អាជ្ញាធរខេត្តក្រចេះបានបញ្ជូន លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និង អ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត ទៅសាលាដំបូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ ខែមីនា។
ចំណែកក្រុមអ្នកស្រឡាញ់បរិស្ថាន រួមទាំងព្រះសង្ឃប្រមាណជាង ១០នាក់ កំពុងធ្វើយុទ្ធនាការ កាន់បដា នៅមុខសាលាដំបូង ខេត្តក្រចេះ ដើម្បីទាមទារឱ្យដោះលែង អ្នកទាំងបួននាក់នោះ។
ពួកគេបានស្រែកទាមទារឱ្យមានការដោះលែង អ្នកទាំងបួននាក់នោះ នៅមុខខ្លោងទ្វារសាលាដំបូង ខេត្តក្រចេះ អមដោយបដា បង្ហាញខ្លឹមសារថា សកម្មជនបរិស្ថាន គឺជាវីរជន អ្នកការពារបរិស្ថាន មិនមែនជាឧក្រិដ្ឋជន សូមឱ្យមានការដោះលែងអ្នកទាំង ៤នាក់នោះជាបន្ទាន់ គ្មានការចាប់ចង និងគ្មានការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញអ្នកការពារបរិស្ថាន។
ប្រធានបណ្ដាញយុវជនកម្ពុជា (CYN) លោក ទឹម ម៉ាឡៃ ដែលចុះឃ្លាំមើលរឿងនេះឱ្យដឹង នៅថ្ងៃទី ១៥ មីនាថា តំណាងអយ្យការខេត្តក្រចេះ កំពុងធ្វើការសាកសួរ លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត គឺលោក ស្រី ថី លោក ខេម សុឃី និងលោក ម៉េត មាត់ បន្ទាប់ពីពួកគេទាំងនោះ ត្រូវបានឃាត់ខ្លួនអស់រយៈពេលជាង ២៤ម៉ោងមកហើយ គិតត្រឹមម៉ោង ១១ ព្រឹកថ្ងៃទី១៥ ខែមីនា នេះ។ លោកថា តំណាងក្រុមអង្គការសង្គមស៊ីវិលចំនួន ៥ស្ថាប័ន និងក្រុមអ្នកស្រឡាញ់បរិស្ថានជាង ១០នាក់ទៀត កំពុងតាមដាន និងឃ្លាំមើលរឿងនេះ និងបន្តធ្វើយុទ្ធនាការ ទាមទារឱ្យមានការដោះលែងអ្នកទាំងនោះ។
ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ផ្សេងទៀត ត្រូវបានកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) ចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែមីនា នៅគ្រាដែលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើខុសច្បាប់ ក្នុងតំបន់ព្រៃឡង់៕
សូមលោកអ្នកនាងរង់ចាំស្ដាប់ព័ត៌មានពិស្ដារនៅរាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។