ក្រុម​យុវជន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត កែប្រែ​ប្រព័ន្ធ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ

​ដោយ សុជីវី
2023.08.10
ក្រុម​យុវជន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត កែប្រែ​ប្រព័ន្ធ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ គណៈរដ្ឋមន្ត្រីថ្មី​ដែលលោក ហ៊ុន សែន រៀបចំ​សម្រាប់​កូនប្រុសរបស់​លោក​គឺលោក ហ៊ុន ម៉ាណែត។ រូបថត​ថ្ងៃទី១០ សីហា ២០២៣។
រូប៖ តេឡេក្រាមលោក ហ៊ុន សែន

ក្រុម​យុវជន​សិក្សា​ផ្នែក​ច្បាប់ ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​នីតិកាល​ទី​៧ គឺ​លោក ហ៊ុន ម៉ាណែត កែប្រែ​ប្រព័ន្ធ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​យុត្តិធម៌​សង្គម​។ មន្ត្រី​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​ការ​ស្នើសុំ​នេះ ហើយ​ថា លោក ហ៊ុន ម៉ាណែត នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ប្រសើរ ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ខណៈ​មន្ត្រី​គណបក្សប្រឆាំង​អះអាង​ថា លោក ហ៊ុន ម៉ាណែត គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​នោះ​ឡើយ។

សំណើ​របស់​ក្រុម​យុវជន​ដូច្នេះ គឺ​ដោយសារតែ​ពួកគេ​មើលឃើញ​ថា ការ​ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ គឺជា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​ប្រទេស​មានកេរ្តិ៍ឈ្មោះ​ល្អ​នៅក្នុង​ប្រវត្តិសាស្ត្រ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កញ្ញា ហេង គឹមសួរ យល់​ឃើញ​ថា ប្រព័ន្ធ​តុលាការ​មិន​មាន​ភាព​ឯករាជ្យ​នោះ​ឡើយ ព្រោះ​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​នយោបាយ​ជាដើម ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ កញ្ញា​បន្ថែម​ថា ការ​ធ្វើ​ឱ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ឯករាជ្យ​រៀង​ខ្លួន​នោះ មិន​ត្រឹមតែ​អាច​លុបបំបាត់​អំពើពុករលួយ​ជា​ប្រព័ន្ធ​ប៉ុណ្ណោះ​ទេ ក៏​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅក្នុង​សង្គម​ជាច្រើន​ផង​ដែរ។

កញ្ញា ហេង គឹមសួរ៖ «ប្រសិនបើ​តុលាការ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ ខ្ញុំ​គិតថា​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ថ្មី គាត់​នឹង​ទទួល​បាន​ផលប្រយោជន៍​ដូចជា គាត់​អាច​ស្ដារ​មុខមាត់​ប្រទេស​កម្ពុជា​ឡើងវិញ ខណៈ​ដែល​ប្រជាពលរដ្ឋ​ស្ទើរតែ​ទូទាំង​ប្រទេស​ទៅ​ហើយ​ដែល​លែង​មាន​ទំនុកចិត្ត និង​ជំនឿ​ទៅលើ​ប្រព័ន្ធ​តុលាការ ពីព្រោះ​យើង​ឃើញ​ហើយ​ថា​ពលរដ្ឋ​ក្រីក្រ​ដែល​គាត់​បាន​បាត់បង់​ដីធ្លី ដោយ​អ្នក​មាន​អំណាច​រំលោភបំពាន​យក គឺ​គាត់​អត់​អាច​ទទួល​បាន​នូវ​យុត្តិធម៌​ទេ»។

កញ្ញា ហេង គឹមសួរ បន្ថែម​ថា នៅ​ពេល​ប្រព័ន្ធ​តុលាការ​ឯករាជ្យ នោះ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស ដោយសារ​ការ​អភិវឌ្ឍ​ក៏​ត្រូវ​កាត់បន្ថយ​ផង​ដែរ ព្រោះ​មនុស្ស​ទាំងអស់​នឹង​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់។

ស្រដៀង​គ្នា​នេះ និស្សិត​ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ម្នាក់ទៀត គឺ​កញ្ញា រ៉ា ជីយ៉ាង យល់​ឃើញ​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ នោះ​លោក​មិន​ត្រឹមតែ​ទទួល​បាន​ប្រជាប្រិយភាព តាមរយៈ​ការ​ផ្ដល់​យុត្តិធម៌​ទៅដល់​ជន​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ពី​សមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដឹកនាំ​ប្រទេស​ផង​ដែរ។ កញ្ញា​បន្ថែម​ថា ប្រសិនបើ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដែល​មិន​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន នោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ចាក់ស្រេះ​នៅ​ក្នុង​សង្គម​ក៏​អាច​ដោះស្រាយ​បាន​ដែរ។

កញ្ញា រ៉ា ជីយ៉ាង៖ «ភាពយុត្តិធម៌​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការ​គិត និង​វិនិច្ឆ័យ​របស់​តុលាការ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ប្រព័ន្ធ​តុលាការ​យើង​មិន​ឯករាជ្យ ស្ថិត​ក្រោម​អំណាច​នៃ​ស្ថាប័ន​ណាមួយ​នៅក្នុង​អំណាច​ទាំង​៣ ខ្ញុំ​គិតថា​ចំណុច​ហ្នឹង​ប្រជាពលរដ្ឋ​ស្លូតត្រង់ គ្មាន​អំណាច គាត់​ហ្នឹង​ត្រូវ​បាន​អ្នក​មាន​អំណាច​រំលោភ​ជិះជាន់​ជាក់​ជា​មិនខាន​ទេ»។

ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ឯករាជ្យ​នោះ​ឡើយ ព្រោះ​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ប្រព័ន្ធ​នេះ រាប់​ចាប់ពី​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រហូត​ដល់​ចៅក្រម ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ និង​សូម្បីតែ​គណៈមេធាវី ភាគច្រើន​គឺជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស។ ក្រៅពី​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ហើយ​នោះ លោក ហ៊ុន សែន ក៏​ប្រើប្រាស់​ស្ថាប័ន​មួយ​នេះ ដើម្បី​ការពារ​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់​បក្ខពួក និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។ ជាក់ស្ដែង​បន្ទាប់ពី​លោក ហ៊ុន សែន ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ឆ្នាំ​២០១៧ ហើយ​នោះ សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​ត្រូវ​បាន​ឃាត់ខ្លួន និង​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ក្រុម​យុវជន ដែល​ចង់ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​។ លោក​បន្ថែម​ថា ប្រសិនបើ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត នឹង​អាច​ទទួល​អត្ថប្រយោជន៍​សំខាន់ៗ​៣ ទី​១ គឺ​អាច​ធ្វើ​ឱ្យ​អ្នកមាន និង​អ្នកក្រ មាន​សិទ្ធិ​ស្មើគ្នា​នៅ​ចំពោះមុខ​ច្បាប់ ទី​២ គឺ​ជួយ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ តាមរយៈ​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ និង​ទី​៣ សាមគ្គីភាព​ជាតិ តាមរយៈ​ការ​លុបបំបាត់​គំនុំ​នៅក្នុង​សង្គម​ដោយសារ​ភាព​អយុត្តិធម៌។

លោក កើត សារ៉ាយ៖ «ខ្ញុំ​គិតថា លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​ពិចារណា​ហើយ​យកចិត្តទុកដាក់ ពិចារណា​ឱ្យ​ខ្ពស់​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ពីព្រោះ​ប្រព័ន្ធ​យុត្តិធម៌​វា​នឹង​ក្លាយ​ទៅជា​កត្តា​ដ៏​ចម្បង​នៅ​ក្នុង​ការជំរុញ​ទៅ​វិស័យ​ផ្សេងៗ ឱ្យ​មាន​ប្រសិទ្ធភាព ឬ​ឱ្យ​មាន​សក្ដានុពល​នៅ​ក្នុង​ការ​អនុវត្ត»។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ​២០២២ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​បាត​តារាង​គឺ​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស គឺ​គ្រាន់បើ​តែ​ជាង​ប្រទេស វេណេហ្ស៊ុយអេឡា ( Venezuela) មួយ​តែ​ប៉ុណ្ណោះ​។ លទ្ធផល​ចំណាត់ថ្នាក់​បាត​តារាង​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង ជាមួយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាង​១​ពាន់​គ្រួសារ​អំពី ដែន​កំណត់​អំណាច​រដ្ឋាភិបាល ការ​លុប​បំបាត់​អំពើពុករលួយ រដ្ឋាភិបាល​បើកទូលាយ សិទ្ធិ​ជា​មូលដ្ឋាន សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សង្គម ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណី និង​ផ្នែក​ព្រហ្មទណ្ឌ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៨ ខែសីហា។

ដោយឡែក ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​ប៉ៃលិន ដែល​កំពុង​ភៀសខ្លួន​ដោយសារ​ការ​គំរាមកំហែង​ពី​ប្រព័ន្ធ​តុលាការ លោក ខឹម មុន្នីកុសល យល់​ឃើញ​ថា ដោយសារ​គ្រួសារ​ត្រកូល​ហ៊ុន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ភាគច្រើន​ប្រព្រឹត្តិ​អំពើពុករលួយ ដូច្នេះ​បើ​ទោះ​បី​ជា​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ក៏​លោក​មិនអាច​ធ្វើ​ទៅ​រួច​ដែរ។ លោក​បន្ថែម​ថា លោក ហ៊ុន ម៉ាណែត ក៏​នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​គាបសង្កត់​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​លោក ដើម្បី​រក្សា​អំណាច​ផង​ដែរ ព្រោះ​លោក​បាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ដោយសារតែ​ការបោះឆ្នោត​ក្លែងក្លាយ និង​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​។ «»

តុលាការ​ទៅ​ថ្ងៃមុខ យុត្តិធម៌​មិន​យុត្តិធម៌​ទាល់​តែ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ មិនមែន​ក្លែងក្លាយ មិនមែន​លេងសើច​ដូច​សព្វថ្ងៃ​នេះ ប្រព័ន្ធ​តុលាការ​នឹង​មាន​ភាព​ប្រសើរ​ឡើង​ហើយ ប៉ុន្តែ​បើ​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​បែបនេះ​គឺ ខ្ញុំ​មិន​សង្ឃឹម​សោះឡើយ​នឹង​មាន​តុលាការ​មួយ​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​ធ្វើ​ឱ្យ​តុលាការ​ឯករាជ្យ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នោះ​ទេ ព្រោះ​តួនាទី​នាយករដ្ឋមន្ត្រី​ដែល​លោក ហ៊ុន ម៉ា​ណែ​ត ទទួល​បាន គឺ​ដោយសារតែ​ការ​លើក​បន្តុប​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា ក្រុម​យុវជន​នៅតែ​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដើម្បី​បញ្ចៀស​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។