ឃាត់ខ្លួនប៉ូលិសបាញ់សម្លាប់អ្នកនេសាទម្នាក់នៅស្រុកស្អាង
2011.02.02
ប្រភពពីអាជ្ញាធរជាមេឃុំក្រាំងយ៉ូវ និងអភិបាលស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងថា នគរបាលមូលដ្ឋានបានចាប់ខ្លួនជនសង្ស័យឈ្មោះ វិត ឈឿន ជានគរបាលមូលដ្ឋាននៅថ្ងៃដែលមានការបាញ់សម្លាប់អ្នកនេសាទនោះ កាលពីថ្ងៃទី៣១ ខែមករា។
អភិបាលស្រុកស្អាង ខេត្តកណ្ដាល លោក គឹម ច័ន្ទគិរី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែកុម្ភៈថា ជនល្មើសកំពុងតែឃុំខ្លួននៅក្នុងគុក រង់ចាំការកាត់ទោស ហើយសំណុំរឿងឃាតកម្មនេះ កំពុងតែប្រមូលសាក្សី និងភស្តុតាងជូនតុលាការ។
លោកឲ្យដឹងបន្ថែមថា ៖ «យើងមិនដែលលើកទឹកចិត្តឲ្យមានរឿងអស់ហ្នឹងទេ។ ធាតុពិតគឺថា ការណែនាំ ការអប់រំអំពីវិន័យរបស់កងកម្លាំងនគរបាល អំពីសីលធម៌ អំពីកិច្ចប្រតិបត្តិការ យើងសុទ្ធតែណែនាំច្បាស់លាស់ណាស់ ប៉ុន្តែរឿងខ្លះវាជារឿងបុគ្គល អ៊ីចឹងទេ យើងបានចាត់ការតាមផ្លូវច្បាប់ហើយ»។
មេឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល លោក លុន លាង បានមានប្រសាសន៍ឲ្យដឹងថា អាជ្ញាធរមូលដ្ឋានបានប្រមូលថវិកាបានចំនួនប្រមាណ ១.០០០ដុល្លារអាមេរិកថ្មីៗនេះ ដើម្បីឧបត្ថម្ភដល់គ្រួសារសពដែលមានជីវភាពក្រីក្រ ៖ «ជួយទាំងអ្នករងរបួសបានជាង ១.០០០ (ដុល្លារអាមេរិក) ដែរ ជួយទាំងអ្នករងរបួស និងអ្នកស្លាប់។ ម្នាក់ជាង ២លាន (រៀល) ដែរ បានទាំងអង្ករ»។
ម្ដាយរបស់ជនរងគ្រោះឈ្មោះ សាន សេង គឺលោកស្រី សុខ ហុង អាយុ ៦០ឆ្នាំ បានថ្លែងថា លោកស្រីសាទរចំពោះការចាប់ខ្លួននេះ ៖ «ខ្ញុំសុំតែ ១ម៉ឺន (ដុល្លារ) ឲ្យឯកឧត្ដមជួយក្នុងហ្នឹង ហើយឯកឧត្ដមត្រូវដាក់គុកដាក់ច្រវាក់ម៉េចស្រេចតែឯកឧត្តម ពីព្រោះប្រពន្ធគ្នាពិការ»។
កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅនេះ ជនសង្ស័យឈ្មោះ វិត ឈឿន ដែលជានគរបាលមូលដ្ឋាននៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានបាញ់រះដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បណ្ដាលឲ្យចំដើមទ្រូងឈ្មោះ សាន សេង ស្លាប់ភ្លាមៗ និងពីរនាក់ទៀតរងរបួសចំក្បាលជង្គង់ និងចំដៃ។
អ្នកនេសាទត្រីទាំង ៣នាក់នោះ បានស្រែកប្រាប់នៅមុនពេលបាញ់ប្រហារថា គេបានបង់ប្រាក់រួចហើយ ជាថ្នូរនឹងការនេសាទខុសច្បាប់នេះ៕