:00 / 0:00

តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ ឃុំ​របស់​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ លោក ឆាយ រដ្ឋ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ​សង្កេត​ឃើញ​ថា សំណុំរឿង​ដែល​មាន​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជាប់​ពាក់ព័ន្ធ​ពិបាក​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់។

មេធាវី​ការពារ​ក្តី​លោក ឆាយ រដ្ឋ គ្រោង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​យក​ឯកសារ​របស់​តុលាការ​ខេត្ត​នេះ​មក​ពិនិត្យ​មើល​អំពី​ការ​ពន្យល់​របស់​តុលាការ​ទាក់ទង​មូលហេតុ ដែល​បដិសេធ​បណ្ដឹង​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ឆាយ រដ្ឋ។

សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឆាយ រដ្ឋ លោក មេធាវី ឡោ ជុនធី ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២៦ កុម្ភៈ​ថា ទោះ​លោក​បាន​ដឹង​ថា តុលាការ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ហើយ​ក្តី ក៏​លោក​មិន​ទាន់​ទទួល​បាន​ឯកសារ​ពី​តុលាការ​នៅ​ឡើយ​ទេ។ លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ទទួល​បាន​ការ​បញ្ជាក់​របស់​តុលាការ​រួច​ហើយ លោក​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍៖ «យើង​មិន​ទាន់​ដឹង​ថា គេ​បដិសេធ​ដោយ​មូលហេតុ​អី ព្រោះ​យើង​អត់​បាន​មើល​ហ្នឹង ដល់​យើង​ទៅ​តុលាការ​ផ្ទាល់»

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង លោក ឆាយ រដ្ឋ និង​សកម្មជន​សិទ្ធិ​ការងារ​ម្នាក់​ទៀត លោក ទេព សុផា គឺ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ពួក​គេ​សង្កេត​ឃើញ​ថា អ្នក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ។

អ្នក​សម្របសម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) នៅ​ក្រុង​ព្រះសីហនុ លោកស្រី ជៀប សុធារី និយាយ​ថា នៅ​ពេល​សំណុំ​រឿង​ទាក់ទង​មន្រ្តី​គណបក្ស​ប្រឆាំង​ពួក​គេ​កម្រ​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ណាស់ បើ​ទោះ​បី​លោកស្រី​មើល​ឃើញ​ថា លោក ឆាយ រដ្ឋ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​អាច​នៅ​ក្រៅ​ឃុំ​បាន​ក្តី។ លោកស្រី​យល់​ថា សំណុំរឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ខណៈ​វិវាទ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​តែ​ក្ដៅ​គគុក​ដដែល​នោះ៖ «ខ្ញុំ​អត់​សូវ​មាន​ទំនុក​ចិត្ត​ថា តុលាការ​យើង​ឯង​រាជ្យ​ទេ ដោយសារ​យើង​ឃើញ​ថា ដោយ​យើង​មើល​ពី​សមាសភាព​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​ភាគ​ច្រើន​ជា​មន្ត្រី​តុលាការ និង​មន្ត្រី​រាជការ​ផ្សេង​ទៀត»

កាល​ពី​ថ្ងៃ​ទី២១ មករា អភិបាល​រង​ខេត្ត​ព្រះសីហនុ​លោក ស្រ៊ុន ស្រ៊ន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក ឆាយ រដ្ឋ ក្នុង​ពេល​ដែល​អតីត​ចៅ​សង្កាត់​រង​ទី២ គណបក្ស សម រង្ស៊ី រូប​នេះ ដើរ​មក​ពី​មើល​ដី​របស់​ខ្លួន​រួច​ទៅ​មើល​កន្លែង​កើត​ហេតុ។ ក្នុង​ពេល​នោះ​សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​លោក ឆាយ រដ្ឋ និង​លោក ទេព សុផា ដែល​ជា​បុគ្គលិក​ក្រៅ​ម៉ោង ឬ​សកម្មជន​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព ស៊ីខៅដូ (C.CAWDU)។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន និង​ចោទ​ប្រកាន់​អតីត​មន្ត្រី គណបក្ស សង្គ្រោះ​ជាតិ លោក ឆាយ រដ្ឋ និង​សកម្មជន​សិទ្ធ​ការងារ​លោក ទេព សុផា ថា ពួក គេ​បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​ដី ដាក់​សញ្ញា​សម្គាល់​ក្នុង​គោល​បំណង​កាន់កាប់​ជា​កម្មសិទ្ធិ​ និង​រារាំង​បង្ក​គ្រោះថ្នាក់​របួស​ស្នាម​ដល់​មន្ត្រី​ការពារ​និង​អភិរក្ស​ធម្មជាតិ​ក្នុង​ការ​ចុះ​អនុវត្ត​មុខ​នាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​មាត្រា​៦១​នៃ​ច្បាប់​ស្ដី​តំបន់​ការពារ​ធម្មជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។