ភរិយាសកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ទាមទារឲ្យសមត្ថកិច្ចបង្ហាញអំពីព័ត៌មានពីស្វាមីលោកស្រី ដែលបាត់ខ្លួនក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករិះគន់ករណីជំងឺកូវីត១៩នៅកម្ពុជា។ សំណើនេះក្រោយសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឃុត ច្រឹក បានបាត់ខ្លួនអស់រយៈ ៦ថ្ងៃដោយគ្មានដំណឹង។
លោកស្រី ប៊ុត សាម៉ាក់ ភរិយាលោក ឃុត ច្រឹក សកម្មជនគណបក្សសង្គ្រោះជាតិនៅស្រុកព្រះស្តេច ខេត្តព្រៃវែងឲ្យអាស៊ីសេរីដឹងកាលពីថ្ងៃទី១៥ ខែមីនាថា លោកស្រីនៅតែមិនទាន់ដឹងដំណឹងពីស្វាមីលោកស្រីនៅឡើយទេ ក្រោយពីបាត់ខ្លួន កាលពីថ្ងៃទី១០ មីនា ដែលកាលនោះសមត្ថកិច្ចមូលដ្ឋានបានកោះហៅស្វាមីលោកស្រីឲ្យទៅបំភ្លឺនៅប៉ុស្តិ៍នគរបាល។ លោកស្រីបន្តថា ពេលនេះលោកស្រីព្រួយបារម្ភពីសុវត្ថិភាពស្វាមីខណៈបាត់ដំណឹងយូរបែបនេះ៖ «»
ទាក់ទងករណីនេះ មេប៉ុស្តិ៍នគរបាលឃុំបឹងដោល លោក យ៉ង់ សាកល បាននិយាយយ៉ាងខ្លីថា លោកមិនបានឃាត់ខ្លួនឬធ្វើកំណត់ហេតុអ្វីលើ លោក ឃុត ច្រឹក នោះទេ៖ «»
ប៉ុន្តែលោកស្រី ប៊ុត សាម៉ាក់ និយាយថា កាលពីថ្ងៃទី១០ ខែមីនា មេប៉ុស្តិ៍នគរបាលឃុំបឹងដោល លោក យ៉ង់ សាកល បានមកហៅស្វាមីលោកស្រីដល់ផ្ទះឲ្យទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលិស ហើយស្វាមីលោកស្រីបានយល់ព្រមទៅប៉ុស្តិ៍ប៉ូលិសដោយជិះម៉ូតូខ្លួនឯងទៅ។ លោកបន្តថា នៅយប់ថ្ងៃដដែលនគរបាលមូលដ្ឋានម្នាក់បានទូរស័ព្ទមកប្អូនថ្លៃលោកស្រីឲ្យទៅយកម៉ូតូប្ដីលោកស្រីពីប៉ុស្តិ៍ និងប្រាប់ថា ស្វាមីលោកស្រីត្រូវបញ្ជូនទៅសាកសួរបន្តនៅអធិការស្រុកព្រះស្ដេច៖ «»
លោកស្រីបន្តថា លោកស្រីធ្លាប់បានទៅសាកសួរព័ត៌មានប្តីលោកស្រីនៅអធិការនគរបាលស្រុកព្រះស្ដេចហើយសមត្ថកិច្ចនៅទីនោះប្រាប់ថា ស្វាមីលោកស្រីត្រូវបានបញ្ជូនទៅសាកសួរបន្តនៅអគ្គស្នងការនគរបាលជាតិនៅក្រុងភ្នំពេញ។ ប៉ុន្តែពេលលោកស្រី និងក្រុមគ្រួសារបានស្វះស្វែងទៅសាកសួរនៅអគ្គស្នងការប៉ូលិសនៅក្រសួងមហាផ្ទៃ និងខាងពន្ធនាគារព្រៃស ក៏នៅតែមិនបានទទួលដំណឹងពីស្វាមីដដែល។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអធិការស្រុកព្រះស្ដេច ស្នងការនគរបាលខេត្តព្រៃវែងលោក ព្រំ សន្ធរ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប៉ុន្តែអ្នកទាំងអស់មិនលើកទូរស័ព្ទនោះទេ កាលពីថ្ងៃទី១៥ ខែមីនា។
លោក ឃុត ច្រឹក សកម្មជនគណបក្សសង្គ្រោះជាតិស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចកោះហៅមកសាកសួររឿងបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ មីនាកន្លងទៅនេះ ហើយមកដល់ថ្ងៃទី១៤ មីនា លោកបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃមកហើយ។
មេធាវីការពារក្តីលោក សំ សុគង់ មានប្រសាសន៍ថា តាមផ្លូវច្បាប់បើទោះបីមានការចាប់ខ្លួន ជនសង្ស័យបានប្រព្រឹត្តិបទល្មើសអ្វី ក៏ដោយសមត្ថកិច្ចត្រូវតែជូនដំណឹងទៅក្រុមគ្រួសារឲ្យបានដឹងពីមូលហេតុនៃការចាប់ខ្លួននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។