អាមេរិក និង​សម្ពន្ធមិត្ត​វាយ​ប្រហារ​លីប៊ី

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​នេះ កង​កម្លាំង​ទ័ព​សហ​រដ្ឋ​អាមេរិក ប្រទេស​អង់គ្លេស និង​បារាំង បាន​ចាប់​ផ្ដើម​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រដ្ឋាភិបាល​នៃ​ប្រទេស​ លីប៊ី របស់​លោក មូអាមើ កាដាហ្វ៊ី (Muammar Qaddafi) ក្នុង​បំណង​រារាំង​កង​ទ័ព​លីប៊ី​មិន​ឲ្យ​បន្ត​ការ​បាញ់​សម្លាប់​ក្រុម​បះបោរ និង​ជន​ស៊ីវិល។
ដោយ ផន រីណា
2011.03.21
Share on WhatsApp
Share on WhatsApp

ក្នុង​យុទ្ធនាការ​ទ័ព​អាកាស​នេះ សហ​រដ្ឋ​អាមេរិក​ប្រើ​យន្តហោះ ១៩​គ្រឿង រី​ឯ​ប្រទេស​អង់គ្លេស​ប្រើ​យន្ត​ហោះ ៤​គ្រឿង ដើម្បី​បាញ់​កម្ទេច​ទីតាំង​យោធា ប្រព័ន្ធ​ទាក់ទង និង​ប្រព័ន្ធ​រ៉ាដា​ត្រួត​ពិនិត្យ​យន្ត​ហោះ​របស់​ទ័ព​លីប៊ី។

យោង​តាម​ទូរទស្សន៍​ស៊ីអិនអិន បាន​ផ្សាយ​ឲ្យ​ដឹង​ថា មក​ដល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ យន្តហោះ​របស់​អាមេរិក និង​អង់គ្លេស​បាន​បាញ់​ចំ​គោល​ដៅ​ចំនួន ២០​កន្លែង។

មេ​ដឹក​នាំ​លីប៊ី មូអាមើ កាដាហ្វ៊ី ថ្លែង​ប្រតិកម្ម​តាម​វិទ្យុ​ចំពោះ​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​អាកាស​របស់​សហ​រដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង​ថា ៖ "យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​ប្រជា​ជន​របស់​លីប៊ី។ យើង​នឹង​មាន​ព្រះ​អាឡោះ​នៅ​ជា​មួយ​យើង ចំណែក​ពពួក​បរទេស​ឈ្លាន​ពាន​ឯង គឺ​ជា​បិសាច។ តើ​ពួក​ឯង​ជា​ស្អី បាន​ជា​មាន​សិទ្ធិ​មក​វាយ​ប្រហារ​លើ​ប្រជា​ជន​យើង? នរណា​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​ឯង​មក​វាយ​ប្រហារ​យើង? ពួក​ឯង​ជា​មនុស្ស​ព្រៃផ្សៃ។ យើង​នឹង​តស៊ូ​ប្រយុទ្ធ​ដោយ​ដំណក់​ឈាម​របស់​យើង ដើម្បី​ការពារ​ទឹក​ដី​របស់​យើង ហើយ​យើង​នឹង​បាន​ជោគជ័យ"

ការ​វាយ​ប្រហារ​មក​លើ​ប្រទេស​លីប៊ី​នេះ ធ្វើ​ឡើង​ក្រោយ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​កង​ទ័ព​លីប៊ី​បន្ត​ការ​បាញ់​សម្លាប់​ក្រុម​ឧទ្ទាម និង​ជន​ស៊ីវិល​លីប៊ី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។