ពលរដ្ឋ​រិះគន់​តុលាការ​ថា មិន​ឯករាជ្យ ខណៈ​តុលាការ​កំពូល​មាន​មោទនភាព​ចំពោះ​ស្នាដៃ​របស់​ខ្លួន

ដោយ ម៉ៅ សុធានី
2024.01.28
ពលរដ្ឋ​រិះគន់​តុលាការ​ថា មិន​ឯករាជ្យ ខណៈ​តុលាការ​កំពូល​មាន​មោទនភាព​ចំពោះ​ស្នាដៃ​របស់​ខ្លួន ប្រធាន​តុលាការ​កំពូល លោក ជីវ កេង។
រូប៖ ហ្វេសប៊ុក

ពលរដ្ឋ​ដែល​ជនរងគ្រោះ​ដីធ្លី និង​បញ្ហា​នយោបាយ​លើកឡើង​ថា ការណ៍​ដែល​តុលាការ​កំពូល​សាទរ​ចំពោះ​ការ​ដោះស្រាយ​រឿង​ក្ដី​ជូន​ពលរដ្ឋ​បាន​ចំនួន​ច្រើន​ករណី គឺជា​រឿង​ល្អ ប៉ុន្តែ​ពួកគាត់​អះអាង​ថា តុលាការ​កំពូល​មិន​បាន​អនុវត្ត​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ និង​ឯករាជ្យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញលេញ​ជូន​ពលរដ្ឋ​ទន់ខ្សោយ​ឡើយ ជាពិសេស​សំណុំរឿង​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច និង​សំណុំ​រឿង​នយោបាយ​ជាដើម ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចង់​ឃើញ​តុលាការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ប្រកប​ដោយ​គុណភាព​មិន​មែន​យក​បរិមាណ​មនុស្ស​ទេ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​លើក​ឡើង​ថា ពួកគាត់​និង​ពលរដ្ឋ​ទន់ខ្សោយ មិន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​ឡើយ ប្រសិនបើ​តុលាការ​កំពូល និង​តុលាការ​ថ្នាក់ក្រោម​នៅតែ​មិន​បំពេញ​ការងារ​តាមច្បាប់ និង​វិជ្ជាជីវៈ ដោយ​បន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ ខែមករា ថា​លោកស្រី​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ថា អាច​ផ្ដល់​ភាព​ត្រឹមត្រូវ​ជូន​លោកស្រី​និង​ពលរដ្ឋ​ទន់ខ្សោយ​ឡើយ​។ លោកស្រី​សង្កេត​ឃើញ​ថា អ្នក​មាន​លុយ​មានអំណាច​តែង​ទទួល​បាន​ការ​ការពារ​ពី​តុលាការ​ដែល​ខុសប្លែក​ពី​ពលរដ្ឋ​ស្លូតត្រង់​តែងតែ​រង​ការ​គំរាមកំហែង​ចាប់​ដាក់​ពន្ធនាគារ។

លោកស្រី ស៊ា ដាវី៖ «គឺ​សមិទ្ធផល​ហ្នឹង​គឺ​សម្រាប់​ពួក​បង​ជា​ប្រជា​សហគមន៍​សំរោង​ត្បូង​អ៊ីចឹង​សូម​មេត្តា​លោក​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ប្រជាពលរដ្ឋ​នៅ​សំរោង​ត្បូង​ដែល​ទទួល​ភាព​អយុត្តិធម៌​រង​ពាក្យ​បណ្ដឹង​ពី​អាជ្ញាធរ​ខណ្ឌ​ហ្នឹង​សូម​ផ្ដល់​ភាព​យុត្តិធម៌ ឱ្យ​ពួក​ខ្ញុំ​ឱ្យ​បាន​ទទួល​ដូច​ដែល​សមិទ្ធផល​ដូច​ដែល​អស់​លោក​បាន​ទទួល​កាល​ពី​ឆ្នាំ​២០២៣​កន្លងទៅ​ផង​ដែរ»

ប្រតិកម្ម​របស់​ពលរដ្ឋ​រូប​នេះ គឺ​បន្ទាប់ពី​តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល កាល​ពី​ថ្ងៃទី​២៦ ខែ​មករា បាន​ប្រារព្ធ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤។ ប្រធាន​តុលាការ​កំពូល លោក ជីវ កេង បង្ហាញ​ពី​មោទនភាព​ដោយ​ទទួល​សំណុំរឿង ជាង​២​ពាន់​ករណី (.៣១៨) ក្នុង​នោះ​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​ចំនួន​ជាង​៨​រយ​ករណី ( ៨១៣ ) និង​សំណុំរឿង​រដ្ឋប្បវេណី​មាន​ចំនួន​ជាង​៦​រយ​ករណី (៦៦៧) និង​នៅសល់​ចំនួន​ជាង​៨​រយ​ករណី (៨៣៨ ) ទៀត នៅ​មិន​ទាន់​ដោះស្រាយ​។ លោក ជីវ កេង បញ្ជាក់​ថា ការងារ​ដែល​តុលាការ​កំពូល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣ ទទួល​បាន​លទ្ធផល​រីកចម្រើន​ក្នុង​ការ​ដោះស្រាយ​រឿងក្ដី ក្នុង​នោះ​រឿងក្ដី​គ្រប់ ប្រភេទ​កើនឡើង​ចំនួន ១៩៣​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២២។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក ជីវ កេង នេះ​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា ថ្លែង​ថា តុលាការ​កំពូល​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព​ដោយ​កាត់ទោស​ប្ដី​លោកស្រី​ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ​ទាំង​គ្មាន​កំហុស​។ លោកស្រី​បន្ត​ថា ក្រៅពី​ចាប់​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​ហើយ​នោះ​នៅក្នុង​ពន្ធនាគារ ក៏​មានការ​រើសអើង អ្នក​ទោស​នយោបាយ​ពោល​គឺ​អ្នកមាន​លុយ​តែង​ទទួល​បាន​ឱកាស​រស់នៅ​ក្រៅ​ឃុំ។

លោកស្រី ហាញ់ សុវណ្ណា៖ «ខ្ញុំ​យល់​ថា បើ​តុលាការ​គាត់​ត្រឹមត្រូវ​គាត់​ត្រូវ​ដោះលែង​ក្រុម​គ្រួសារ​ខ្ញុំ និង​អ្នក​ទោស​នយោបាយ​ទាំងអស់គ្នា​ហ្នឹង​បាន​ខ្ញុំ​ថា តុលាការ​គាត់​ត្រឹមត្រូវ​បើ​គាត់​អត់​ដោះលែង​សម្រាប់​អ្នកទោស​វា​អយុត្តិធម៌​ពេក​វា​អត់​យុត្តិធម៌​ទេ​គាត់​បានតែ​ស្រែក​ហ្នឹង​ខាង​អ្នក​ទោស​នយោបាយ​នៅ​ដដែល​អត់​មាន​ឃើញ​ធូរស្រាល»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មករា។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សម្គាល់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​ចង់ឱ្យ​តុលាការ​ឯករាជ្យ​គឺ​ទាល់តែ​តុលាការ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ជាពិសេស​ពុំគួរ​ឱ្យ​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​មាន​តួនាទី​នៅក្នុង​ជួរ​គណបក្ស​នយោបាយ​ឡើយ។

លោក នី សុខា៖ «យើង​មើល​សង្កេត​ឃើញ​បញ្ហា​យើង​បច្ចុប្បន្ន​យើង​ឃើញ​ថា តុលាការ​នៅ​មិន​មាន​ឯករាជ្យ​ភាព​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​ក្នុង​ការ​ចាត់​វិធានការ​រឿងក្ដី ជាពិសេស​រឿងក្ដី​ដែល​ពាក់ព័ន្ធ​រឿង​ព្រហ្មទណ្ឌ រឿង​នយោបាយ​អីហ្នឹង​យើង​ឃើញ​ថា តុលាការ​នៅ​មិន​ទាន់​ឈរ​ឯករាជ្យ​ទេ​ដោយសារតែ​យើង​ឃើញ​សមាសភាព​តុលាការ​មួយ​ចំនួន​លោក​ក្នុង​ជួរ​គណបក្ស​នយោបាយ​មួយ»

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ​នោះ​ឡើយ ព្រោះ​មន្ត្រីជាន់ខ្ពស់ ចាប់​ពី​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រហូតដល់​ចៅក្រម ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ និង​សូម្បីតែ​គណៈមេធាវី ភាគច្រើន​គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស​។ ជាក់ស្ដែង លោក ហ៊ុន សែន បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១៧ ហើយ​សកម្មជន​គណបក្សប្រឆាំង​រាប់​រយ​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន និង​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ​២០២២ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​រហូត​ដល់​បាត​តារាង​គឺ​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស គឺ​គ្រាន់បើ​តែ​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា ( Venezuela) មួយ​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។