សមត្ថកិច្ចបញ្ជូនជនសង្ស័យ ១៧នាក់ ករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ទៅតុលាការ
2019.03.03

សមត្ថកិច្ចកាលពីថ្ងៃទី២ មីនា បានសម្រេចបញ្ជូនខ្លួនជនសង្ស័យ នៃករណីបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ទៅតុលាការ ក្រោយពីធ្វើកោសល្យវិច័យទឹកនោម និងបានប្រមូលវត្ថុតាងគ្រប់គ្រាន់។
សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ១៧ នាក់ ករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ក់ ទៅតុលាការនោះ គឺដោយសារតែអ្នកទាំងនោះ ជាប់ពាក់ព័ន្ធបទល្មើសប្រើប្រាស់ សម្រួល និង ចាត់ចែង ដោយខុសច្បាប់ នូវសារធាតុញៀន។
ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ដែលមានគ្រឿងញៀនជិត ៥០ គីឡូក្រាម (៤៩,៤៤ គីឡូក្រាម) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីតុលាការ។
ជនសង្ស័យទាំងទាំង ១៧ នាក់នោះ មានស្ត្រីម្នាក់ផង ភាគច្រើនជាយុវជន និងយុវតី មានអាយុចាប់ពី ១៩ ដល់ ២១ឆ្នាំ។
កាលពីដំបូង គឺនៅយប់រំលងអធ្រាត្រ ថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ច បានចុះឃាត់ខ្លួនមនុស្សសរុប ៣១១ នាក់ ពីមជ្ឈមណ្ឌលកម្សាន្តរ៉ក់ របស់ឧកញ៉ា គិត ធាង ដែលជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង នៅផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះមានជនជាតិចិន ១៣នាក់ ដែលបីនាក់ គ្មានលិខិតឆ្លងដែន។ បច្ចុប្បន្នជនជាតិចិន ទាំង ១៣ នាក់នោះ សមត្ថកិច្ច បានបញ្ជូនទៅការិយាល័យស៊ើបអង្កេត អនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
សមត្ថកិច្ច បានដោះលែងមនុស្សចំនួន ២៨១ នាក់ ផ្សេងទៀត ក្រោយឱ្យអ្នកទាំងនោះធ្វើកិច្ចសន្យា ជាមួយអាណាព្យាបាល ថាយកទៅអប់រំបន្ត។
ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះមានការបង្ក្រាបជាហូរហែយ៉ាងណាក្តី។ អាជ្ញាធរក៏ត្រូវពង្រីកពន្ធនាគារ ដោយសារតែអ្នកទោសករណីគ្រឿងញៀន កើនឡើងខ្លាំង។ មិនតែប៉ុណ្ណោះ រដ្ឋក៏ត្រូវបន្ថែមថវិកាចំណាយ ដើម្បីពង្រីកមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។
ភ្លាមៗក្រោយការបង្ក្រាបករណីគ្រឿងញៀន នៅក្លឹបកម្សាន្តរ៉ក់នេះ ស្នងការនគរបាលរាជធានីភ្នំពេញ រកឃើញថា ក្លឹបកម្សាន្ត និងបារបារាំង ចំនួនជាង ១.២០០ កន្លែង បានប្រើប្រាស់គ្រឿងញៀនដែរ។ សមត្ថកិច្ចមិនបានចាត់ការម្ចាស់កន្លែងទាំងនេះ តាមផ្លូវច្បាប់ទេ គឺគ្រាន់តែ ឱ្យពួកគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន តែប៉ុណ្ណោះ។
មន្ត្រីសង្គមស៊ីវិល នៅតែព្រួយបារម្ភ ថាចំណាត់ការបង្ក្រាបគ្រឿងញៀន នៅតែមិនទាន់មានប្រសិទ្ធភាព និងស្នើឱ្យអាជ្ញាធរ វែកមុខរកជនដែលនៅពីក្រោយការនាំចូលគ្រឿងញៀននេះ និង ដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹងបំផុត ទើបអាចកាត់បន្ថយករណីគ្រឿងញៀននេះបាន៕