ព្រះរាជអាជ្ញារងតុលាការខេត្តបន្ទាយមានជ័យ លោក ឡុង ជាប បានមានប្រសាសន៍កាលពីថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១១ ថា ជនសង្ស័យឈ្មោះ គឹម សាធ អាយុ ៤២ឆ្នាំ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ ៖ «រឿងហ្នឹងខ្ញុំបញ្ជូនចៅក្រម ហើយចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ មីនហ្នឹងគេហៅថា មីនកង្កែប ដាក់ដាច់ជើងដាច់ដៃ។ ការងារហ្នឹង លទ្ធផលការស៊ើបអង្កេត សំណុំរឿងការងារសម្ងាត់គេមិនអាចនិយាយបាន»។
ជនសង្ស័យឈ្មោះ គឹម សាធ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលចុះទៅចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ដោយសាររូបគាត់បានយកមីន១គ្រាប់ទៅកប់ក្រោមដី ដែលមានចម្ងាយជិត ១ពាន់ម៉ែត្រពីទីកន្លែងការដ្ឋានសាងសង់ផ្លូវ មុនពីរថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៩ ពីខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិន។
អ្នកភូមិជាសាក្សីបានថ្លែងថា កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១១ លោកស្រី ស្រី ចាន់ថន ត្រូវជាប្រពន្ធលោក គឹម សាធ បានចុះទៅដងទឹកអូរដែលមានចម្ងាយពីផ្ទះរបស់ខ្លួនរស់នៅប្រហែល ១០ម៉ែត្រ ហើយបានប្រទះឃើញគ្រាប់មីននៅក្នុងភក់ជាប់មាត់អូរ។ សាក្សីបានបន្តថា ក្រោយមក លោកស្រី ចាន់ថន បានប្រាប់អ្នកភូមិ។ ចំណែកឯអ្នកភូមិក៏នាំគ្នាច្រើននាក់ទៅមើល នៅពេលនោះ លោក គឹម សាធ ក៏ចុះទៅរើសយកមីននោះចេញ យកទៅដាក់កប់ដីក្បែរគល់ឈើ លុះដល់វេលាម៉ោង ៨យប់ថ្ងៃដដែល ស្រាប់តែមានសមត្ថកិច្ចប៉ូលិសចុះទៅចាប់ខ្លួនលោក គឹម សាធ។
សាក្សីបន្ថែមទៀតថា ៖ «ប្តីមកដល់ប្រាប់ថា ឯងអើយ! ខ្ញុំជាន់មីនផ្អៀង រួចថា សំណាងណាស់! ក៏និយាយមួយម៉ាត់ពីរម៉ាត់ទៅ ក៏កាន់មីនហ្នឹងពីក្រោមមកលើ ក៏ថា ដាក់ហ្នឹង ហើយក៏ថា ដាក់ហ្នឹងមិនកើតទេ យកទៅកើតទៅ កើតថ្នល់ទៅ លើដីទួលហ្នឹង លើគល់ឈើហ្នឹង»។
ប្រធានសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុក ដែលមានមូលដ្ឋាននៅខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា បានមានប្រសាសន៍ថា គ្រាប់មីនដែលលោក គឹម សាធ រើសចេញពីមាត់អូរក្បែរផ្ទះនោះ គឺមីនដែលនៅសេសសល់ពីសម័យសង្គ្រាម។
លោកបន្តថា លោក គឹម សាធ ពុំមានចេតនាទុច្ចរិតក្នុងការរើសយកមីននោះទៅធ្វើអ្វីនោះទេ ៖ «គួរតែតុលាការធ្វើការពិចារណា និងធ្វើការស៊ើបអង្កេត ហើយនិងសុំដោះលែងគាត់ ព្រោះយើងឃើញថា គាត់មិនមានចេតនាទុច្ចរិតក្នុងការធ្វើផ្ទុះ ឬក៏ជាគំនិតមួយជាមីនកែច្នៃអី។ មីនហ្នឹងវាកប់នៅក្នុងសម័យសង្គ្រាម»។
លោក គឹម សាធ បច្ចុប្បន្នត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ។
ប្រភពពីមន្ត្រីសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា លោកស្រី ចាន់ថន ត្រូវជាភរិយាលោក គឹម សាធ នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១១នេះ កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក ដើម្បីស្នើសុំទៅតុលាការខេត្តបន្ទាយមានជ័យ ធ្វើការដោះលែងលោក គឹម សាធ ឲ្យមានសេរីភាពឡើងវិញ៕