របប​ភ្នំពេញ​និង​សង្គម​ស៊ីវិល​អះអាង​ផ្ទុយគ្នា​​ករណី​ស្លាប់​លោក ទិត្យ រ៉ន ក្នុង​ពន្ធនាគារ

ដោយ ហេង រស្មី
2019-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ចូលរួម​វេទិកាវិទ្យុ​អាស៊ីសេរី។
RFA

អាជ្ញាធរ​របប​ក្រុងភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អះអាង​ផ្ទុយគ្នា​ ពាក់ព័ន្ធ​​នឹង​​រឿង​​ករណី​​ស្លាប់​​លោក ទិត្យ រ៉ន កូន​សកម្មជន​គណបក្ស​ សង្គ្រោះ​​ជាតិ​ នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ការ​បង្ហាញ​ជំហរ​ផ្ទុយគ្នា​នេះ បាន​កើត​មាន​ឡើង​​ក្រោយ​ពី​ក្រសួងមហាផ្ទៃ​ បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ​មួយ ចុះ​ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​ ចំពោះ​ករណី​មនុស្ស​ស្លាប់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម ក្រោយពេល​សហរដ្ឋអាមេរិក​ទាមទារ​ឱ​របប​លោក ហ៊ុន សែន ស្វែងរក​យុត្តិធម៌​ប្រកប​ដោយ​តម្លាភាព​ជូន​សព​គ្រួសារ​ជនរងគ្រោះ។

របាយការណ៍​បឋម​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រក​ឃើញ​ជា​ដដែល​ថា ជនសង្ស័យ​ឈ្មោះ​ ទិត្យ រ៉ន កូន​សកម្មជន​គណបក្ស ​សង្គ្រោះ​ជាតិ​ ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម កាលពី​ចុងខែ​មេសា គឺ​បាន​កើតឡើង​ដោយសារ​ដួល​ក្នុង​បន្ទប់​ទឹក​​ស្លាប់​​ដោយ​ខ្លួនឯង។ ការ​អះអាង​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​នេះ បាន​ធ្វើឡើង​ក្រោយពី​គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​ដឹកនាំ​ដោយ​ក្រសួងមហាផ្ទៃ​ ចុះ​ធ្វើការ​ស៊ើបអង្កេត​សាជាថ្មី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ស្លាប់​​ជន​សង្ស័យ​​នៅ​​ក្នុង​ពន្ធនាគារ។

អភិបាល​ខេត្ត​កំពង់ចាម លោក គួច ចំរើន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​២៩ ឧសភា​ថា គណៈកម្មការ​ចម្រុះ​បាន​ចុះ​ស្រាវជ្រាវ​ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​លោក ទិត រ៉ន រហូតដល់​មន្ទីរឃុំឃាំង សម្ភាសន៍​ជាមួយ​អ្នកទោស​នៅ​ក្នុង​មន្ទីរឃុំឃាំង ឆ្មាំ​ពន្ធនាគារ ព្រមទាំង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា លទ្ធផល​ដែល​បាន​រក​ឃើញ​មិន​ខុស​ពី​ការ​លើកឡើង​ពេល​មុនៗ ​ដែរ​ គឺ​ជនរងគ្រោះ​ ទិត្យ រ៉ន ពិតជា​បាន​ស្លាប់​ដោយសារ​ដួល​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក មិន​មាន​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​ជនរងគ្រោះ​រហូតដល់​ស្លាប់​ទេ៖ «គឺ​គ្មាន​អ្វី​ខុស​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​យើងខ្ញុំ​ដែល​បាន​ស្រាវជ្រាវ​កាលពី​លើក​មុន​នោះ​ទេ។ អ្វី​ដែល​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់ខ្ញុំ​ គឺ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន និង​សាក្សី​ជាក់ស្ដែង​ទៅតាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ជូន​រួចហើយ»

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​អះអាង​ថា ការ​ស្លាប់​នេះ​នៅ​មាន​ចំណុច​សង្ស័យ​ជាច្រើន​ដែល​ខុស​ពី​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​​ថា ​ការ​លើកឡើង​របស់​ក្រុម​សមត្ថកិច្ច​ លោក​​មិន​​អាច​​ទទួល​យក​បាន​​ទេ។ លោក​បញ្ជាក់​ថា ជនសង្ស័យ ទិត្យ រ៉ន មិនមែន​ស្លាប់​ដោយសារ​ការ​​ដួល​​ខ្លួន​ឯង​ក្នុង​បន្ទប់ទឹក​ទេ។ លោក​នៅតែ​ប្រកាន់​ជំហរ​ថា ជនរងគ្រោះ​ស្លាប់​ដោយ​សង្ស័យ​ថា ទទួល​រង​​នូវ​​ការ​​វាយ​ដំ​​ជា​​ទម្ងន់ មុន​​ពេល​​ស្លាប់៖ «ការ​ស្លាប់​នេះ​វា​នៅតែ​ស្ថិតនៅ​ក្នុង​អាថ៌កំបាំង​ដដែល ដោយសារ​យើង​ឃើញ​ថា ស្លាក​ស្នាម​​ទៅ​លើ​ជន​រង​គ្រោះ ដែល​បាន​ស្លាប់​ហ្នឹង​វា​មាន​ស្លាកស្នាម​ដែល​គួរ​ឱ្យ​សង្ស័យ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម លោក ឯម កុសល បានទេ​កាលពី​ថ្ងៃទី​២៩ ឧសភា៖ «ខ្ញុំ​សូម​ទៅ! កំពុង​ជាប់​ប្រជុំ​ការងារ​បន្តិច»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ សង្គ្រោះ​ជាតិ ឃុំ​ទួលព្រះឃ្លាំង អៀម ទិត្យ ឪពុក​បង្កើត​ជនរងគ្រោះ​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ជឿ​ទៅលើ​ការ​អះអាង​របស់​របប​ក្រុងភ្នំពេញ​ទេ។ លោក​បញ្ជាក់​ថា កូន​របស់​លោក​ស្លាប់​ដោយសារ​ការ​វាយដំ​នៅ​ក្នុង​ពេល​ជាប់​ក្នុង​មន្ទីរឃុំឃាំង​ដោយសារតែ​ក្រោយ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​ជាំ​ជាច្រើន​កន្លែង៖ «ដល់ពេល​គេ​យក​ឡាន​ដាក់​សព​បាន​បងប្អូន​កូនក្មួយ កូនចៅ​គេ​វែកមុខ​មាត់​មើល​ឃើញ​មាន​របួស​លើ​ភ្នែក បែក​ភ្នែក ក បាក់​រលេះ​ស្នាម​ជាំ ​ក្លៀក​​ជាំ ​ឆ្អឹងជំនី ខ្នង​ជាំ​ទាំងអស់​។​ កូន​ខ្ញុំ​ទៅ​ពី​ផ្ទះ ពេល​គេ​ហៅ​ទៅ​អត់​មាន​​របួស​​ស្នាម​​អ្វី​​ទេ អត់​​មាន​​គ្រុន ​ឬ​​ឈឺ​​អ្វី​​​ទេ កូន​ខ្ញុំ​បង់សំណាញ់​រាល់ថ្ងៃ»

ទាក់ទិន​នឹង​សំណុំរឿង​នេះ​ដែរ សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ចំពោះ​ការ​ស្លាប់​កូនប្រុស​​សកម្មជន​​គណបក្ស​ សង្គ្រោះជាតិ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា បាន​​សម្ដែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​​ខ្លាំង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​លោក ទិត្យ រ៉ន ស្លាប់​នៅ​ក្នុង​ពន្ធនាគារ នា​ខេត្ត​កំពង់ចាម​នោះ។ សហរដ្ឋ​អាមេរិក​អំពាវនាវ​​ឱ្យ​​របប​​លោក ហ៊ុន សែន ចាត់ការ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ឯករាជ្យ និង​ជាបន្ទាន់​មួយ ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ពិត​នៅ​ពីក្រោយ​ការ​ចាប់ខ្លួន និង​ការ​ស្លាប់​របស់​កូន​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល