លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍ទៅកាន់មន្ត្រីនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៣១ ខែមករា ថា មន្ត្រីនគរបាលទាំងអស់ត្រូវតែអនុវត្តន៍សារាចរណែនាំលេខ០១ (សនណ) របស់សាលាក្រុងភ្នំពេញ ចុះថ្ងៃទី១៧ ខែមករា កន្លងមកនេះ។
លោក ជួន សុវណ្ណ៖ «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់មិនឲ្យការដុតផាវ កាំជ្រួច ឬក៏បង្កស្នូរផ្ទុះគ្រប់ប្រភេទក្នុងឱកាសថ្ងៃបុណ្យ (ចូលឆ្នាំចិន និងវៀតណាម)។ អីចឹងទេ ដើម្បីធ្វើកិច្ចការងារនេះឲ្យបានល្អ គឺខាងនាយកដ្ឋានកណ្ដាលសន្តិសុខប្រឆាំងបទល្មើស ការិយាល័យសេដ្ឋកិច្ច និងអធិការខណ្ឌទាំង៩ គឺត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ កុំឲ្យមានការនាំចូលផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ហើយត្រួតពិនិត្យដកហូតវត្ថុទាំងនេះតាំងលក់នៅក្នុងទីផ្សារ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ សុំឲ្យប្រជាពលរដ្ឋនានានៅរាជធានីភ្នំពេញ រក្សាការប្រុងប្រយ័ត្នក្នុងការដុតទានធូប ដែលអាចបណ្ដាលឲ្យឆេះផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។