សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលក្រម លោក គង់ ម៉ាស់ នៅ​ថ្ងៃ​ទី​២៣ មីនា

ចៅក្រម​សាលាឧទ្ធរណ៍ នឹង​ប្រកាស​សាលក្រម កាត់ក្ដី​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ពី​បទ​ជេរប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​ថ្ងៃ​ទី​២៣ មីនា។ ភរិយា និង​មេធាវី​ការពារ​ក្ដី សុទ្ធតែ​រំពឹង​ថា លោក គង់ ម៉ាស់ នឹង​ទទួល​បាន​ការ​ដោះលែង។

ភរិយា​របស់ លោក គង់ ម៉ាស់ គឺ លោកស្រី កុល សាត ឱ្យ​ដឹង​ថា ចៅក្រម​សាលាឧទ្ធរណ៍​បាន​សួរដេញដោល​ច្រើន ក្នុង​សវនាការ​ជាង​មួយ​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា​។ ចៅក្រម និង​តំណាង​អយ្យការ​បាន​សួរនាំ​ពី​ដើមហេតុ និង​ការសម្រេច​ក្ដី​របស់​សាលាដំបូង ដែល​នាំ​ឱ្យ​មានការ​ប្ដឹងផ្ដល់​ឡើង​ឧទ្ធរណ៍​។ ចំណែក​ឯ​លោក គង់ ម៉ាស់ និង​មេធាវី​ការពារ​ក្ដី បាន​លើកឡើង​ពី​បំណង​នៃ​ការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (facebook) និង​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់។

លោកស្រី កុល សាត សង្ឃឹមថា តុលាការ​នឹង​ស្ដាប់​ការ​លើក​ឡើង​របស់​ស្វាមី និង​មេធាវី ហើយ​មាន​ជំនឿ​ថា ស្វាមី គឺ​លោក គង់ ម៉ាស់ នឹង​ទទួល​បាន​ការ​ដោះលែង នៅ​សប្ដាហ៍​ក្រោយ៖ «បើ​តាម​ការណ៍​ដែល​ខ្ញុំ​ស្ដាប់​ពី​ព្រឹក​មិញ ខ្ញុំ​សង្ឃឹមថា គេ​នឹង​ដោះលែង​គាត់ ពីព្រោះ​អ្វី វា​អត់​មាន​ធ្ងន់ធ្ងរ​អ្វី​ទេ​។ គ្រាន់តែ​ថា គាត់​បង្ហោះ​សារ​រិះគន់​នេះ ដោយសារតែ​ជា​មតិ ជា​សិទ្ធិ​របស់​គាត់​។ ខ្ញុំ​សង្ឃឹមថា គេ​នឹង​ច្រានចោល​រឿង​របស់​គាត់​។ គេ​នឹង​ដោះលែង​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ»។

ចំណែក​ស្ថានភាព​សុខភាព​របស់​លោក គង់ ម៉ាស់ លោកស្រី កុល សាត ប្រាប់​ថា លោក​នៅតែ​មាន​ជំងឺ ហើយ​ឡើង​សម្ពាធ​ឈាម​។ លោកស្រី កុល សាត បារម្ភ​ថា ការ​បន្ត​ឃុំខ្លួន​ស្វាមី​ក្នុង​ពន្ធនាគារ នឹង​នាំ​ឱ្យ​សុខភាព​លោក គង់ ម៉ាស់ កាន់តែ​ទ្រុឌទ្រោម។

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន លោក គង់ ម៉ាស់ ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩​។ គិត​មក​ទល់​ពេល​នេះ លោក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាការ​ព្រៃ​ស​ជាង ១​ឆ្នាំ​ហើយ​។ លោក ជាប់ចោទ ២​ករណី គឺ​ទី​១ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ​ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាល​ជាតិ លោក នេ​ត សាវឿន បន្ទាប់ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​ការបោះឆ្នោត ឆ្នាំ​២០១៨ និង​សារ​រិះគន់​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ បទ​ចោទ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៩។

ចំណែក​ករណី​ទី​២ គឺ​សាលាដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១៥​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ទៅ​ឱ្យ​ដើមបណ្ដឹង គឺជា​អតីត​អភិបាលស្រុក​រមាសហែក លោក ពេញ ជា និង​ពិន័យ​ប្រាក់ ១​លាន​រៀល​ចូល​រដ្ឋ។ ទោស​ទណ្ឌ ក្នុង​សំណុំរឿង​ទី​២ នេះ ដោយសារតែ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​លើ​ហ្វេសប៊ុក សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល ករណី​ចោទ លោក ពេញ ជា ថា បាន​ប្រើ​អំណាច និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត បណ្ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​រំលោភ​យក​ដីធ្លី។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក គង់ ម៉ាស់ គឺ លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា ក្នុង​សវនាការ​ចៅក្រម​ឧទ្ធរណ៍ បាន​សួរដេញដោល​កូនក្ដី​លោក ពី​បំណង និង​សកម្មភាព​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​។ លោក សំ សុគង់ បន្ត​ថា លោក គង់ ម៉ាស់ បាន​បំភ្លឺ​ថា ការ​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​ទាំង​៥​គណនី​របស់​លោក គឺ ក្នុង​គោលបំណង​ឱ្យ​មានការ​ផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត មិនមែន​ដោយ​ការ​ផ្ដួលរំលំ​ឡើយ ហើយ​ការ​បង្ហោះ​សារ​ទាំងនោះ ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​បោះពុម្ពផ្សាយ ដែល​ច្បាប់​អនុញ្ញាត ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​នេះ។

លោក​មេធាវី សំ សុ​គង់ យល់ថា សំណុំ​រឿង​នេះ ជា​រឿង​នយោបាយ ហើយ​រំពឹង​ថា ចៅក្រម​សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់ ដើម្បី​ផ្ដល់​សេរីភាព​ឱ្យ​កូនក្ដី​ឡើងវិញ​។ ម្យ៉ាង​លោក​មេធាវី ថា ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ដោះលែង​អ្នក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សាលាឧទ្ធរណ៍​ក៏​ធ្លាប់​សម្រួល​ឱ្យ​កាត់​បន្ថយ​ទោស​ឃុំខ្លួន ដល់​សកម្មជន​បក្ស​ប្រឆាំង ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ដែរ​។ ដូច្នេះ​លោក រំពឹង​ថា លោក គង់ ម៉ាស់ នឹង​ទទួល​បាន​ការ​ដោះលែង នៅ​ថ្ងៃទី​២៣ មីនា។

ក្នុង​សំណុំរឿង លោក គង់ ម៉ាស់ អង្គការ​ជាតិ និង​អន្តរជាតិ ធ្លាប់​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក គង់ ម៉ាស់ ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ចាត់ទុកថា លោក គង់ ម៉ាស់ គ្មាន​កំហុស​អ្វី​ឡើយ តាម​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។