តុលាការរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក សម្រេចទទួលយករឿងក្ដីដែលលោក សម រង្ស៊ី ប្ដឹងទាមទារឲ្យក្រុមហ៊ុន ឆេវរ៉ុន (Chevron) ដែលជាម្ចាស់ស្ថានីយប្រេងសាំង កាល់តិច (Caltex) នៅប្រទេសកម្ពុជា បញ្ចេញឃ្លិបវីដេអូនោះ ទៅចាត់ការហើយ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលជាម្ចាស់បណ្ដឹងក្នុងរឿងក្ដីនេះ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី១០ ខែកុម្ភៈ ថា កាលពីថ្ងៃទី៩ ខែកុម្ភៈ តុលាការអាមេរិក ព្រមទទួលយករឿងក្ដីរបស់លោកដែលប្ដឹងឲ្យក្រុមហ៊ុន ឆេវរ៉ុន បញ្ចេញវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព នៅថ្ងៃឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ទៅចាក់ការហើយ។
លោក សម រង្ស៊ី បន្តថា តុលាការនេះក៏នឹងបង្គាប់ឲ្យក្រុមហ៊ុន ឆេវរ៉ុន បង្ហាញភស្តុតាងទៅតាមបណ្ដឹងរបស់លោកដែរ។ ទន្ទឹមនឹងនេះ មេបក្សប្រឆាំងដែលត្រូវបានរដ្ឋាភិបាលបិទផ្លូវមិនឲ្យវិលចូលប្រទេសវិញ បន្តថា ការទទួលយកបណ្ដឹងរបស់លោកនៅតុលាការអាមេរិកនេះ ដោយសារតែករណីនេះទាក់ទងនឹងសំណុំរឿង ២ផ្សេងទៀត គឺបណ្ដឹងបរិហារកេរ្តិ៍ដែលលោកចោទថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី និងបណ្ដឹងដាច់ដោយឡែកមួយទៀតរបស់ពលរដ្ឋខ្មែរ រួមនឹងរូបលោកផង ដែលប្ដឹងពីលោកនាយករដ្ឋមន្ត្រីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC ) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។