តុលាការកំពូល សម្រេចលើកពេលសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លោក នី ចរិយា និងមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ចំនួន ៤រូប។
មេធាវីការពារក្តីឲ្យមន្ត្រីសមាគមអាដហុក លោក ឡោ ជុនធី បានឲ្យដឹងថា ការសម្រេចលើកពេលនេះ ធ្វើឡើងតាមសំណើរបស់មេធាវីរបស់លោក នី ចរិយា គឺលោក សំ សុគង់ ដែលជាប់រវល់ការពារក្តីឲ្យតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន នៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៥ កញ្ញា។
ទោះបីជាយ៉ាងណា តុលាការកំពូល នៅមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយចំពោះការជំនុំជម្រះករណីនេះនៅពេលក្រោយនោះទេ។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ៤រូប គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងបទសមគំនិតសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ៕
វីដេអូ៖ តុលាការលើកពេលបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីអាដហុក និងលោក នី ចរិយា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
