សន្តិសុខក្រុមហ៊ុនភាពីម៉ីចបាញ់គំរាមពលរដ្ឋនៅពោធិ៍សាត់
2011.03.29
ជំទប់ទី១ ឃុំឈើតុំ គឺលោក រឿន វ៉ាន់ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី២៩ មីនា ថាប្រជាពលរដ្ឋជាច្រើនបានរាយការណ៍ប្រាប់លោកអំពីសកម្មភាពរបស់កងសន្តិសុខក្រុមហ៊ុនភាពីម៉ិច (PHEAPIMEX GROUP) ថាបានប្រើកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋដែលទៅរកអុសមកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ បណ្ដាលឲ្យអ្នកភូមិមានការភ័យខ្លាចយ៉ាងខ្លាំង។ លោកបន្តថា សូម្បីតែចិនដែលមិនចេះខ្មែរមួយម៉ាត់ ក៏មានកាំភ្លើងប្រើផងដែរ ៖ «រឿងក្រុមហ៊ុនចិនហ្នឹងមានកាំភ្លើងរញ៉េរញ៉ៃសម្បើមហើយ។ក្នុងការប្រជុំគណៈបញ្ជាការឯកភាពគេនិយាយថាកាំភ្លើងនេះ ក្រុមហ៊ុនទិញឲ្យសន្តិសុខ និងកម្មករគេប្រើ។ កន្លងមកមានបាតុភាពរឿងបាញ់សម្លុតប្រជាពលរដ្ឋ។ ហើយសូម្បីតែជនជាតិចិនសុទ្ធសាធក៏មានកាំភ្លើងខ្លីប្រើដែរ។ ថ្ងៃមុនចិនហ្នឹងបានដកកាំភ្លើងវ៉ៃក្បាលប្រជាពលរដ្ឋម្នាក់ទៀតផង នៅពេលវាចាប់បានគាត់ដឹកឈើពីក្នុងព្រៃ...»។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកក្រគរ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងសន្តិសុខក្រុមហ៊ុនភាពីម៉ិចនៅការដ្ឋាននានា ក្នុងស្រុកក្រគរ សុទ្ធតែមានកាន់កាំភ្លើង។ ប្រភពដដែលបានឲ្យដឹងដែរថា ភាគច្រើននៃកម្លាំងសន្តិសុខក្រុមហ៊ុន គឺជាមន្ត្រីប៉ូលិស ដែលចូលនិវត្តន៍។
ទាក់ទិននិងរបាយការណ៍របស់ជំទប់ទី១នេះ មេឃុំឈើតុំ លោក ធីម ង៉ុក បដិសេធថា លោកពុំបានដឹងបញ្ហានេះទេ។ លោកមេឃុំបន្តថា អាជ្ញាធរឃុំពុំមានសិទ្ធិក្នុងការគ្រប់គ្រង ឬត្រួតពិនិត្យនៅក្នុងការដ្ឋានរបស់ក្រុមហ៊ុននោះទេ ៖ «ខ្ញុំក្ដាប់តែប្រជាពលរដ្ឋទេ រឿងក្រុមហ៊ុនចិនគេមិនដែលរាយការណ៍មកឲ្យខ្ញុំផង។ ខ្ញុំមិនបានដឹងទេ គេលាក់ការ គេអីមិនដឹង! ខ្ញុំអត់បានដឹងសោះតែម្ដង...»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនភាពីម៉ិច គឺលោក ទី គឹមតុក បានទេនៅថ្ងៃទី២៩ មីនានេះ ដោយម្ចាស់ទូរស័ព្ទលេខ ០១២ ៤៣៩ ២០៧ បដិសេធថា ខ្លួនពុំមែនជាលោក ទី គឹម តុក នោះទេ។
ចំណែកអធិការនគរបាលស្រុកក្រគរ លោក លែន សុង មានប្រសាសន៍ថា សុំឲ្យប្រជាពលរដ្ឋដែលរងការគំរាមកំហែងពីសំណាក់ជនប្រដាប់អាវុធទាំងនោះដាក់បណ្ដឹងមកអធិការដ្ឋាននគរបាលជាបន្ទាន់ ដើម្បីឲ្យលោកមូលដ្ឋានក្នុងការចុះស្រាវជ្រាវបញ្ហានេះ ៖ «ខ្ញុំមិនដឹងដែរ ខាងក្រុមហ៊ុនគេមានកម្លាំងសន្តិសុខអីរបស់គេនោះ។ តាមច្បាប់គេមិនអាចកាន់អាវុធអីនោះទេ។ តែក្រែងគេបានសុំច្បាប់ទៅថ្នាក់លើអីទៀតក៏ខ្ញុំមិនដឹងដែរ...»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មានការភ័យខ្លាចដោយនៅក្នុងឃុំឈើតុំ មានការដ្ឋានរបស់ក្រុមហ៊ុនភាពីម៉ិចចំនួន ១០កន្លែង ហើយកងកម្លាំងសន្តិសុខដែលយាមការដ្ឋាននីមួយៗ សុទ្ធតែប្រដាប់ដោយកាំភ្លើងគ្រប់គ្នា៕