ប្រទេស​ម៉ាឡេស៊ី​ដាក់​ឧបករណ៍​តាម​ដាន​សុខ​ភាព​សត្វ

ប្រធាន​សេវា​នៃ​នាយកដ្ឋាន​បសុសត្វ​ម៉ាឡេស៊ី លោក អាប់​ឌុល អា​ស៊ីស ចា​ម៉ា​លូឌីន បាន​ថ្លែង​ប្រាប់​កាសែត New Straits Times ផ្សាយ​បន្ត​កាល​ពី​ពេល​ថ្មីៗ នេះ បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​បសុសត្វ​ម៉ាឡេស៊ី គ្រោង​នឹង​ដាក់​ឧបករណ៍​តាម​ដាន​សុខ​ភាព​សត្វ ដោយ​បង្កប់​ចូល​ទៅ​ក្នុង​សាច់​ក្រោម​ស្បែក​សត្វ​ជ្រូក​រស់​និមួយៗ ដែល​កសិករ​ចិញ្ចឹម​នៅ​តាម​កសិដ្ឋាន​ឯកជន នៅ​ទូទាំង​ប្រទេស ដើម្បី​ងាយ​នឹង​តាម​ដាន​ពិនិត្យ​ឲ្យ​ដឹង​ថា ជ្រូក​មួយ​ក្បាល​ៗ​នោះ​គ្មាន​ជំងឺ មុន​នឹង​អាជីវករ​អាច​កាប់​យក​សាច់​លក់​នៅ​តាម​ទីផ្សារ​បាន។

មន្ត្រី​ម៉ាឡេស៊ី​ដដែល​បញ្ជាក់​ថា ជា​ធម្មតា​ម្ចាស់​កសិដ្ឋាន​តែង​បញ្ជូន​សត្វ​ជ្រូក​ដែល​មាន​សុខភាព​ល្អ​ទៅ​មណ្ឌល​សត្តឃាត ឬ​កន្លែង​សម្លាប់​សត្វ ប៉ុន្តែ​មាន​កសិករ​ម៉ាឡេស៊ី​ខ្លះ​លួច​បន្លំ​បញ្ជូន​ជ្រូក​ឈឺ​ទៅ​កាប់​យក​សាច់​លក់។ បញ្ហា​នេះ ច្រើន​កើត​មាន​ឡើង​នៅ​ភូមិភាគ​កណ្ដាល​នៃ​ប្រទេស ក្នុង​នោះ​រួម​មាន​នៅ​ខេត្ត Selangor និង​ខេត្ត Negri Sembilan។ មន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន RFP ថា វិធានការ​ថ្មី​នៃ​ការ​បង្កប់​ឧបករណ៍​តាម​ដាន​សុខភាព​ជ្រូក​រស់ នឹង​ត្រូវ​ផ្ដើម​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១១ នេះ។ គឺ​ថា​ប្រសិន​បើ​លេខ​សំគាល់​ដែល​មន្ត្រី​បសុសត្វ​បង្កប់​ក្រោម​ស្បែក​សត្វ​ជ្រូក មិន​ត្រូវ​គ្នា​នឹង​លេខ​កូដ​ដែល​តម្កល់​នៅ​មណ្ឌល​សត្តឃាត ដែល​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋ​ទេ​នោះ សត្វ​ជ្រូក​នោះ​នឹង​ត្រូវ​រង​ការ​សង្ស័យ​ថា មាន​បញ្ហា។

វិធានការ​ថ្មី​នេះ ធ្វើ​ឡើង​ក្នុង​បំណង​តាម​ដាន​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចរាចរ​លក់​សាច់​ជ្រូក​មាន​ជំងឺ ដែល​ជា​បទ​ល្មើស​ខុស​ច្បាប់ មិន​ឲ្យ​មាន​នៅ​តាម​ទីផ្សារ​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី៕