ស្នងការប៉ូលិសខែត្រកណ្តាល លោក អៀវ ចំរើន មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី៣០ វិច្ឆិកានេះថា ប៉ូលិសកំពុងតែតាមស្វែងរកចាប់សមាជិកក្រុមក្មេងដែលបានចាប់រំលោភបូក នារី២នាក់កាលពីថ្ងៃទី២៨ វិច្ឆិកា ជាបន្តទៀត ចំពោះក្រុមក្មេងដែលចាប់បាន៤នាក់មុននេះនឹងត្រូវបញ្ជូនទៅតុលាការ។
លោក កេត វ៉ាន់ថា នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកតាខ្មៅ ខែត្រកណ្តាល បានឲ្យដឹងថា យោងតាមការរៀបរាប់របស់ជនរងគ្រោះនិងចម្លើយសារភាពរបស់ជនល្មើស ដែលចាប់បានក្រុមក្មេងស្ទាវចំនួន ១៤នាក់ដែលមានអាយុពី១៥ឆ្នាំឡើងទៅ បានចាប់នារី២នាក់ដែលបានទៅលេងបងប្អូននៅភូមិព្រែកហូរ ដោយស្ទាក់ផ្លូវ ហើយអូសដៃខ្ទប់មាត់ យកទៅរំលោភនៅក្នុងបន្ទប់សាលារៀនព្រែកហូរ កាលពីម៉ោងប្រមាណ ៨និង៣០នាទី យប់ថ្ងៃទី២៨ វិច្ឆិកា។
លោកអនុសេនីយ៍ទោ កេត វ៉ាន់ថា មានប្រសាសន៍ប្រាប់ដូច្នេះ ៖ «ដំបូង ស្រី២នាក់ហ្នឹង អាយុទើប២០ឆ្នាំទេ ហើយផ្ទះនៅចាក់អង្រែលើ ដល់ហើយទៅនាងហ្នឹងថា មានស្គាល់ឈ្មោះ ពៅ នៅបន្ទាយព្រែកហូរ ហើយនាងហ្នឹងឧស្សាហ៍ទៅលេង ៤-៥ដងហើយ នេះជាលើកទី៦។ ដល់ពេលធ្វើដំណើរជិះរ៉ឺម៉កមកដល់ព្រែកហូរហ្នឹង ក៏ចូលហូបបង្អែម ដល់ចូលហូបបង្អែម យកលុយឲ្យថ្លៃបង្អែមហ្នឹង ក៏បាត់ ២០ដុល្លារ ហើយក៏នាំគ្នាដើររក។ ពេលដែលដើររកចុះឡើងៗនៅមុខខ្លោងទ្វារវត្តហ្នឹង ក៏ជួបក្មេងស្ទាវ ដំបូងថា ៣-៤នាក់ទេ ក៏បានសួរនាងទាំងពីរហ្នឹងថា ដើររកអី ឃើញដើរចុះឡើងៗហ្នឹង? នាងហ្នឹងក៏បានប្រាប់ថា ដើររកលុយជ្រុះបាត់ បន្ទាប់ពីសួរបានប៉ុណ្ណឹងទៅ ក្មេងស្ទាវៗវាមានគំនិតអាក្រក់នោះ ក៏ចាប់បបួលនាងហ្នឹងថា ទៅរកហូបអី ស៊ុបអីៗអ៊ីចឹងទៅ នាងហ្នឹងប្រកែក ក៏ចាប់អូសដៃ ខ្លះខ្ទប់មាត់អីយកទៅក្រោយទៅ»។
ប៉ូលិសចាប់បានក្រុមក្មេងស្ទាវចំនួន៤នាក់ ហើយកំពុងតាមរកចាប់សមាជិកក្រុមចំនួន១០នាក់ទៀត។
តាមរបាយការណ៍ប៉ូលិស នារីទាំង២ បានត្រូវក្រុមក្មេងស្ទាវ៨នាក់ក្នុងចំណោម១៤នាក់រំលោភបានសម្រេច មុនដែលកម្លាំងប៉ូលិស ចុះអន្តរាគមន៍ជួយទាន់៕
