លោក ហុង សុខហួរ សុខ​ចិត្ត​​តម្កល់​លិខិត​ឆ្លង​ដែន​និង​ប្រាក់​ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ

ដោយ​ សុ ជីវី
2016.02.26
ហុង សុខហួរ តុលាការ ៨៥៥ ២០១៦ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ ពេល​នាំ​ខ្លួន​ចេញ​ពី​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Rann Samnang

ចៅក្រម​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ទៅ​ថ្ងៃ​ទី​៤ ខែ​មីនា។

នៅ​ក្នុង​សវនាការ លោក ហុង សុខហួរ បញ្ជាក់​ថា លោក​សុខចិត្ត​តម្កល់​លិខិត​ឆ្លង​ដែន និង​បង់​ប្រាក់​ធានា​មួយ​ចំនួន​ទៀត​ជា​ថ្នូរ​នឹង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ។

នៅ​ក្នុង​បន្ទប់​សវនាការ​ដែល​សួរ​ដេញដោល​រយៈពេល​ជិត ១​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​មុខ​ចៅក្រម​នៃ​តុលាការ​កំពូល លោក ហុង សុខហួរ អះអាង​ពី​ការ​មិន​រត់​គេច​ខ្លួន​របស់​លោក និង​សុខចិត្ត​តម្កល់​ប្រាក់​ធានា និង​លិខិត​ឆ្លង​ដែន​ទាំង​អស់​របស់​លោក។

ថ្លែង​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ក្រោយ​សវនាការ មេធាវី​ការពារ លោក ហុង សុខហួរ គឺ​លោក ជូង ជូងី មាន​ប្រសាសន៍​​អះអាង​ថា ​កូនក្ដី​របស់​លោក​នឹង​មិន​ចេញ​ទៅ​ណា​ឡើយ និង​យល់ព្រម​ធ្វើ​តាម​នីតិវិធី​ដែល​តុលាការ​ត្រូវការ៖ «គាត់​អត់​រត់​ទៅ​ណា​ទេ គាត់​សុខ​ចិត្ត​តម្កល់​លិខិត​ឆ្លង​ដែន​ទាំង​២ (ខ្មែរ-បារាំង) ហើយ​គាត់​សុខចិត្ត​តម្កល់​ប្រាក់ ២០​លាន​រៀល​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ។ ប៉ុន្តែ​កន្លង​មក សាលាដំបូង​រាជធានី ក៏​ដូច​សាលា​ឧទ្ធរណ៍ អត់​ព្រម​ដោះលែង​គាត់»

លោក ជូង ជូងី លើក​ឡើង​ទៀត​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ហុង សុខហួរ បន្ត​ទៀត គឺ​ពុំ​មាន​លទ្ធផល​ល្អ​ឡើយ៖ «ការ​ដែល​ឃុំ​ខ្លួន​មនុស្ស​ដែល​គ្មាន​ទោស ហើយ​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធ​សភា មិន​មែន​ជា​បច្ច័យ​ល្អ​សម្រាប់​សង្គម​ទេ វា​ជះ​ឥទ្ធិពល​ល្អ​ទៅ​ដល់​សង្គម និង​អន្តរជាតិ​ដែរ»

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បន្ទាប់​ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-​វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​លោក​ចំនួន ៣​បទ​ចោទ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មេធាវី​ការពារ​លោក ហុង សុខហួរ នេះ តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ទរ​តាម​ពាក្យ​របស់​មេ​បក្ស​របស់​លោក​ថា លោក ហុង សុខហួរ មាន​ទោស​ក្បត់​ជាតិ ដែល​​​ទំនង​ថា តុលាការ​នឹង​មិន​ដោះលែង​លោក​អោយ​នៅ​ក្រៅ​ឃុំ​ឡើយ៖ «បញ្ហា​ដែល​ប្រកាស​ថា កម្ពុជា-​វៀតណាម ចុះ​កិច្ច​ព្រមព្រៀង​ព្រំដែន​នេះ ជា​អំពើ​ក្បត់​ជាតិ អ៊ីចឹង​គាត់​មាន​ចេតនា​ទុច្ចរិត​មួយ​ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ដុត​កំហឹង​ប្រជាជន​ឲ្យ​ថ្កោល​ទោស​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ឈប់​បោះ​ឆ្នោត​អោយ​បក្ស​ប្រជាជន​កម្ពុជា។ អ៊ីចឹង​ទេ ការ​ដែល​មិន​ដោះលែង​គាត់​នោះ មិន​ធ្ងន់ធ្ងរ​ទេ»

នៅ​ក្នុង​សវនាការ​សុំ​ក្រៅ​ឃុំ​ដដែល​នេះ​ លោក ហុង សុខហួរ បាន​លើក​ឡើង​ថា ​មូលហេតុ​នៃ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ដោយសារ​លោក​កំពុង​មាន​ជំងឺ​លើស​ឈាម និង​មាន​បញ្ហា​ក្រពះ​ដែល​ត្រូវ​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់។

ភរិយា​លោក ហុង សុខហួរ អ្នកស្រី គន្ធ លំអង មាន​ប្រសាសន៍​ថា ស្ថានភាព​ក្នុង​ពន្ធនាការ​ពុំ​បាន​ជួយ​អោយ​សុខភាព​ប្ដី​អ្នកស្រី​បាន​ធូរ​ស្រាល​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​នៅ​តែ​បារម្ភ​នេះ គឺ​បញ្ហា​សុខភាព អនាម័យ។ ឥឡូវ​ថែម​ជំងឺ​ក្រពះ​មួយ​មុខ​ទៀត​ហើយ ដោយសារ​តែ​ពិសា​មិន​ទៀងទាត់...»

បន្ទាប់​ពី​សវនាការ លោក ហុង សុខហួរ ត្រូវ​នាំ​ត្រឡប់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ជា​ទី​ដែល​លោក​ត្រូវ​ឃុំ​ខ្លួន​អស់​រយៈពេល ៦​ខែ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។