ពលរដ្ឋ​ឡើង​មក​តវ៉ា​រឿង​ដី​នៅ​ភ្នំពេញ​មិន​ត្រឡប់​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក

ដោយ វណ្ណ វិចារ
2014.09.23
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មាន​ជម្លោះ​ដី នៅ​វត្ត​ស្ទឹងមានជ័យ ៦២០ ព្រះសង្ឃ​ផ្ដល់​ឱវាទ​ដល់​ពលរដ្ឋ​មាន​ជម្លោះ​ដី​មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១៤។
RFA/Van Vichar

រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ធ្វើ​បុណ្យ​ធ្វើ​ទាន ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​រៀងៗ​ខ្លួន។ ក៏ប៉ុន្តែ​យោធិន​ពិការ និង​អតីត​យោធិន​កាត់​រំសាយ នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​មក​ស្នាក់​នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ដីធ្លី​នោះ នៅ​ក្រាញននៀល​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ធ្វើ​បុណ្យ​ទាន​នៅ​ស្រុក​ខ្លួន​ដូច​គេ​ឯង​ទេ ដ៏​រាប​ណា​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពួកគាត់។

​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​យោធា​ខ្មែរ​ក្រហម​ប្រមាណ​ជាង ៦០​គ្រួសារ ស្មើ​នឹង​ជាង ៨០​នាក់ សុខ​ចិត្ត​ធ្វើបុណ្យ​ភ្ជុំ​ក្នុង​វត្ត​ស្ទឹងមានជ័យ ឆ្ងាយ​ពី​ផ្ទះសំបែង ឆ្ងាយ​ពី​កូន​ប្រពន្ធ​ប្តី​សី ក៏​ព្រោះតែ​រង់ចាំ​ដំណោះស្រាយ​បញ្ហា​ដី​ធី​ពី​សំណាក់​អាជ្ញាធរ។ ពលរដ្ឋ​ទាំង​នោះ​ប្រាប់​ថា ទោះ​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធី​បុណ្យ​ធំ​យ៉ាង​ណា​ក្តី ក៏​ពួកគាត់​មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ព្រោះតែ​ខ្លាច​ទៅ​ផ្ទះ​ហើយ​ពិបាក​ត្រឡប់​មក​តវ៉ា​វិញ។

​តំណាង​ប្រជាពលរដ្ឋ លោក លី ខ្លី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង​អស់​ចង់​ទៅ​រស់​នៅ​ផ្ទះ​សំបែង​វិញ​ណាស់ ជាពិសេស​ចង់​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ជួបជុំ​គ្រួសារ។ ប៉ុន្តែ​ពួកគាត់​មិន​មាន​សោហ៊ុយ​សំរាប់​ធ្វើ​ដំណើរ​ទៅ​ទេ ហើយ​បើ​ប្រថុយ​ទៅ​ផ្ទះ​វិញ ពួកគាត់​ខ្លាច​អាជ្ញាធរ​ខេត្ត​រាំង​ខ្ទប់​មិន​ឲ្យ​មក​តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី​ទៀត។

​លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ត្រឹមតែ​សន្យា​ថា នឹង​ដោះស្រាយ ប៉ុន្តែ​ផ្លែផ្កា​នៃ​ដំណោះស្រាយ​នោះ​មិន​ទាន់​មាន​នៅ​ឡើយ៖ «ភ្ជុំ​ហ្នឹង​ធំ​ណាស់​ពេល​ជួបជុំ​គ្រួសារ​ពេល​ភ្ជុំ​បិណ្ឌ​នោះ​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច មាន​តែ​នៅ​តវ៉ា អ៊ីចឹង​ទៅ។ បើ​មិន​បាន​ដី​ធ្លី​ទេ​មាន​តែ​ទៅ​រស់​នៅ​ស្រុក​គេ​ហើយ»

​ប្រជាពលរដ្ឋ​ទាំង​ជាង ៦០​គ្រួសារ កំពុង​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ ដោយ​ក្រាល​តង់​កៅស៊ូ​សម្រាក​នៅ​ខាង​ក្រោយ​កុដិ​លេខ​១៩ ជាប់​មាត់​ស្រះ​វត្ត​ស្ទឹងមានជ័យ។ អ្នកខ្លះ​ពិការ​ជើង​១​ខាង អ្នក​ខ្លះ​ពិការ​ជើង​ទាំង​សង​ខាង ខ្លះ​ទៀត​ពិការ​ភ្នែក​ក៏​មាន។ ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នេះ តំណាង​ឲ្យ​យោធិន​កាត់​រំសាយ​យោធិន​ពិការ គ្រួសារ​យោធិន​ពលី​ទាំង ២៣០​គ្រួសារ ជា​អតីត​កងកម្លាំង​ទាហាន​ខ្មែរ​ក្រហម​ក្រោម​បញ្ជា​របស់​អតីត​មេ​ខ្មែរ​ក្រហម លោក សុខ ភាព នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

អតីត​ទាហាន​ខ្មែរ​ក្រហម​ទាំង​នោះ​ឲ្យ​ដឹង​ថា ពួកគាត់​បាន​ទទួល​ដីធ្លី​ជា​របប​គោលនយោបាយ​ពី​លោក ហ៊ុន សែន ក្នុង​១​គ្រួសារ ៥​ហិកតារ​តាំង​ពី​ឆ្នាំ​១៩៩៧។ ពលរដ្ឋ​រស់​នៅ​និង​បង្ក​បង្កើន​ផល​រហូត​ដល់​ឆ្នាំ​២០០៦ ទើប​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​គ្នា​ជាមួយ​មេ​ទាហាន​សក្ដិ​ធំ​ពីរ​នាក់ យក​ដីធ្លី​នោះ​ទៅ​លក់​ឲ្យ​ឈ្មួញ​បាត់​ទៅ​ហើយ។ ពលរដ្ឋ​ទាំង​នោះ​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង ដាក់​ញត្តិ​ទៅ​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដូចជា​ក្រសួង​ការពារ​ជាតិ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី សាល​ដំបូង​ខេត្ត​បន្ទាយមានជ័យ និង​សាលា​ខេត្ត​បន្ទាយមានជ័យ​ជាដើម។

​ទាក់ទង​នឹង​ដំណោះស្រាយ​បញ្ហា​នេះ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ឱម ចន្ថា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ធ្វើ​ដំណើរ​តាំងពី​ខេត្ត​បន្ទាយមានជ័យ មក​ជួប​ពលរដ្ឋ​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ លោក​ក៏​សន្យា​ថា នឹង​នាំ​យក​ក្តី​កង្វល់​របស់​ពលរដ្ឋ​ទៅ​ជូន​ថ្នាក់​លើ​បន្ត​ទៀត។

​យ៉ាងណាមិញ ព្រះតេជព្រះគុណ សឺន ហាយ ដែល​ទទួល​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ស្នាក់នៅ​វត្ត​ស្ទឹងមានជ័យ មាន​ថេរដីកា​ថា អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ទាក់ទង​មក​ព្រះ​អង្គជា​ច្រើន​ដង​ច្រើន​សា ដើម្បី​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ព្រះអង្គ​បន្ត​ថា មន្ត្រី​រូប​នោះ​អះអាង​ថា ញត្តិ​របស់​ពលរដ្ឋ​បាន​ទៅ​ដល់ដៃ​លោក ហ៊ុន សែន និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ រួច​ហើយ។ តែ​មិន​ទាន់​មាន​ផ្លែផ្កា​នោះ​ទេ ហើយ​បើ​សិន​ជា​មាន​ដំណោះស្រាយ​សមរម្យ​ពេល​ណា ពលរដ្ឋ​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម។

​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​នេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ក៏​បាន​ចុះទៅ​សួរ​សុខ​​​ទុក្ខ​អតីត​យោធា​ខ្មែរ​ក្រហម​ទាំង​នោះ​ក្នុង​វត្ត​ស្ទឹងមានជ័យ​ដែរ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​តស៊ូ​ដោយ​ភាព​អត់ធ្មត់​និង​អហិង្សា។ លោក​សន្យា​ថា នឹង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

ផ្ទុយ​គ្នា​ពី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​ឱកាស​ភ្ជុំបិណ្ឌ​នេះ ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​វាំងចាស់ អតីត​រាជធានី​ឧត្តុង្គ។ នៅ​ទី​នោះ លោក ហ៊ុន សែន បាន​ប្រគេន​បច្ច័យ​បួន​ដល់​ព្រះសង្ឃ និង​ធ្វើ​ទាន​ចំពោះ​ដូនជី តាជី ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល