តុលាការ​កំពូល​​​មិន​អនុញ្ញាត​ឱ្យ​លោក​ រ៉ុង ឈុន​​ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ឡើយ

0:00 / 0:00

តុលាការ​កំពូល​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក រ៉ុង ឈុន ដោយ​សម្រេច​តម្កល់​សាលដីកា​​របស់​សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​វិច្ឆិកា។ អ្នក​គ្រាំ​លោក ​រ៉ុង ឈុន​ ខក​ចិត្ត​នឹង​ការ​សម្រេច​នេះ​​ និង​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌ ​ធ្វើ​បាប​​អ្នក​ឈឺឆ្អាល​បញ្ហា​ប្រទេស​ជាតិ។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក​ ជូង ជូងី ប្រាប់​អាស៊ី​សេរី​ថា លោក​សោក​ស្ដាយ​យ៉ាង​ខ្លាំង​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​តម្កល់​សំណុំរឿង​របស់​កូនក្ដី​លោក​ដោយ​ឥត​ចាត់ការ។ លោក​បន្ថែម​ថា តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​កូនក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ពីព្រោះ​លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​ចាត់​ទុក​រឿង​នេះ​ថា ជា​អំពើ​អយុត្តិធម៌​​ដល់​កូន​ក្ដី​របស់​លោក៖ «ពីព្រោះ​ថា​អំពើ​របស់​គាត់​នេះ គឺ​គាត់​គិត​ប្រយោជន៍​ជាតិ គាត់​ឈឺ​ឆ្អាល​ទៅ​នឹង​ព្រំដែន​ ហើយ​មិន​ប្រាកដ​ថា នេះ​ជា​បទ​ល្មើស​ទេ ពីព្រោះ​​តុលាការ​អង្គសេចក្ដី​អាច​រក​ទៅ​ បើ​សិន​តុលាការ​ជាន់​ទាប​ថា​មាន​បទល្មើស​ អាច​ថា​អត់​មាន​បទ​ល្មើស​ក៏​ថា​បាន​។ដូច្នេះ​មិន​ប្រាកដ​ថា​មាន​បទល្មើស​ទេ ប៉ុន្តែ​សូម្បី​តែ​តុលាការ​កំពូល​មិន​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​​បណ្ដោះអាសន្ន​ផង​ ដូច្នេះ​វា​អយុត្តិធម៌​សម្រាប់​គាត់ មិន​ផ្ដល់​ឱកាស​ឱ្យ​គាត់​ដើម្បី​រក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ »

តុលាការ​កំពូល​មិន​អនុញ្ញាតឱ្យ​​​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ ក្រោម​ហេតុផល​ថា ​​ប្រសិន​បើ​ដោះលែង ​ខ្លាច​លោក​​បង្ក​ឱ្យ​មាន​បទល្មើស​កើត​ឡើង​ជាថ្មី។

លោក​មេធាវី ជូង ជូងី ឱ្យ​ដឹង​ថា ​ពួក​លោក​​នឹង​ត្រៀម​ភស្តុតាង​ដើម្បី​តតាំង​ក្ដី​​នៅ​សាលាដំបូង​ក្រុង​ភ្នំពេញ​​ក្នុង​ពេល​ជំនុំជម្រះ​លើ​អង្គ​សេចក្ដី​​​របស់​លោក​ រ៉ុង ឈុន ​នៅ​ថ្ងៃ​ទី​២​ធ្នូ​ខាង​មុខ​បន្ត​ទៀត​។​

នៅ​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​ មាន​​ក្រុម​ប្រជាពលរដ្ឋ​ និង​ សមាជិក​គ្រូបង្រៀន​កម្ពុជា​​ឯករាជ្យ​ជា​ច្រើន​នាក់​ តាម​ឃ្លាំមើល​​នៅ​មុខ​តុលាការ​ ប៉ុន្តែ​មិន​មាន​ការ​​លើក​បដា​តវ៉ា​នោះ​ទេ​។

​​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី​ ដែល​បាន​ចូល​រួម​តាម​ដាន​រឿង​នេះ​​​យល់​ថា​ ​ការ​សម្រេច​​​របស់​តុលាការ​កំពូល​នេះ​ ​ជា​ចេតនា​​នយោបាយ​​ ធ្វើ​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​​​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ជា​ជាង​ការ​អនុវត្ត​ច្បាប់​។​អ្នក​ស្រី​ ចាត់​ទុក​រឿង​នេះ​ ថា ជា​ការ​​​បំបិទ​មាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ឈឺឆ្អាល​រឿង​ជាតិ៖ «អីចឹង​អ្វី​ដែល​តុលាការ​កាត់​ក្ដី​នេះ​​ជា​រឿង​អយុត្តិធម៌​បំផុត​ចំពោះ​លោក​ រ៉ុង ឈុន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ អស់​ជំនឿ​​ទៅ​លើ​ប្រព័ន្ធ​តុលាការ​ហើយ​ ដោយសារ​​តែ​ការ​កាត់​ក្ដី​ទៅ​តាម​អារម្មណ៍​ ទៅ​តាម​នយោបាយ​មិន​មែន​​កាត់​ក្ដី​ទៅ​តាម​អ្វី​ដែល​​ជា​ទង្វើ​របស់​បុគ្គល​ម្នាក់ៗ ទេ »

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា​ មាន​ប្រសាសន៍​ថា​ ​តុលាការ​គួរតែ​ដោះលែង​​លោក​ រ៉ុង ឈុន​ ឱ្យ​​មាន​សេរីភាព​វិញ​ ពីព្រោះ​​លោក​យល់​ថា ​សកម្ម​ភាព​របស់​លោក រ៉ុង ឈុន គ្រាន់​តែ​ជា​ការ​សម្ដែង​មតិ​​រិះគន់​​រដ្ឋាភិបាល​ដើម្បី​​ប្រយោជន៍​​ជាតិ​ប៉ុណ្ណោះ៖ «នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​ផ្ដល់​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​។ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​ករណី​លោក​ រ៉ុង ឈុន​ ត្រូវ​បាន​មាន​វិធាន​ការ​ផ្លូវ​ច្បាប់ រហូត​មាន​ការ​ចាប់​ខ្លួន​ ចោទ​ប្រកាន់​ ហើយ​បញ្ជូន​ទៅ​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ហើយ​ដំណើរ​រឿង​ចេះ​​តែ​បន្ត​បន្ទាប់​មក​។​អីចឹង​យើង​ទទូច​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​​លោក​ រ៉ុង ឈុន​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ »

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី៣១ ​កក្កដា​​ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់ខ្លួន​នេះ បន្ទាប់ពី​លោក​ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​ក្រោយ​ពេល​​ចាប់​លោក​ រ៉ុង ឈុន​ មក មាន​សកម្មជន​សង្គម​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ ​សកម្មជន​​នយោបាយ​ និង​ក្រុម​យុវជន​​ជាង ២០នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស។ តុលាការ​បាន​​ចោទ​ប្រកាន់​ពួកគេ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន ក្នុង​នោះ​ក៏​រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​ទាំងនេះ​ និង​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។ សហគមន៍​ជាតិ និង​អន្តរជាតិ​នៅ​តែ​បន្ត​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ ហើយ​បើក​លំហ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​​គ្រប់​និន្នាការ​នយោបាយ​បាន​​ចូល​រួម​​សម្ដែង​មតិ​​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។