តុលាការ​កោះហៅ​អ្នកសារព័ត៌មាន​ក្នុងស្រុក ២​នាក់ ឱ្យ​ចូល​បំភ្លឺ​ករណី​ផ្សាយ​រឿង​ឧកញ៉ា​រំលោភ​ដី​ពលរដ្ឋ

0:00 / 0:00

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កោះហៅ​អ្នកសារព័ត៌មាន​ក្នុងស្រុក​ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត ២​នាក់ ឱ្យ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា ក្នុង​រឿង​បរិហារកេរ្តិ៍​សាធារណៈ ក្រោយ​ពី​បាន​ផ្សាយ​រឿង​ឧកញ៉ា​រំលោភ​ដី​ពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​កោះ​នេះ ថា គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​បំពេញការងារ​តាម​វិជ្ជាជីវៈ​បាន។

អ្នក​ព័ត៌មាន "​ខ្មែរ​ម្ចាស់​ស្រុក​" ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក លី ម៉េង ហ៊ុយ ថ្លែង​នៅ​ថ្ងៃ​ទី​៧ មីនា ថា លោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់ពី​ទទួល​បាន​ដីកា​របស់​តុលាការ​នេះ ពីព្រោះ​លោក​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ៖ «កន្លងមក​មក​ក៏​ដូច​បច្ចុប្បន្ន​នេះ​ខ្ញុំ​មើល​ឃើញ​ថា របប​ព័ត៌មាន​អត់​មានអី​លើក​យក​ពី​ច្បាប់​របប​ព័ត៌មាន​មក​អនុវត្ត​ទេ អីចឹង​អ្នកសារព័ត៌មាន​ប្រឈម​នឹង​មាន​បញ្ហា​ខ្លាំង​ណាស់​។ វា​ប៉ះពាល់​ធ្ងន់ធ្ងរ ទី​១​ខ្ញុំ​ធ្វើ​ព័ត៌មាន​អត់​កើត ព្រោះ​រវល់​តែ​ប្ដឹង​ខ្ញុំ​ដោយ​ខុស​រឿង ដោយ​គ្មាន​ការ​បំភ្លឺ​គ្មាន​ការ​បកស្រាយ​អី​ទាំងអស់​អីចឹង គឺ​ខ្ញុំ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង»។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក គង់ សំសារ៉េត កោះហៅ​អ្នក​ព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក គឺ​លោក លី ម៉េង ហ៊ុយ និង​អ្នក​ព័ត៌មាន "​ថ្ងៃ​ថ្មី​" លោក ទាវ សំអុល រស់នៅ​ក្រុង​ប៉ោយប៉ែត ឱ្យ​ចូល​បំភ្លឺ​អំពី​ដំណើរ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បរិហារកេរ្តិ៍​តាម​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា នៅ​សាលាដំបូង​ខេត្ត។

ចំណែក​អ្នកសារព័ត៌មាន ថ្ងៃ​ថ្មី ដែល​តុលាការ​កោះហៅ​ដែរនោះ គឺ​លោក ទាវ សំអុល មាន​ប្រសាសន៍ថា ដីកាកោះ​នេះ​ទំនង​ដោយសារតែ​លោក​បាន​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​រឿង​ឧកញ៉ា ឡាច ប៊ុនលឹម ធ្វើ​របង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី​២១ ធ្នូ កន្លង​ទៅ​។ លោក​បន្ថែម​ថា​ពេលនោះ លោក​ចុះផ្សាយ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​ដោយ​ពុំ​មាន​ការ​បញ្ចេញ​បញ្ចូល​បន្ថែម​ដោយ​ខ្លួន​ឡើយ៖ «​ប្រជាពលរដ្ឋ​គាត់​ហៅ​ខ្ញុំ​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ថា លោក ឧកញ៉ា​ហ្នឹង​រំលោភ​យក​ដី​គាត់​២​ម៉ែត្រ ប៉ុន្តែ​ខ្ញុំ​មិនបាន​ទៅ​ចោទ​ដល់​លោក​ឧកញ៉ា​ហ្នឹង​ទេ។ ប៉ុន្តែ​គេ​បាន​កោះហៅ​ខ្ញុំ​តាំងពី​ឱ្យ​ចូល​បំភ្លឺ​នៅ​អធិការ​ក្រុង​ប៉ោយប៉ែត ហើយ​ម្សិលមិញ​ទទួល​បាន​ដីកា​ពី​តុលាការ​ទៀត»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា វិធានការ​របស់​តុលាការ​នេះ ជា​ការ​អនុវត្ត​ខុសច្បាប់ ពីព្រោះ​តាមច្បាប់​ប្រសិនបើ​អ្នក​ព័ត៌មាន​ចុះ​ផ្សាយ​ខុស គឺ​អាច​ផ្សាយ​កែតម្រូវ​វិញ​បាន ដោយ​ពុំ​មាន​ទោសពៃរ៍​ឡើយ។ លោក​ហៅ​វិធានការ​របស់​តុលាការ​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ធ្វើ​ឱ្យ​ភ័យខ្លាច ហើយ​មិន​ហ៊ាន​ចុះផ្សាយ​ព័ត៌មាន​ពិត៖ «បើសិនជា​លឿន​ចោទ​ចេញ​ហើយ​យក​មក​អនុវត្ត​ភ្លាម​ធ្វើ​ឱ្យ​សារព័ត៌មាន​លែង​ហ៊ាន​និយាយ​អ្វី​ដែល​ត្រង់ៗ​កើតឡើង​នៅ​ក្នុង​សង្គម វា​បាត់​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ហើយ និង​ធ្វើ​ឱ្យ​សារព័ត៌មាន​លែង​ក្លាយ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឆ្លុះបញ្ចាំង​ពី​សង្គម ហើយ​ក្លាយទៅជា​អ្នកដើរ​សរសើរ​លើកជើង​ពីក្រោយ សូម្បីតែ​ខោ​ឪពុក​ខ្លួនឯង​ដាច់​ឃើញ​គូថ​ក៏ដោយ​ក៏​និយាយ​ថា ខោ​ថ្មី​ដែរ ប៉ុន្តែ​គេ​មើល​ទៅ​ឃើញ​ខោរ​ហែក​គ្រប់គ្នា ប៉ុន្តែ​គេ​មិន​និយាយ បើ​និយាយ​ទៅ​ឪពុក​ហ្នឹង​វា​រក​រឿង»។

ក្រមព្រហ្មទណ្ឌ​មាត្រ​៣០៦ ចែងថា ការ​បរិហារកេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ច្បាប់​ស្ដីពី​របប​សារព័ត៌មាន មាត្រា​១០ ចែងថា ជន​ណា​ម្នាក់​ដែល​យល់ថា អត្ថបទ​ណាមួយ ចុះផ្សាយ​ខុស​ពី​ការពិត ដែល​ធ្វើ​ឱ្យ​ខូច​ដល់​កិត្តិយស​របស់​ខ្លួន គឺ​ជន​នោះ​មាន​សិទ្ធ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើការ​កែ​តម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ប្ដី​ពី​បទ​បរិហារកេរ្តិ៍ ចំពោះ​ការ​ប៉ះពាល់​នោះ​បាន ហើយ​ចម្លើយ​កែតម្រូវ​ឬ​ចុះផ្សាយ មាន​រយៈពេល​យ៉ាង​យូរ ៧​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​ឱ្យ​ការ​ទាមទារ​ឱ្យ​កែតម្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។