សង្គមស៊ីវិលយល់ថា មហាជន អាចនឹងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធិ ដែលសម្រួលឱ្យកញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា អនុវត្តទោសត្រឹម២ខែ ក្នុងករណីបើកឡានក្នុងល្បឿនលឿន បុកនិស្សិតស្រីម្នាក់ស្លាប់ កាលពីចុងខែមីនា។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ សង្កេតឃើញថា ករណីផ្ដន្ទាទោសកូនស្រីរបស់សមាជិកក្រុមប្រឹក្សាអាជ្ញាធរអប្សរាម្នាក់ ឈ្មោះ យិន ម៉ាណា មានភាពមិនប្រក្រតីតាំងពីដំបូងមកម្ល៉េះ។ ប៉ុន្តែ ដោយសារមានចលនាជំរុញរបស់មហាជនតាមបណ្ដាញសង្គម ធ្វើឱ្យស្ថាប័នអនុវត្តច្បាប់ បន្តនីតិវិធីរហូតដល់តុលាការ។
លោកអះអាងថា នៅពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបែបនេះ មហាជននឹងមិនសុខចិត្តទេ ហើយអាចនឹងមានបណ្ដឹងទាមទារឱ្យស៊ើបអង្កេតជុំវិញការសម្រេចនេះ៖ «ខ្ញុំមើលទៅ ទំហំនៃការអំពាវនាវហ្នឹងធំធេង ហើយគេចង់បាននូវយុត្តិធម៌ពិតប្រាកដ ហើយគេចង់បានករណីនេះមួយ ជាការអនុវត្តច្បាប់ ដែលត្រឹមត្រូវ ដែលម៉ត់ចត់។ ក៏ប៉ុន្តែខ្ញុំគិតថា សេចក្ដីសម្រេចរបស់តុលាការ ( ផ្សាយតាមសារព័ត៌មានក្នុងស្រុកមួយចំនួន ) ខ្ញុំគិតថា ជាការបង្ហាញអាចថា វាជាការអស់សង្ឃឹមរបស់អ្នក ដែលឈឺឆ្អើររឿងអយុត្តិធម៌ ឬក៏មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍»។
ប្រព័ន្ធឃោសនាស្និទ្ធរបបក្រុងភ្នំពេញ (Freshnews) អះអាងថា មានមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញប្រាប់ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ុក សុវណ្ណារិទ្ធិ នៅថ្ងៃទី១៧ ឧសភា បានសម្រេចឱ្យកញ្ញា យិន ម៉ាណា អនុវត្តទោសត្រឹម ២ខែគត់ ហើយទោសសល់ ៨ខែទៀត គឺត្រូវព្យួរ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យអគ្គពន្ធនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បានទេ នៅថ្ងៃទី១៧ ឧសភា ដោយសារមិនទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២៦ ខែមីនា កញ្ញា យិន ម៉ាណា បានបើករថយន្តសេរីទំនើប (Rang rover) ក្នុងល្បឿនយ៉ាងលឿន បុកនិស្សិតស្រីម្នាក់ បណ្ដាលឱ្យប៉ើងផ្ទប់ នឹងរបងផ្ទះពលរដ្ឋនៅខណ្ឌទួលគោក ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុ ជនបង្កមិនបានចុះមើល ឬជួយសង្គ្រោះជនរងគ្រោះទេ ប៉ុន្តែ បានបន្ថែមល្បឿនគេចខ្លួន រហូតដល់មានបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន និងទុកពេលវេលាឱ្យច្រើនថ្ងៃ ក្នុងការចូលខ្លួនសារភាព។
ទោះធ្លាប់ទទួលបានសំណងរដ្ឋប្បវេណី និងថវិកាចូលបុណ្យសពច្រើនម៉ឺនដុល្លារ តែក្រុមគ្រួសារជនរងគ្រោះ ធ្លាប់ទាមទារឱ្យសមត្ថកិច្ចផ្ដន្ទាទោសជនបង្កតាមផ្លូវច្បាប់។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មី ចែងថា ជនណាបើកបរដោយធ្វេសប្រហែលខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលទៅ ១០លានរៀល។ ក្នុងករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរ និងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុ ដើម្បីគេចពីការទទួលខុសត្រូវគឺត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
ក្នុងករណីកញ្ញា យិន ម៉ាណា បើទោះជា សមត្ថកិច្ចរកឃើញថា ក្រោយបើកបុកជនរងគ្រោះ ជនបង្កបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុ តែចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសតែ ១ឆ្នាំគត់។
មេធាវីរបស់គ្រួសារជនរងគ្រោះ និងជាសមាជិកក្រុមមេធាវីជួយជនក្រីក្ររបស់លោក ហ៊ុន សែន គឺលោកមេធាវី សុខ អួង បដិសេធផ្ដល់បទសម្ភាសន៍ជុំវិញករណីនេះ ដោយសារជាប់រវល់ដើរហាត់ប្រាណពេលព្រលប់។ តែលោកបានផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុក (ថ្មីៗ) ក្រោយការប្រកាសសាលក្រមថា តុលាការទុកសិទ្ធិឱ្យខាង នាង យិន ម៉ាណា ប្ដឹងទៅសាលាឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្ត នឹងការសម្រេចឱ្យជាប់ឃុំ ២ខែនេះ។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីក្រុមគ្រួសារ កញ្ញា យិន ម៉ាណា និងក្រុមគ្រួសាររបស់ជនរងគ្រោះ សពនិស្សិតឆ្នើម ឌុំ រីដា បាននៅឡើយទេ។
អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក គង់ រតនៈ យល់ថា ការសម្រេចឱ្យកញ្ញា យិន ម៉ាណា អនុវត្តទោសតែ ២ខែ ហាក់បីរាងស្រាលខ្លាំង បើធៀបនឹងច្បាប់ចែង និងករណីជនបង្កផ្សេងទៀត។ លោកថា ការអនុវត្តទោសស្រាលបែបនេះ មិនស្មើនឹងទំហំទឹកចិត្តរបស់មហាជនឡើយ៖ «សម្រាប់ខ្ញុំទោសដែលតុលាការសម្រេច ( អនុវត្តទោស ២ខែ សល់ ១០ខែព្យួរ ) វារាងស្រាល។ ខ្ញុំគិតថា វាមានករណីយោងជាច្រើនទៀត ដែលយកមកសំអាងអ៊ីចឹងណា។ ប៉ុន្តែសម្រាប់ទឹកចិត្ត ខ្ញុំចង់ឱ្យបាន ( ដាក់ឃុំ ) ច្រើនជាងហ្នឹង។ ប៉ុន្តែបើតុលាការសម្រេចអ៊ីចឹងទៅហើយ យើងក៏មិនមានអ្វីទៅតវ៉ាទៀតដែរ។ យើងគ្រាន់តែថា យ៉ាងហោចណាស់ ក៏គាត់បានជាប់ទោស ឯការផ្សះផ្សាយ៉ាងណាទៀតនោះ យើងគិតតាមក្រោយទៀត ទៅតាមទំហំនៃការផ្សះផ្សាផ្លូវចិត្តតាមក្រោយទៀតណា»។
ក្នុងរយៈពេលកន្លះខែចុងក្រោយនេះ ករណីដោះលែងកញ្ញា យិន ម៉ាណា គឺជាករណីទី២ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តកំពង់ចាម ដោះលែងប៉េអិម សក្ដិ៤ ខេត្តក្រចេះម្នាក់ ឈ្មោះ សាន្ត សុខុម ត្រូវជាកូនប្រុសឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេប៉េអិមខេត្តក្រចេះ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយស្ងាត់ៗ ក្រោយឃុំខ្លួនបាន ២៥ថ្ងៃ។ កូនប្រុស ស្រី របស់អ្នកមានអំណាចទាំងពីរនាក់ ដែលតុលាការសម្រេចដោះលែងមុនការអនុវត្តទោសនេះ សុទ្ធតែចូលខ្លួនសារភាព ដោយសារមានបញ្ជារបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
