និពន្ធ​នាយក​កាសែត​ព្រៃ​នគរ​ត្រូវ​គេ​ដកហូត​លិខិត​ឆ្លងដែន

និពន្ធ​នាយក​កាសែត ព្រៃ​នគរ ព្រះនាម ថាច់ ស្រីជាឃឿន ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​គង់​នៅ​វត្ត​អង្គ​តាមិញ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​មាន​ថេរ​ដីកា​ថា ព្រះចៅ​អធិការ​វត្ត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា បាន​ដកហូត​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណប័ណ្ណ​សង្ឃ​របស់​ព្រះអង្គ។
ដោយ តាំង សារ៉ាដា
2010-09-01
Share

ព្រះអង្គ​មាន​ថេរ​ដីកា​ថា ចំណាត់​ការ​របស់​ចៅ​អធិការ​វត្ត​អង្គ​តាមិញ​មក​លើ​ព្រះអង្គ ធ្វើ​ឡើង​តាម​ការ​ស្នើ​របស់​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។

ព្រះអង្គ​មាន​ថេរ​ដីកា​ថា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​កន្លង​មក លោក គឹម ប៊ុនឆេង មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​ទីប្រឹក្សា​របស់​លោក ស ខេង រដ្ឋមន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ បាន​ទូរស័ព្ទ​សុំ​ឲ្យ​ព្រះអង្គ​ធ្វើ​លិខិត​សន្យា​ឈប់​សរសេរ ឬ​ចេញ​ផ្សាយ​កាសែត​ព្រៃនគរ ដោយ​មន្ត្រី​រូប​នោះ​ចោទ​ប្រកាន់​ថា កាសែត​ព្រៃ​នគរ​តែង​ចេញ​ផ្សាយ​អត្ថបទ​របស់​ខ្លួន វាយ​ប្រហារ​រដ្ឋាភិបាល។

ព្រះអង្គ ថាច់ ស្រីជាឃឿន បាន​សម្ដែង​ការ​ភ័យ​ខ្លាច និង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​នេះ ៖ «យើង​ចេះ​តែ​មាន​ការ​ភ័យ​ព្រួយ​ដែរ ព្រោះ​អី​ឯកសារ ប៉ាស្ព័រ ចៅ​អធិការ​លោក​ដក​ទុក​ហើយ! យើង​ក៏​អត់​មាន​សិទ្ធិ​អី​ដើរ​ហើរ ទៅ​ណា​ទៅ​ណី! កាសែត​អាត្មា​គឺ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន​ត្រឹមត្រូវ ហើយ​គេ​ទៅ​ចោទ​ប្រកាន់​អ៊ីចេះ​អ៊ីចុះ!»

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា កាសែត​នេះ​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ព័ត៌មាន។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ នៅ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ដកហូត​លិខិត​ឆ្លងដែន និង​អត្តសញ្ញាណ​ប័ណ្ណ​សង្ឃ​របស់​ព្រះតេជគុណ ថាច់ ស្រីជាឃឿន បាន​ទេ។

ព្រះតេជគុណ ថាច់ ស្រីជាឃឿន មាន​ថេរ​ដីកា​ថា កាល​ពី​ខែ​មេសា កម្លាំង​ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​ឡោមព័ទ្ធ​ព្រះអង្គ ខណៈ​ព្រះអង្គ​កំពុង​គង់​ក្នុង​វត្ត​បទុមវតី ដោយសារ​ព្រះអង្គ​ឲ្យ​ក្មេង​ចែក​កាសែត​ព្រៃនគរ​ដល់​សាធារណជន​ដោយ​ឥត​គិត​ថ្លៃ ហើយ​ក្រុម​អាជ្ញាធរ​បាន​ចោទ​ព្រះអង្គ​ថា ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​នយោបាយ។ ព្រះអង្គ​ក្រោយ​មក​ត្រូវ​បាន​ចៅ​អធិការ​វត្ត​បទុមវតី បណ្ដេញ​ចេញ​ពី​វត្ត៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល