យុត្តិធម៌​សម្រាប់​អ្នកកាសែត​លោក​ឃឹម សំបូរ និង​កូនប្រុស ១២​ឆ្នាំ ក្រោយ​ឃាតកម្ម

ដោយ ជីវិតា
2020-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពិធីបុណ្យសព​លោក ឃឹម សំបូរ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០០៨។
ទិដ្ឋភាព​ពិធីបុណ្យសព​លោក ឃឹម សំបូរ កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០០៨។
AFP

ឃាតកម្ម​ផ្ដាច់​ជីវិត​លោក ឃឹម សំបូរ អ្នកកាសែត​មនសិការ​ខ្មែរ និង​កូនប្រុស​របស់​លោក ឈ្មោះ​ខាត់ សារិនភាតា គិត​មក​ត្រឹម​ថ្ងៃទី១១ កក្កដា ឆ្នាំ​២០២០​នេះ មាន​រយៈពេល​១២​ឆ្នាំ​គត់​។ សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​វប្ប​ធម៌​និទ្ទណ្ឌភាព​លើ​អ្នកកាសែត និង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន យល់ស្រប​ដូចគ្នា​ថា ការ​សម្លាប់​អ្នកកាសែត ដែល​គ្រាន់តែ​ប្រើ​ស្លាបប៉ាកកា ឬ​ជា​អ្នក​នាំសារ​នោះ គឺជា​ទង្វើ​ដ៏​អាក្រក់ ដែល​សង្គម​មិន​អាច​ទទួលយក​បានទេ​។ ពួកគេ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី គួរ​ប្រើ​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​នេះ រំដោះ​សង្គម​កម្ពុជា​ឱ្យ​ចេញ​ផុត​ពី​អំពើ​និទ្ទណ្ឌភាព ដែល​រដ្ឋមន្ត្រី​មុនៗ​មិន​អាច​ធ្វើ​បាន។

ការ​លើកឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ ស្រប​ពេល​មកដល់​ខួប​១២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នកកាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ អាយុ​៤៧ និង​កូនប្រុស​លោក​ឈ្មោះ ខាត់ សារិនភាតា អាយុ​២១​ឆ្នាំ​។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិមនុស្ស​អាដហុក (ADHOC) មាន​ប្រសាសន៍​ថា លោក ឃឹម សំបូរ និង​កូនប្រុស ព្រមទាំង​សង្គម​កម្ពុជា​ទាំងមូល​កំពុង​រង់ចាំ​យុត្តិធម៌ ដែល​ពួកគេ​មិនទាន់​បាន​ទទួល​ក្នុង​រយៈពេល​ជាង ១​ទសវត្សរ៍​កន្លង​ទៅ​នេះ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា វា​ជា​ឱកាស​មាស​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ក្នុង​ការ​បង្ហាញ​ស្នាដៃ​ជាក់ស្ដែង ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សាធារណជន៖ «ក្រសួងយុត្តិធម៌​ថ្មី​នេះ ដែល​លោក​ថា នឹង​ខិតខំ​សើរើ​រឿង​នៅ​ក្នុង​តុលាការ​ទាំងអស់​នេះ​យក​មក​ពិនិត្យមើល សូម​ឱ្យ​ពិនិត្យមើល​ឱ្យ​បាន​ត្រឹមត្រូវ និង​ឱ្យ​បាន​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​បាន​កក់ក្ដៅ ហើយ​មិនមែន​អួត​តែ​ខ្លួនឯង​ទេ ត្រូវតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់ថា វា​យុត្តិធម៌​មែន មិនមែន​តែ​យុត្តិធម៌​អ្នកនាំពាក្យ​របស់​ខ្លួន​និយាយ​អួត​នោះ​ទេ​។ យុត្តិធម៌​លុះត្រាតែ​ប្រជាពលរដ្ឋ​ទាំងអស់​ឯកភាព​ជាមួយ គេ​យល់ព្រម​ថា វា​អ៊ីចឹង​មែន អាហ្នឹង​ទើប​បាន​។ ចេះតែ​ប្រកាស​ថា យុត្តិធម៌ៗ តែ​ប្រជាពលរដ្ឋ​ទូទៅ​គេ​យល់ថា វា​អត់​យុត្តិធម៌ អាហ្នឹង​វា​អត់​យុត្តិធម៌​ហើយ​បាទ​។ ភ្នែក​ច្រមុះ​មហាជន​រាប់​លាន​នាក់​គេ​មើល អ៊ីចឹង​គេ​មិន​អាច​ទៅ​បង្កាច់បង្ខូច​បានទេ​។ បើ​រដ្ឋ​ធ្វើ​ត្រឹមត្រូវ​យុត្តិធម៌​មែន គេ​ទទួល​ស្គាល់​ថា យុត្តិធម៌។

លោក ឃឹម សំបូរ និង​កូនប្រុស ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ក្បែរ​ស្តាត​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រមាណ​ប្រាំមួយ​កន្លះ (០៦៖៣០) ល្ងាច ថ្ងៃទី​១១ កក្កដា ឆ្នាំ ២០០៨ គឺ​មុន​ការបោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ ជាង​២​សប្ដាហ៍​។ ជនដៃដល់​មិន​ស្គាល់​មុខ​ពីរ​នាក់ ម្នាក់​បើក​ម៉ូតូ និង​ម្នាក់ទៀត​ដែល​អង្គុយ​ពីក្រោយ​បាន​បាញ់​ប្រហារ​ទៅលើ​លោក​ឃឹម សំបូរ និង​កូនប្រុស ខណៈ​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ដែរ ទើប​ចេញពី​ហាត់ប្រាណ បណ្តាល​ឱ្យ​លោក ឃឹម សំបូរ​ស្លាប់​នៅ​នឹង​កន្លែង រីឯ​កូនប្រុស​គឺ​លោក ខាត់ សារិនភាតា ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់។

ខណៈ​បម្រើ​ការ​ជា​អ្នកកាសែត​មនសិការ​ខ្មែរ ដែល​មាន​និន្នាការ​​គាំទ្រ​គណបក្ស​សម រង្សី អស់​រយៈកាល​១០​ឆ្នាំ​ហើយ​នោះ លោក ឃឹម សំបូរ ក៏​ធ្វើ​ការ​ឱ្យ​ឧកញ្ញា​មហាសេដ្ឋី សុខ គង់ ក្នុង​តំណែង​ជា​មេការ​ចាត់ចែង​ក្នុង​សណ្ឋាគារ​មួយ​ទៀត​ផង​។ លើស​ពី​នេះ លោក​ក៏​បម្រើការ​នៅក្នុង​ក្រសួងការពារជាតិ មាន​ឋានៈ​ជា​វរសេនីយឯក ឬ​ស័ក្ដិ​៥ ទៀត​ផង​។ ប្រភព​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ឱ្យ​អាស៊ីសេរី​ដឹង​ថា ដោយសារតែ​មុខតំណែង​ទាំងពីរ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក ឃឹម សំបូរ មាន​មិត្តភ័ក្ដិ​ជាម​ន្ត្រី​សំខាន់ៗ និង​ស្គាល់​មនុស្ស​ជាច្រើន​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឱ្យ​អ្នក​កាសែត​រូប​នេះ ដឹង​រឿងអាស្រូវ និង​អំពើ​ទុច្ចរិត​ជាច្រើន​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​។​

ក្នុង​ការ​សរសេរ​អត្ថបទ​កាសែត​របស់​លោក លោក ឃឹម សំបូរ តែង​ប្រើ​ស្លាបប៉ាកកា​ក្រោម​រហ័ស​នាម​ថា ដែន​សុរិន្ទ និង​ស្រីកា។ អត្ថបទ​ដែល​លោក​សរសេរ​ភាគច្រើន​គឺ រិះគន់​អំពើពុករលួយ បញ្ហា​បក្សពួកនិយម បញ្ហា​នយោបាយ និង​ការ​ច្បាម​យក​ដីធ្លី​។ ពីរ​សប្តាហ៍​មុន​ពេល​លោក និង​កូនប្រុស​ត្រូវ​គេ​ធ្វើឃាត លោក​ឃឹម សំបូរ បាន​សរសេរ​អត្ថបទ​ដ៏​លេច​ធ្លោរ​មួយ រិះគន់​ទង្វើ​មិន​សមរម្យ​របស់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ផុត​លេខ​ម្នាក់​មិន​ចំ​ឈ្មោះ ប៉ុន្តែ​ត្រូវ​គេ​អាច​កាត់​យល់ថា គឺ​សំដៅ​ដល់​លោក ហុក ឡង់ឌី អគ្គស្នងការ​នគរបាល​ជាតិ។

នៅ​លើ​ទំព័រ​កាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ ដែល​ពេលនោះ​ប្រើ​រហ័ស​នាម​ស្រី​កា សរសេរ​ថា​៖ (​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា មន្ត្រី​ប៉ូលិស​កំពូល​ម្នាក់​បាន​ចាញ់​ល្បែង​នៅ​កាស៊ីណូ ឡឺម៉ាកាវ អេន អូតែល (Le Macau Casino and Hotel) ក្នុងស្រុក​បាវិត ក្បែរ​ព្រំដែន​វៀតណាម ចាញ់​អស់​ខោ​អស់​អាវ​។ ក្រោយពី​ចាញ់​អស់ ១០​ម៉ឺន​ដុល្លារ អ្នកគ្រប់គ្រង​កាស៊ីណូ​បាន​សង​វិញ​៥​ម៉ឺន​ដុល្លារ។ តែ​មេ​ប៉ូលិស​រូប​នេះ​បាន​លេង​អស់​៥​ម៉ឺន​នេះ​ទៀត ព្រមទាំង​បង្ខំ​ខ្ចី​លុយ​កាស៊ីណូ​ថែមទៀត​។ ហើយ​នៅ​ពេល​បុគ្គលិក​កាស៊ីណូ​មិន​ព្រម​ឲ្យ​ខ្ចី មេ​ប៉ូលិស​នេះ​បាន​គំរាម​ឲ្យ​កូនចៅ​របស់​លោក​ចាប់ខ្លួន​អ្នកចាត់ចែង​កាស៊ីណូ​នោះ។

បើ​តាម​ប្រភព​គួរ​ឱ្យ​ទុកចិត្ត​ដដែល​ឱ្យដឹង​ថា ក្រោយ​ចេញផ្សាយ​អត្ថបទ​នេះ មាន​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់ ដែល​ធ្វើការ​ក្រោមបង្គាប់​លោក ហុក ឡង់ឌី បាន​លប​ប្រាប់​លោក ឃឹម សំបូរ ថា ឱ្យ​ប្រយ័ត្ន​ខ្លួន ព្រោះ​លោក ហុក ឡង់ឌី ខឹង​សម្បារ​ខ្លាំង​ណាស់​ក្រោយពី​ឃើញ​អត្ថបទ​ចេញផ្សាយ​នោះ​។ បន្ទាប់​មក​ក៏​មាន​មន្ត្រី​ប៉ូលិស​មក​សួរនាំ លោក ឃឹម សំបូរ អំពី​អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​រិះគន់​មេ​ប៉ូលិស​ចាញ់​ល្បែង​នោះ​។ ក្រោយពី​ការ​សួរនាំ​របស់​ប៉ូលិស​នោះ​ហើយ លោក ឃឹម សំបូរ ក៏​ចេញផ្សាយ​អត្ថបទ​មួយទៀត​រៀបរាប់​ពី​រឿង​មន្ត្រី​ប៉ូលិស​មក​សួរនាំ​នោះ​។ លោក​ត្រូវ​បាន​បាញ់សម្លាប់​ក្រោយពី​ចេញផ្សាយ​អត្ថបទ​ទី​២​នេះ។

ផ្អែក​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ ខ្មាន់កាំភ្លើង​ដែល​បាញ់​លោក ឃឹម សំបូរ និង​កូនប្រុស ប្រើ​ម៉ូតូ​ជា​យានជំនិះ មិន​បាន​ពាក់​មួក ឬ​វ៉ែនតា ដើម្បី​បិទបាំង​មុខមាត់​របស់​ពួកគេ​នោះ​ទេ ធ្វើ​ឱ្យ​គេឯង​ជឿ​ថា ជន​ដៃដល់​មាន​ទំនុក​ចិត្ត​ខ្លាំង មិន​ខ្លាច​គេ​ស្គាល់​មុខ និង​ទំនងជា​សំអាង​ថា មាន​អ្នកការពារ​ពួកគេ។

ប្រមាណ​បី​សប្ដាហ៍​ក្រោយ​ឃាតកម្ម​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភក៌ បាន​បាន​ត្រឹមតែ​ប្រាប់​សារព័ត៌មាន​អេ​ភី (AP) ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០០៨ ថា ខ្មាន់កាំភ្លើង​ក្រោយពី​បាន​បាញ់​លោក ឃឹម សំបូរ ២​គ្រាប់​ហើយ ក៏​បើក​ម៉ូតូ​ហួស​ផុត​ទៅ​។ ប៉ុន្តែ ២ ទៅ ៣​នាទី​ក្រោយ​មក ខ្មាន់កាំភ្លើង​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ហើយ​បាញ់​២​គ្រាប់​បន្ថែម​ទៀត ប៉ុន្តែ​ម្តង​នេះ​គឺ​បាញ់​សំដៅ​ទៅ​ដើមទ្រូង​កូនប្រុស​របស់​លោក ឃឹម សំបូរ គឺ​លោក ខាត់ សារិនភាតា។ លោក ឃឹម សំបូរ ដាច់​ខ្សល់​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ចំណែក​កូនប្រុស​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​យោធា​ព្រះកេតុមាលា មួយថ្ងៃ​ក្រោយ​មក។

ការ​លើក​ឡើង​របស់​លោក ខៀវ សុភក៌ យ៉ាង​លំអិត​អំពី​របៀប​ដែល​ឃាតក​បាញ់​ប្រហារ ដោយ​គ្មាន​ការភ័យខ្លាច​នោះ គឺ​ស៊ី​សង្វាក់​គ្នា​នឹង​ប្រសាសន៍​របស់​លោកស្រី ឡាយ ហៀ​ង ភរិយា​របស់​លោក ឃឹម សំបូរ​។ ខណៈ​បូជាសព​ប្តី​របស់​លោកស្រី និង​កូនប្រុស នៅ​ឯ​វត្ត​ទូល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០០៨ លោកស្រី ឡាយ ហៀ​ង បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​៖ នៅ​ពេល​លោក ឃឹម សំបូរ ត្រូវ​គ្រាប់​ភ្លាម កូនប្រុស​ដែល​នៅ​ជាមួយ​លោក​ឃឹម សំបូរ ដែល​មិនទាន់​ត្រូវ​គ្រាប់​នោះ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្អូនប្រុស​របស់​ខ្លួន​ថា ពុក​ត្រូវ​គេ​បាញ់​ហើយ ។ លោកស្រី​បន្ត​ថា បន្ទាប់មក​លោកស្រី​ក៏​ទូរស័ព្ទ​ត្រឡប់​ទៅ​កូន​វិញ ប៉ុន្តែ​លោកស្រី​ថា កូនប្រុស​របស់​លោក​ស្រី គឺ​លោក ខាត់ សារិនភាតា មិនបាន​លើក​ទូរស័ព្ទ​ទេ ដែល​នេះ​ដោយសារ​គាត់​បាន​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ចំ​ដើម​ទ្រូង​រួច​ទៅ​ហើយ​។ ផ្ទៃមុខ​ជោកជាំ​ដោយ​ទឹកភ្នែក លោកស្រី​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​វែកមុខ​ចាប់​ឃាតក ដើម្បី​រក​យុត្តិធម៌​ជូន​ប្តី និង​កូនប្រុស​ជាទី​ស្រឡាញ់​របស់ខ្លួន។

ក្រោយ​ឃាតកម្ម​ដ៏​កក្រើក​រន្ធត់​លើ​អ្នកកាសែត​ឪពុក និង​កូន​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ស្នើសុំ​ភ្នាក់ងារ​ស៊ើបអង្កេត​FBI របស់​សហរដ្ឋអាមេរិក ឱ្យ​ជួយ​ស្រាវជ្រាវ​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ​។ FBI បាន​យល់ព្រម និង​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ពីរ​នាក់​ទៅ​ស៊ើបអង្កេត​។ ក្រោយ​ការស៊ើបអង្កេត​បាន​២​សប្ដាហ៍​FBI បាន​ចាក​ចេញពី​កម្ពុជា​វិញ ប៉ុន្តែ​មិនបាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ឡើយ​។

សម្រាប់​សមត្ថកិច្ច​កម្ពុជា​វិញ ដូច​ករណី​ឃាតកម្ម​ជាច្រើន​ទៀត​ដែរ គឺ​រហូត​មក​ដល់​ពេល​នេះ​នៅ​ស្ងៀម​ស្ងាត់ឈឹង ពោល​គឺ​ជន​ដៃដល់ និង​អ្នកសមគំនិត​រួចខ្លួន​ពី​សំណាញ់​ច្បាប់ ដោយ​ទុក​ឱ្យ​ជន​រងគ្រោះ​គ្មាន​ក្តី​សង្ឃឹមលើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​សោះ​ឡើយ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៨ កក្កដា​ថា សំណុំរឿង​ដែល​បាន​កើត​ឡើងជា​យូរ​មក​ហើយ ពោល​គឺ​មុន​ពេល​លោក​ចូលកាន់​តំណែង​នេះ លោក​មិន​ដឹង​ថា កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត ឬ​យ៉ាងណា​នោះ​ទេ លោក​ថា លោក​ត្រូវការ​ពេលវេលា ដើម្បី​ពិនិត្យមើល​ឡើងវិញ៖ «ដប់​ពីរ​ឆ្នាំ​ហើយ មក​សួរ​អ៊ីចឹង ត្រូវ​ទៅ​បើក​សំណុំរឿង​សិន នរណា​ចាំ​អស់​។ ទុក​ពេល​ឱ្យ​បង​បន្តិច ព្រោះ​បង​ទើប​ឡើង​កាន់​ការងារ​នេះ​ថ្មីៗ​ពេក​ហើយ ចាំ​មិន​អស់​ទេ ទុក​ពេល​ឱ្យ​បង​សួរ​គេ​សិន​មើល ខាង​ណា​គេ​ធ្វើ​កាន់​រឿង​នេះ»

ក្នុង​ឱកាស​ខួប​១២​ឆ្នាំ​នៃ​អំពើ​និទ្ទណ្ឌភាព​កើត​ឡើងលើ​អ្នក​កាសែត​លោក ឃឹម សំបូរ និង​កូនប្រុស​នេះ ប្រធាន​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា (CamboJa) លោក ណុប វី ជំរុញ​ឱ្យ​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត ដើម្បី​នាំមក​នូវ​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ និង​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព កុំ​ឱ្យ​ជនល្មើស​ចេះតែ​រួច​ពី​សំណាញ់​ច្បាប់​បែបនេះ​។ លោក ណុប វី បន្ត​ថា អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់ ហើយ​បើ​ក្នុង​សង្គម​មួយ​មិន​មាន​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ​នោះ​ទេ​នោះ ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពិត ដែល​ពួកគេ​ត្រូវការ ដើម្បី​ប្រើប្រាស់​ធ្វើ​សេចក្តី​សម្រេចចិត្ត​ប្រចាំថ្ងៃ​បាន​ល្អ​នោះ​ទេ៖ «អ្នកសារព័ត៌មាន​បង្ហាញ​ជូន​ព័ត៌មាន​ពិត ដែល​កើត​មានឡើង​នៅ​ក្នុង​សង្គម​ទៅដល់​សាធារណជន​ទូទៅ និង​រាជរដ្ឋាភិបាល​។ អ្នកសារព័ត៌មាន មាន​តួនាទី​សំខាន់​មួយទៀត​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​ផ្សេងៗ​នៅ​ក្នុង​សង្គម ដែល​ខ្ញុំ​យល់ថា ផ្នែក​ខ្លះ​រាជរដ្ឋាភិបាល​មិន​អាច​ទទួល​បាន​ព័ត៌មាន​ទាំងអស់​ហ្នឹង​ទេ ក៏ប៉ុន្តែ​អ្នកសារព័ត៌មាន គាត់​អាច​រំលេច គាត់​អាច​បង្ហាញ​នូវ​ស្ថានភាព និង​ចំណុច​អវិជ្ជមាន​ខ្លះ​ចេញពី​ការអនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​។ មួយ​ចំណុច​ទៀត អ្នកសារព័ត៌មាន​គាត់​ដើរតួ​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​តម្លាភាព​សង្គម ការកាត់បន្ថយ​អំពើពុករលួយ ក៏ដូចជា ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​មានការ​យល់ដឹង ហើយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន មាន​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ក្លែងក្លាយ​អី​ច្រើន​ហ្នឹង ព័ត៌មាន​វិជ្ជាជីវៈ​ដើរតួ​កាត់បន្ថយ ឬ​អប់រំ​ពលរដ្ឋ ដើម្បី​ឱ្យ​ចូលរួម​សស្រាក់សស្រាំ​ក្នុង​ការ​កាត់បន្ថយ​ការ​ចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​ហ្នឹង។

ជា​រៀងរាល់ថ្ងៃ ដើម្បី​បាន​ព័ត៌មាន​មក​ផ្សព្វផ្សាយ​ជូន​សាធារណជន អ្នកសារព័ត៌មាន​តែង​រុករក និង​ទៅ​ទីណា​ដែល​មនុស្ស​ទូទៅ​មិន​ចង់​ទៅ ដូចជា​កន្លែង​មានការ​ប្រយុទ្ធ​គ្នា កន្លែង​មាន​គ្រោះថ្នាក់ និង​កន្លែង​លំបាក​ផ្សេងទៀត​។ លើស​ពី​នេះ អ្នកសារព័ត៌មាន​ក៏​មាន​តួនាទី​រាយការណ៍​ព័ត៌មាន​ដែល​រសើបៗ ដូចជា​ទាក់ទង​នឹង​អំពើពុករលួយ​របស់​ម​ន្ត្រី​មានអំណាច និង​ឈ្មួញ​ទុច្ចរិត ជាដើម ដែល​ការងារ​ទាំងនេះ បណ្តាល​ឱ្យ​អ្នកសារព័ត៌មាន​ដែល​ប្រឹង​ស្វែងរក​ការពិត​បង្ហាញ​ដល់​សង្គមជាតិ​នោះ តែង​រង​ការ​សម្លុត គំរាមកំហែង និង​វាយ​ធ្វើបាប​រហូតដល់​គ្រោះថ្នាក់​ដល់​ជីវិត​ទៀត​ផង​។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក យ៉ាង​តិច​ណាស់​មាន​អ្នកសារព័ត៌មាន​ចំនួន ១៣​នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​នោះ​រួមមាន ១) លោក ធូ ចា​មង្គល និពន្ធ​នាយក​កាសែត​អន្តរាគមន៍ ២) លោក នួន ច័ន្ទ និពន្ធ​នាយក​កាសែត​យុវជន​ខ្មែរ ៣) លោក ច័ន្ទ ដារា អ្នកយកព័ត៌មាន​កោះសន្តិភាព ៤) លោក ធន់ ប៊ុន លី អ្នកកាសែត​ឧត្តមគតិខ្មែរ ៥) លោក ចិត្ត ដួងដារ៉ាវុទ្ធ អ្នកកាសែត​អ្នក​ប្រយុទ្ធ ៦) លោក ពេជ្រ ឯម អ្នកយកព័ត៌មាន​ទូរទស្សន៍កម្ពុជា TVK ) លោក ដុក សុខាន់ អ្នកយកព័ត៌មាន​ទូរទស្សន៍​ហ្វ្រីលេន Freelance ) លោក អ៊ូ សារឿន អ្នកកាសែត​សំឡេង​ពលរដ្ឋ​កម្ពុជា ៩) លោក ជួ ជេដ្ឋារិទ្ធ និពន្ធ​នាយករង​នៃ​ស្ថានីយ​ទូរទស្សន៍​តាព្រំ​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ១០) លោក ឃឹម សំបូរ អ្នកកាសែត​មនសិការ​ខ្មែរ​គាំទ្រ​គណបក្ស​សម រង្សី ១១) លោក ហង្ស សេរីឧត្តម អ្នកកាសែត​វីរជន​ខ្មែរ ១២) លោក សួន ចាន់ អ្នកកាសែត​មាគ៌ា​កម្ពុជា និង​១៣) លោក តាំង ទ្រី អ្នកកាសែត និង​ជា​សមាជិក​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ។

ករណី​ទាំងអស់​​នេះ ជនរងគ្រោះ​ត្រូវ​បាន​សម្លាប់​ដោយសារតែ​ការ​បំពេញ​ការងារ​របស់​ពួកគេ​។ ក្នុង​ចំណោម​ករណី​ទាំង​១៣​នេះ មាន​១១​ករណី ដែល​ពុំ​មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ពី​អំពើ​ឃាតកម្ម​របស់​ពួកគេ​លើ​អ្នកសារព័ត៌មាន​ទាំងអស់​នោះ​ឡើយ ក្នុង​នោះ​មាន​អ្នកកាសែត​មនសិការ​ខ្មែរ លោក ឃឹម សំបូរ និង​កូន​របស់​លោក គឺ​ខាត់ សារិនភាតា ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល