គណបក្ស​សង្គម​ខ្មែរនិយម​កំពុង​រង់ចាំ​ការសម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គម​ខ្មែរនិយម បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​រង់ចាំ​មើល​ការកាត់​សេចក្តី​សម្រេច​ជា​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា​តើ​គណបក្ស​របស់​លោក​នឹង​អាច​មាន​ឱកាស​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​ដែរ ឬ​យ៉ាងណា ។

លោក ទិត្យ ថា អគ្គលេខាធិការ​គណបក្ស​សង្គម​ខ្មែរនិយម​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ចន្ទ ទី២៦ ឧសភា​នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ នឹង​កាត់សេចក្តី​ជា​សាធារណៈ​លើ​ជោគ​វាសនា​គណបក្ស ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​នោះ ។

លោក ទិត្យ ថា មាន​ប្រសាសន៍​ថា ៖ «ថ្ងៃ​ចន្ទ​គេ​បើក​សវនាការ​ហើយ នៅ​អគារស​វិមាន​រដ្ឋ​ចំការមន មើល​ទៅ​ការ​ខុស​ឆ្គង​មិន​ជា​ធ្ងន់ធ្ងរ​ទេ គ្រាន់​តែ​ថា​បេក្ខជន​ខ្វះ មិន​បាន​បង្គ្រប់​សម្រាប់​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ហ្នឹង ប៉ុន្តែ​បេក្ខជន​ដែល​ខ្វះ​ហ្នឹង ខ្ញុំ​បាន​បញ្ជាក់​ក្រុម​ប្រឹក្សា​ឃុំ ដូច​ខ្ញុំ​ជម្រាប ២-៣​ដង​ហើយ​ថា ក្រុម​ប្រឹក្សា​ឃុំ គាត់​អ្នក​បញ្ជាក់​ឲ្យ​យើង​ថា មាន​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រឹមត្រូវ ប៉ុន្តែ​ដល់​បញ្ជាក់​ពី​ឃុំ​មក​ហើយ មក​ដល់ គជប គេ​ថា​អត់​មាន ។ បើ​មើល​ទៅ​កំហុស​ហ្នឹង គជប បន្តិច​ទៅ យើង​បន្តិច​ទៅ រួម​គ្នា​បាន​ខុស​ទៅ​កើត ។ បើ​យោង​ទៅ​តាម​ការ​ខុស​ឆ្គង​ដោយ​អចេតនា​ហ្នឹង ខ្ញុំ​នឹក​ឃើញ​ថា ប្រហែល​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អធ្យាស្រ័យ»

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា ធ្លាប់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន វិទ្យុ​អាស៊ីសេរី​ថា គ.ជ.ប. ក៏នៅ​រង់ចាំ​ការសម្រេច​សេចក្តី​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ជាចុងក្រោយ​ដើម្បី​ប្រកាស​សមាសភាព​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​នេះ ជាផ្លូវការ ។

សូមបញ្ជាក់​ថា គ.ជ.ប. បាន​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន ១១​ហើយ​ក្នុង​ចំណោម​គណបក្ស ចំនួន ១២ ដែល​បាន​ដាក់ពាក្យ​សុំ​ចូលរួម​នៅ គ.ជ.ប. នោះ ហើយ​នៅថ្ងៃ​ពុធ ទី​៣០ ខែ​ឧសភា ខាងមុខនេះ គ.ជ.ប. នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លេខរៀង​គណបក្ស​នយោបាយ សម្រាប់​ការបោះពុម្ព​លើ​សន្លឹក​ឆ្នោត ៕