អ្នក​ច្បាប់​បារម្ភ​ពី​ការរំលោភ​សិទ្ធិមនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​ទំនាក់ទំនង​កម្ពុជា​ចិន​កាន់តែ​រឹងមាំ

ដោយ សុជីវី
2023.08.14
អ្នក​ច្បាប់​បារម្ភ​ពី​ការរំលោភ​សិទ្ធិមនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ នៅ​ពេល​ទំនាក់ទំនង​កម្ពុជា​ចិន​កាន់តែ​រឹងមាំ កូនប្រុសច្បងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត (ស្ដាំ) ជួបរដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី១៣ សីហា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

អ្នក​សិក្សា​ផ្នែក​ច្បាប់​បង្ហាញ​ក្ដី​បារម្ភ​ថា ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ នៅពេល​ទំនាក់ទំនង​កម្ពុជា ចិន កាន់តែ​រឹងមាំ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វន ចាន់ឡូត មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) មក​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​បញ្ជាក់​គោលជំហរ​គាំទ្រ​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ​ទេ ក៏​ជា​យុទ្ធសាស្ត្រ​បង្កើន​ទំនាក់ទំនង​នយោបាយ​ការបរទេស​ជាមួយ​កម្ពុជា និង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុននឹង​លោក ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី​ផង​ដែរ។ លោក​បន្ថែម​ថា បើ​ទោះ​បីជា​ប្រទេស​ចិន​គឺជា​ប្រទេស​នាំមុខ ផ្ដល់​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច និង​យោធា​ក្ដី ប៉ុន្តែ​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​មិន​បាន​ភ្ជាប់​មក​ជា​មួយ​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​នោះ​ឡើយ ទើប​គម្រោង​អភិវឌ្ឍ​ជាច្រើន រួម​ទាំង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ភាគច្រើន តែង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍។

លោក វន ចាន់ឡូត៖ «ការដឹកនាំ​ផ្នែក​សេដ្ឋកិច្ច​គឺ​ចិន​ជា​អ្នក​កាច់​ចង្កូត​នៅ​កម្ពុជា​ហើយ ទាំង​វិស័យ​វាយនភណ្ឌ ដី​សម្បទាន​សេដ្ឋកិច្ច ការ​សាងសង់​អី​ផ្សេងៗ​ហ្នឹង កម្ពុជា​គឺ​អាស្រ័យ​ទៅ​លើ​ចិន​ទាំងមូល​តែម្ដង បើសិនជា​ចិន​ប៉ះទង្គិច​ទៅ​លើ​វិស័យ​ទាំងអស់​ហ្នឹង គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​កម្ពុជា​ដែរ ហើយ​យើង​អាច​និយាយ​មួយ​បែប​ទៀត​ថា ការ​វិនិយោគ​របស់​ចិន គឺ​មិនសូវ​ជា​បាន​ផល​ប៉ុន្មាន​ទេ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ភាគច្រើន​នៅ​ក្នុង​ការ​វិនិយោគ​ទាំងនោះ មាន​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​បញ្ហា​សិទ្ធិមនុស្ស ការ​រំលោភបំពាន​ទៅ​លើ​ដីធ្លី ហើយ​ជាពិសេស​ទៅ​ទៀត​យើង​ឃើញ​ថា វា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ធនធាន​ធម្មជាតិ មាន​ព្រៃភ្នំ មាន​រ៉ែ​មាស​អី​ជាដើម»

ប្រតិកម្ម​របស់​អ្នក​សិក្សា​ផ្នែក​ច្បាប់​បែបនេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​គ្រោង​នឹង​ឡើង​កាន់​តំណែង លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) បាន​ប្រកាស​ប្ដេជ្ញា​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា ចិន ឱ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​បន្ថែម​ទៀត នៅ​ថ្ងៃទី​១៣ ខែ​សីហា​។ ក្រៅពី​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ាណែត ហើយ​នោះ នៅ​ក្នុង​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​មក​កម្ពុជា លោក វ៉ាង យី បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និង​បេក្ខភាព​រដ្ឋមន្ត្រីការបរទេស​ថ្មី​លោក សុខ ចិន្ដាសោភា ផង​ដែរ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នេះ សារព័ត៌មាន​ក្នុងស្រុក (Fresh News) ដែល​ជា​សេនាធិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា កម្ពុជា ចិន និង​ពង្រឹង​បន្ថែម​ទៀត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ វិស័យ​អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម។ បន្ថែម​ពី​នេះ ភាគី​ទាំងពីរ ក៏​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​ផង​ដែរ នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​លើ​ឆាក​អន្តរជាតិ។

អ្នក​វិភាគ​នយោបាយ​ធ្លាប់​បាន​លើកឡើង​ថា កម្ពុជា​មិន​បាន​ទទួលផល​ចំណេញ​នោះ​ឡើយ​ពី​ទំនាក់ទំនង​កម្ពុជា ចិន ព្រោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ភាគច្រើន តែង​មាន​អំពើពុករលួយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ ខណៈ​ការ​ផ្ដល់​ជំនួយ​យោធា​ចិន នឹង​ធ្វើ​ឱ្យ​កម្ពុជា​រងគ្រោះ​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​សមុទ្រ​ចិន​ខាងត្បូង និង​ក្នុង​តំបន់​អាស៊ាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។