តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីតាមការស្នើសុំ
2022.10.27

តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឲ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងអនុញ្ញាតឲ្យលោកអាចធ្វើដំណើរទៅក្រៅប្រទេសដោយសេរី តាមការស្នើសុំរបស់លោក។ លោក យាង សុធារិន្ទ ត្រេកអរដែលទទួលបានលិខិតឆ្លងដែនឡើងវិញ សម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្ដាយ និងសាច់ញាតិ ជាពិសេសបងស្រីដែលកំពុងឈឺធ្ងន់ដំណាក់កាលចុងក្រោយនៅឯស្រុកកំណើតរបស់លោក នៅកម្ពុជាក្រោម។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកចៅក្រម គង់ ស្រ៊ីម ប្រកាសសាលដីកា នៅព្រឹកថ្ងៃទី២៨ ខែតុលា ដោយសម្រេចប្រគល់លិខិតឆ្លងដែនជូនអតីតអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ កាន់កាប់ឡើងវិញ។
ចៅក្រម គង់ ស្រ៊ីម លើកសំអាងហេតុនៅក្នុងបន្ទប់សវនាការថា ការប្រគល់លិខិតឆ្លងដែនដល់លោក យាង សុធារិន្ទ នេះ ដោយសារសំណុំរឿងនេះបានអូសបន្លាយពេលតាំងពីឆ្នាំ២០១៧ ហើយលោកបានសហការជាមួយតុលាការគ្រប់នីតិវិធី និងបងស្រីរបស់លោកកំពុងឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ ព្រមទាំងមានការសន្យាថា លោកនឹងចូលបង្ហាញខ្លួនតាមនីតិវិធីរបស់តុលាការ។ ទោះជាយ៉ាងណា តុលាការក៏ព្រមានថា ប្រសិនបើលោក យាង សុធារិន្ទ គេចវេសមិនបង្ហាញខ្លួនតាមដីកាកោះហៅ នឹងត្រូវប្រឈមការចាប់ខ្លួនឡើងវិញ។
លោក យាង សុធារិន្ទ ថ្លែងថា លោកត្រេកអរជាខ្លាំងដែលតុលាការប្រគល់លិខិតឆ្លងដែនឲ្យលោកវិញ ព្រោះលោកទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីប្រើប្រាស់ សម្រាប់ធ្វើដំណើរទៅជួបឪពុកម្ដាយសាច់ញាតិ ជាពិសេសបងស្រីបង្កើតរបស់លោកដែលកំពុងឈឺធ្ងន់។ លោកបញ្ជាក់ថា ការទទួលបានលិខិតឆ្លងដែននេះ គឺជាការជួយអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានឃើញសាររបស់លោក បង្ហោះសារលើហ្វេសប៊ុក(Facebook)ហើយបានណែនាំជំនួយការ ឲ្យប្រាប់លោកដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យជួយអន្តរាគមន៍ទៅតុលាការដើម្បីប្រគល់លិខិតឆ្លងដែនជូនលោកសម្រាប់ធ្វើដំណើរទៅជួបក្រុមគ្រួសារនៅដែនដីកម្ពុជាក្រោម ផ្អែកតាមគោលការណ៍មនុស្សធម៌។ ទន្ទឹមនឹងរីករាយទទួលបានលិខិតឆ្លងដែននេះ លោក ក៏បន្តទទូចឲ្យប្រមុខរដ្ឋាភិបាល និងតុលាការ ទម្លាក់ចោលការចោទប្រកាន់ទាំងស្រុង ដើម្បីឲ្យលោកទទួលបានសេរីភាពពេញលេញឡើងវិញ។
លោក យាង សុធារិន្ទ៖ «ខ្ញុំរីករាយយ៉ាងខ្លាំងនៅពេលទទួលបានលិខិតឆ្លង ដែនហើយវាជាថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំយូរហើយ។ ៥ឆ្នាំហើយដែលខ្ញុំមិនបានជួបឪពុកម្ដាយ សាច់ញាតិសោះ។ខ្ញុំមិនបង្អង់យូរទេ ដោយសារស្ថានភាពបងស្រីរបស់ខ្ញុំធ្ងន់ធ្ងរដល់កម្រិតចុងក្រោយមែនទែន ហើយខ្ញុំ មិនចង់មានវិប្បដិសារីថា មានឱកាសទៅជួបបងស្រីហើយបែរទៅជួបយឺតយ៉ាវនោះ ដូច្នេះខ្ញុំនឹងធ្វើដំណើរទៅដែនដីកម្ពុជាក្រោមស្អែកថ្ងៃសៅរ៍ទី២៩ ខែតុលា ដើម្បីធ្វើម៉េចឲ្យទាន់ និងឲ្យបងស្រីឃើញមុខ និងលើកទឹកចិត្តគាត់ផងនិងបង្ហាញថា ខ្ញុំគិតដល់គាត់»។
តុលាការកំពូល បានបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក យាង សុធារិន្ទ ដែលស្នើសុំលិខិតឆ្លងដែនមកវិញ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ហើយតុលាការ គ្រោងប្រកាសលទ្ធផលនៅថ្ងៃទី២ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែក្រោយមកតុលាការ ប្តូរមកប្រកាសសាលដីកានៅថ្ងៃទី២៨ ខែតុលាវិញ។
កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរបានចាប់ខ្លួនលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ដោយចោទប្រកាន់ពួកលោកថា បង្កើតស្ទូឌីយោថតចម្រៀងដោយគ្មានច្បាប់អនុញ្ញាត ប៉ុន្តែក្រោយមកបានប្ដូរការចោទប្រកាន់ថា ពួកលោកលួចផ្ញើព័ត៌មានសម្ងាត់ទៅឱ្យបរទេស។ បន្ទាប់មកទៀត អាជ្ញាធរបានបន្ថែមបទចោទមួយទៀតលើពួកលោក គឺការផលិត និងកាន់កាប់រូបភាពអាសអាភាស។ តុលាការបានឃុំខ្លួនអ្នកទាំងពីរជាង ៩ខែ ទើបដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែបានរក្សាទុកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់ពួកលោកដដែល។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី លើកឡើងថា ការប្រគល់លិខិតឆ្លងដែនជូនលោក យាង សុធារិន្ទ តាមការស្នើសុំនេះ គឺជារឿងសាទរនិងជាសញ្ញាវិជ្ជមានមួយពាក់ព័ន្ធនឹងការកត់ សម្គាល់ករណីគំរាមកំហែង ឬការរំខានដល់កិច្ចការរបស់អ្នកសារព័ត៌មាន។
លោក ណុប វី៖ «យើងមានការស្វាគមន៍ក្នុងករណីតុលាការ ប្រគល់លិខិតឆ្លងដែនជូនដល់អ្នកសារព័ត៌មានវិញ ដែលផ្តល់លទ្ធភាពឲ្យគាត់ធ្វើ ដំណើរបានហើយយើងក៏ទទូចឲ្យតុលាការលោកពិចារណាក្នុងការបញ្ចប់នូវរាល់ករណីទាំងឡាយប្រឆាំងនឹងអ្នកសារព័ត៌មានផងដែរ»។
ជាមួយគ្នានេះ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បង្ហោះសារចូលរួមត្រេកអរចំពោះដំណឹងដែលតុលាការកំពូល សម្រេចប្រគល់លិខិតឆ្លងដែនដល់លោក យាង សុធារិន្ទ នេះ។ ទោះជាយ៉ាងណា អ្នកស្រី សង្ឃឹមថា តុលាការ នៅពេលខាងមុខ នឹងទម្លាក់ចោលបទចោទប្រកាន់ដ៏អយុត្តិធម៌ដែលបានអូសបន្លាយពេលជាយូរជាង៥ឆ្នាំលើរូបលោក និងអ្នកយកព័ត៌មានអាស៊ីសេរីម្នាក់ទៀតគឺលោក អ៊ួន ឈិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។