តុលាការកំពូលនឹងចេញសេចក្តីសម្រេចករណីអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដែលស្នើសុំឱ្យទម្លាក់ចោលការស៊ើបអង្កេតបន្ថែមរឿងរូបភាពអាសអាភាស នៅពាក់កណ្តាលខែកក្កដា ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១ កក្កដានេះ។ អ្នកការពារសិទ្ធិមនុស្សស្នើដល់តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ឱ្យដឹងថា លោកបានសំណូមពរឱ្យតុលាការកំពូលបដិសេធសាលដីកាសាលាឧទ្ធរណ៍ភ្នំពេញ ដែលរក្សាការសម្រេចរបស់តុលាការក្រុងភ្នំពេញឱ្យស៊ើបអង្កេតបន្ថែមរឿងរូបភាពអាសអាភាស។ ក្រៅពីនេះ លោកក៏ស្នើឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើកូនក្តីរបស់ទាំងពីរនាក់ផងដែរ។

មេធាវី សំ ចំរើន ថ្លែងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ការស៊ើបអង្កេតបន្ថែមសំណុំរឿងនេះ មិនមានភាពចាំបាច់ទៀតទេ ព្រោះចៅក្រមស៊ើបសួរបានប្រើពេលច្រើនណាស់ទៅហើយក្នុងដំណាក់កាលស៊ើបអង្កេត។ លោកថា ការសម្រេចបែបនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់កូនក្ដីលោកទាំងពីរនាក់ ព្រោះមិនដឹងថា តើពេលណាដែលការស៊ើបអង្កេតបន្ថែមនេះត្រូវបញ្ចប់នោះទេ ហើយបើតុលាការចង់ស៊ើបអង្កេតចំណុចណាទៀតនោះ រឿងក្តីនេះរឹតតែអូសបន្លាយគ្មានកាលកំណត់៖ «លើកនេះស៊ើបសួរបន្ថែមចំណុចនេះ ចុះបើលើកក្រោយស៊ើបសួរបន្ថែមចំណុចណាផ្សេងទៀត? បើចេះតែអនុវត្តបែបហ្នឹង សិទ្ធិក្នុងការសន្មតជាមុនថាគ្មានទោសរបស់កូនក្តីត្រូវបានផាត់ចោលទាំងស្រុងហើយ។ អ៊ីចឹងសវនាការបែបហ្នឹង ជាសវនាការដែលមិនមានតម្លៃផ្លូវច្បាប់ខ្ពង់ខ្ពស់ និងមិនមានភាពត្រឹមត្រូវ យុត្តិធម៌ ដូចការកំណត់របស់ច្បាប់ទេ។ មួយទៀតផ្អែកទៅលើបញ្ញត្តិច្បាប់ស្តពីការសម្រេចសេចក្តីដោយផ្អែកលើភស្តុតាង គឺតុលាការត្រូវសម្រេចទៅលើតែភស្តុតាងដែលមាននៅក្នុងសំណុំរឿង។ បើសួរដេញដោលចប់ហើយ អត់មានអ្នកណាលើកថា ខ្វះខាតអ្វីផង តុលាការសម្រេច»។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ចំនួនពីរបទល្មើស គឺបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” និងបទ “ផលិត និងកាន់កាប់រូបភាពអាសអាភាស”។ តុលាការបានជំនុំជម្រះរឿងក្តីនេះពីរដង និងពន្យារពេលប្រកាសសាលក្រមម្តង ហើយនៅទីបំផុតបានចេញសាលក្រមចាត់របៀបឱ្យស៊ើបអង្កេតរឿងក្ដីទាំងពីរបន្ថែមទៀត កាលពីដើមខែតុលា ឆ្នាំ២០១៩។
កាលពីដំបូង តុលាការផ្ដោតជាសំខាន់ទៅលើសំណុំរឿងទីមួយ ដែលពាក់ព័ន្ធនឹងអំពើចារកម្ម ប៉ុន្តែក្រោយពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសថា រឿងក្តីព្រហ្មទណ្ឌនេះ មិនពាក់ព័ន្ធនឹងរឿងសេរីភាពសារព័ត៌មាន តែពាក់ព័ន្ធនឹងរឿងរូបភាពអាសអាភាស តុលាការក៏បែរជាមកផ្ដោតខ្លាំងលើសំណុំរឿងទីពីរពាក់ព័ន្ធនឹងការកាន់កាប់រូបភាពអាសអាភាសវិញ។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ថ្លែងថា ការទាញរឿងផ្សេងមកចោទប្រកាន់ពួកលោក ស្របពេលតុលាការរកមិនឃើញភស្តុតាងពាក់ព័ន្ធនឹងអំពើចារកម្មនោះ បង្ហាញថា អាជ្ញាធរមានចេតនាចង់ធ្វើបាប និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកលោក។ លោកទទូចដល់តុលាការកំពូលបដិសេធសាលក្រមចាត់របៀបនេះ និងផ្ដល់យុត្តិធម៌ដល់ពូកលោកវិញ៖ «នេះជាកំហុសរបស់ចៅក្រមដែលមិនអាចរកភស្តុតាងឃើញ ហើយនៅពេលដែលរកមិនឃើញបែរជាស៊ើបអង្កេតបន្ថែម។ អ៊ីចឹងវាមានអ្វីយុត្តិធម៌សម្រាប់ពួកខ្ញុំ ការជំនុំជម្រះក្តីទទួលបានដោយយុត្តិធម៌ វាអត់មាន។ អ៊ីចឹង ផ្អែកទៅលើទឡ្ហីករណ៍ទាំងអស់ហ្នឹង សង្ឃឹមថាខាងតុលាការកំពូលនឹងសម្រេចរឿងខ្ញុំទាំងពីរនាក់ហ្នឹងឱ្យបានជ្រះស្រឡះទាំងអស់គ្នា នៅថ្ងៃទី១៥ ខាងមុខនេះ»។
តុលាការរបបក្រុងភ្នំពេញបានឃុំខ្លួនលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក្នុងពន្ធនាគារព្រៃស ជាង ៩ខែ ទើបអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ទោះជាយ៉ាងណា សេរីភាពដើរហើររបស់ពួកលោកនៅតែស្ថិតក្រោមការគាបសង្កត់ ព្រោះតុលាការមិនព្រមផ្ដល់លិខិតឆ្លងដែនឱ្យអ្នកទាំងពីរវិញឡើយ ទោះជាមេធាវីបានស្នើសុំជាច្រើនដងយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោ ស៊ឹង សែនករុណា ថ្លែងថា សង្គមស៊ីវិលនៅតែទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ និងលំហសេរីភាពសារព័ត៌មាន។ លោកបន្ថែមថា ការជំនុំជម្រះនាពេលកន្លងទៅបង្ហាញថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តចោទប្រកាន់អ្នកទាំងពីរឡើយ ដូច្នេះមិនគួរមានការស៊ើបអង្កេតបន្ថែមទៀតនោះទេ៖ «យើងនៅតែបន្តការស្នើទាំងអស់ហ្នឹងឱ្យតុលាការកំពូលពិនិត្យឡើងវិញអំពីចំណាត់ការរបស់តុលាការជាន់ទាបហ្នឹង ដែលជាចំណាត់ការមួយមិនផ្តល់ភាពយុត្តិធម៌ដល់អ្នកទាំងពីរឡើយ។ អ៊ីចឹងគួរតែមានការពិចារណា និងពិនិត្យ ទម្លាក់រាល់បទចោទទាំងឡាយដែលពាក់ព័ន្ធដល់អ្នកទាំងពីរ»។
ក្រៅពីសវនាការលើនីតិវិធីស៊ើបអង្កេតបន្ថែមរឿងវីដេអូអាសអាភាសនេះ តុលាការកំពូលមិនទាន់បានកំណត់ពេលបើកសវនាការរឿងអំពើចារកម្មនោះឡើយ។ ដោយឡែក ការស៊ើបអង្កេតនៅដំណាក់កាលតុលាការក្រុងភ្នំពេញវិញ មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប បានស្នើសុំឱ្យចៅក្រមស៊ីបសួរពន្យារពេល ដោយរង់ចាំសេចក្ដីសម្រេចពីតុលាការកំពូលជាមុនសិន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) បានវាយតម្លៃថា លោក អួន ឈិន និងលោក យាង សុធារិន្ទ គឺជាជនរងគ្រោះនៃការវាយបង្ក្រាបឥតស្រាកស្រាន្តរបស់លោក ហ៊ុន សែន លើសារព័ត៌មានឯករាជ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។