លោក សុន ឆ័យ សម្រេចប្ដឹងសាទុក្ខទៅតុលាការកំពូលករណីចាញ់ក្ដីបក្សកាន់អំណាច និងគ.ជ.ប
2022.12.20

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ សម្រេចប្រគល់សិទ្ធិឱ្យមេធាវីការពារក្ដីរបស់លោកប្ដឹងសាទុក្ខទៅតុលាការកំពូលករណីលោកចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច ចោទប្រកាន់ថា បញ្ហា ដែលកើតឡើងនេះ ព្រោះលោក សុន ឆ័យ មិនបានរក្សាការស្ងៀមស្ងាត់ ហើយចេះតែដើរនិយាយបរិហារកេរ្តិ៍ គណបក្សប្រជាជនកម្ពុជា។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅតែបន្តជំហររកយុត្តិធម៌ តាមយន្តការរបស់តុលាការតទៅទៀត បើទោះជាលោកពុំសូវមានសង្ឃឹមថា តុលាការអាចលាងភាពស្អាតស្អំឱ្យលោកបានក្ដី។ ចំណែកមន្ត្រីសិទ្ធិមនុស្ស ដែលតាមដានដំណើររឿងនេះ នៅតែទទូចទៅតុលាការ គួរហ៊ានសម្រេចក្ដីដោយឈរលើសំណុំរឿងនេះ ដោយឈរគោលជំហរឯករាជ្យ ដោយកុំស្ថិតក្រោមឥទ្ធិពលពីអ្នកមានអំណាច ទើបតុលាការ អាចសម្រេចក្ដីដោយយុត្តិធម៌។
មេធាវីការពារលោក សុន ឆ័យ លោកមេធាវី ជូង ជូងី ឱ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២០ ខែធ្នូថា កូនក្ដីរបស់លោក សម្រេចឱ្យលោករៀបចំប្ដឹងសាទុក្ខប្ដឹងទៅតុលាការកំពូលប្រឆាំងការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប។ លោកមេធាវី មិនទាន់បង្ហាញក្ដីរំពឹងបែបណាលើការសម្រេចក្ដីរបស់តុលាការកំពូលនោះទេ ដោយលោកថា ត្រូវរង់ចាំការសម្រេចក្ដីជាក់ស្ដែងនាពេលខាងមុខនេះសិន។
មេធាវី ជូង ជូងី៖ «អត់ទាន់ជាក់លាក់ដែរព្រោះថា កិច្ចការអ៊ីចឹង ខ្ញុំរវល់ ប៉ុន្តែ បើលៃបានមួយថ្ងៃពីរថ្ងៃដាក់ប្លុកភ្លាម (ដាក់ពាក្យប្ដឹងសាទុក្ខ»។
លោកមេធាវី ជូង ជូងី ឱ្យដឹងដែរថា មកដល់ពេលនេះ លោកមិនទាន់ដាក់ពាក្យប្ដឹងទៅតុលាការកំពូលជាផ្លូវការនៅឡើយទេ ព្រោះលោកមានធុរៈចាំបាច់មួយចំនួន ប៉ុន្តែលោកថា លោកនឹងដាក់បណ្ដឹងសាទុក្ខនោះឱ្យស្របតាមនីតិវិធីរបស់តុលាការ ដែលមានរយៈពេល១ខែ ចាប់ពីពេលសាលាឧទ្ធរណ៍ប្រកាសសាលដីកាលើសំណុំរឿងនេះ។
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ បានរក្សាការសម្រេចរបស់តុលាការក្រុងភ្នំពេញទុកជាបានការ។ តុលាការជាន់ខ្ពស់មួយនៅតែសម្រេចឱ្យគណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្តឈ្នះក្ដីលោក សុន ឆ័យ ដដែល។ សាលាឧទ្ធរណ៍ក៏សម្រេចឱ្យលោក សុន ឆ័យ បន្ថែមប្រាក់សំណងជំងឺចិត្តទៅគណបក្សកាន់អំណាចប្រមាណ ៣០ម៉ឺនដុល្លារ បន្ថែមទៀត លើប្រាក់ជំងឺប្រមាណ ៧៥ម៉ឺនដុល្លារ ដែលតុលាការក្រុងភ្នំពេញសម្រេចឱ្យលោក សុន ឆ័យ បង់ជូនទៅគណបក្សប្រជាជនកម្ពុជា។
បក្សកាន់អំណាច និង គ.ជ.ប បានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ កាលពីខែមិថុនា ក្រោយពេលលោក សុន ឆ័យ បានរិះគន់ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កន្លងទៅ មិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ មានការបំភិតបំភ័យ និងលួចបន្លំសន្លឹកឆ្នោតជាដើម។
ទាក់ទងរឿងនេះ ភាគីដើមបណ្ដឹង គឺអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយហាក់ដឹងលទ្ធផលមុនថា ពេលតុលាការកំពូលសម្រេចក្ដីរួចហើយ លោកស្នើសុំទៅលោក សុន ឆ័យ គួរយល់ព្រមទទួលយកការសម្រេចក្ដីរបស់តុលាការកំពូល។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ នៅតែលើកឡើងដដែលៗ ថា គ្មានការចរចាណាមួយ ដើម្បីបញ្ចប់សំណុំរឿងនេះទេ។
លោក សុខ ឥសាន៖ «បើ សុន ឆ័យ គាត់ពឹងផ្អែកតុលាការកំពូល នៅពេលតុលាការកំពូលគាត់សម្រេចយ៉ាងម៉េច សុំឱ្យ សុន ឆ័យ គោរពតាមការសម្រេចគោរពតាមការសម្រេចរបស់តុលាការទៅ កុំឡាំប៉ាតទៅទៀត អត់មានពាក់ព័ន្ធនឹងនយោបាយអីទេ បើ សុន ឆ័យ កុំជេរគេទៅ អត់មានបញ្ហាអីទេ កុំនិយាយបរិហារកេរ្តិ៍គេ»។
ពាក់ព័ន្ធសំណុំរឿងនេះដែរ មតិជាតិ និងអន្តរជាតិ តែងតែរិះគន់ថា ប្រព័ន្ធតុលាការកម្ពុជា សម្រេចក្ដីដោយស្ថិតក្រោមឥទ្ធិពលអ្នកមានអំណាច ហើយបើលោក ហ៊ុន សែន ចង់បានបែបណា តុលាការក៏តែងតែសម្រេចដូច្នោះដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនរុណា ស្នើទៅតុលាការកំពូល គួរសម្រេចក្ដីដោយឈរលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង។ លោកយល់ថា បើតុលាការមានសុភវិនិច្ឆ័យ តុលាការអាចនឹងផ្ដល់យុត្តិធម៌ដល់លោក សុន ឆ័យ ព្រោះលោកសង្កេតឃើញថា អ្វីដែលលោក សុន ឆ័យ លើកឡើងជាសេរីភាពនៃការបញ្ចេញមតិ។
លោក ស៊ឹង សែនរុណា៖ «សកម្មជនសង្គមអ៊ីជាដើមហ្នឹង អ៊ីចឹង មានការផ្ដល់យុត្តិធម៌បែបហ្នឹងមានផលចំណេញទៅរដ្ឋាភិបាល បក្សកាន់អំណាចទៅវិញ ដោយសារតែសហគមន៍អន្តរជាតិគេអាចយល់ឃើញថា ជារឿងល្អមួយ ដែលគេពិនិត្យអាចជាការបើកលំហនូវសិទ្ធិសេរីភាព ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងងាកមកគោរពសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
ប្រសិនបើតុលាការកំពូលកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប.ដដែលនោះ តុលាការអាចរឹបអូសដីផ្ទះរបស់លោក សុន ឆ័យ នៅរាជធានី ភ្នំពេញមួយកន្លែង និងនៅខេត្តសៀមរាបមួយកន្លែងទៀត ដែលតុលាការក្រុងភ្នំពេញបានចេញដីកាឱ្យអាជ្ញាធរត្រៀមចាំរឹបអូសអចលនទ្រព្យរបស់លោក សុន ឆ័យ ទាំងពីរកន្លែងនេះរួចហើយ។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលលើកឡើងថា បើតុលាការមិនបានផ្ដល់យុត្តិធម៌ដល់លោក សុន ឆ័យ ទេ ជាការបញ្ជាក់ថា ការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ គឺពោរពេញដោយការគំរាមកំហែង ធ្វើទុក្ខបុកម្នេញលើគណបក្សនយោបាយ ដែលជាគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។